នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង៖ ថ្ងៃនេះវា៉ក់សាំងកូវីដ ដំបូងគេដែលដឹកមកដល់កូរ៉េខាងត្បូង នឹងក្លាយជាជំហានដំបូងបង្អស់ ដើម្បីអាចឈានទៅរកជីវិតធម្មតាវិញនៅមុនកូវីដ

កូរ៉េខាងត្បូង៖ ការដឹកវ៉ាក់សាំងកូវីដ-១៩ មកដល់ជើងដំបូងនៅប៉ុន្មានថ្ងៃទៀតនេះ នឹងក្លាយជាជំហានដំបូងបង្អស់ ក្នុងដំណាក់កាលជាច្រើនទៀត សម្រាប់អាចឱ្យប្រទេស សង្គម និងសេដ្ឋកិច្ចកូរ៉េខាងត្បូងឈានទៅរកដំណាក់កាលធម្មតាជាប្រក្រតីនៅមុនពេលមានជំងឺកូវីដវិញ នេះបើតាមការបញ្ជាក់ដោយជឿជាក់របស់លោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង រាយការណ៍ក្នុងសារព័ត៌មាន Yonhap News។

«យើងនឹងចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងជាប្រវត្តិសាស្រ្តដំបូងបង្អស់នៅថ្ងៃសុក្រនេះហើយ ជាមួយនឹងវ៉ាក់សាំងដែលនឹងត្រូវដឹកមកដល់កូរ៉េខាងត្បូងនាថ្ងៃនេះ។ នេះនឹងក្លាយជាជំហានសំខាន់ដំបូងបង្អស់សម្រាប់ការឈានត្រឡប់ទៅរកសភាពប្រក្រតីធម្មតាជាថ្មីនៃជីវិតប្រចាំថ្ងៃ ដែលយើងទាំងអស់គ្នាទន្ទឹងរង់ចាំជាយូរមកហើយនោះ» លើកឡើងដោយនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក ឈុង​ ស៊ីឃ្យ៉ុង (Chung Sye-kyun) ក្នុងកិច្ចប្រជុំអន្តរក្រសួងមួយនៅព្រឹកថ្ងៃពុធនេះ។

តាមគម្រោងរបស់រដ្ឋាភិបាល កូរ៉េខាងត្បូងនឹងចាប់ផ្តើមកម្មវិធីផ្តល់វ៉ាក់សាំងដំបូងគេជាមួយនឹងវ៉ាក់សាំង AstraZeneca របស់ចក្រភពអង់គ្លេស និងស៊ុយអែតនៅថ្ងៃសុក្រទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះហើយ ខណៈដែលវ៉ាក់សាំងនឹងត្រូវចាប់ផ្តើមដឹកជញ្ជូនមកដល់បណ្តើរៗនៅថ្ងៃនេះហើយ ពីក្រុមហ៊ុនឱសថសាស្រ្តក្នុងស្រុកមួយគឺ SK Bioscience Co. ដែលបានចុះកិច្ចព្រមព្រៀងដៃគូជាមួយក្រុមហ៊ុន AstraZeneca ក្នុងការផលិតក្នុងស្រុកកូរ៉េនេះ។

វ៉ាក់សាំងនេះត្រូវបានគេចាត់ទុកថាមានភាពងាយស្រួលក្នុងការផ្តល់ដល់មហាជនទូទៅដោយសារតែស្ថានភាពងាយស្រួលក្នុងការរក្សាទុកត្រឹមសីតុណ្ហភាពចន្លោះពី២ ទៅ៨អង្សាសេប៉ុណ្ណោះ ប្រៀបទៅនឹងវ៉ាក់សាំងកូវីដមួយចំនួនដូចជារបស់ក្រុមហ៊ុន Pfizer ដែលត្រូវការសីតុណ្ហភាពរក្សាទុកត្រជាក់ខ្លាំង ដោយត្រូវឱ្យមានសម្ភារៈបរិក្ខាពិសេសដោយឡែកសម្រាប់ធ្វើការទុកដាក់។

រដ្ឋាភិបាលកូរ៉េ ជាពិសេសអជ្ញាធរជំនាញទទួលបន្ទុកលើកម្មវិធីចាក់វ៉ាក់សាំងនេះ បានរៀបចំផែនការយ៉ាងលម្អិត ធានាថាដំណាក់កាលនីមួយៗនៃកម្មវិធីផ្តល់វ៉ាក់សាំងអាចប្រព្រឹត្តទៅបានដោយរលូន និងគ្មានបញ្ហា តាំងពីដំណាក់កាលដឹកជញ្ជូនមកដល់ ដំណាក់កាលរក្សាទុក ដំណាក់កាលចែកចាយក្នុងស្រុក និងដំណាក់កាលផ្តល់វ៉ាក់សាំងតែម្តង។

បើតាមការបញ្ជាក់របស់អជ្ញាធរ យ៉ាងហោចណាស់មនុស្សចំនួន ២៨៩,២៧១នាក់ ឬប្រមាណ៩៣.៦% នៃអ្នកជំងឺ និងបុគ្គលិកធ្វើការនៅមណ្ឌលចាស់ជរា មន្ទីរពេទ្យ និងមណ្ឌលស្តារនីតិសម្បទា នឹងត្រូវទទួលវ៉ាក់សាំងរបស់ AstraZeneca នេះដូសដំបូង និងត្រូវទទួលវ៉ាក់សាំងម្តងទៀតនាពេលកំណត់ខាងមុខ។

Leave a Reply

Your email address will not be published. Required fields are marked *