នៅផ្ទះម្តាយទីទៃ​ នៅព្រៃម្តាយតែមួយ ! ករណីពលករខ្មែរដែលមានបញ្ហាសតិអារម្មណ៍ ឥឡូវធូរជាងមុនបន្តិចហើយ ហើយមិត្តនាំគ្នាមកជួយដេកយាមមើល ខ្លាចដើរចេញទៅក្រៅទៀត

កូរ៉េខាងត្បូង៖ ករណីពលករខ្មែរយើងម្នាក់ដែលមានបញ្ហាសតិអារម្មណ៍ ហើយត្រូវបានក្រុមការងារស្ថានទូតកម្ពុជាធ្វើការទំនាក់ទំនងទៅថៅកែ និងអ្នកពាក់ព័ន្ធដើម្បីជួយសម្រួល និងដោះស្រាយជូននោះ ពេលនេះស្ថានភាពគាត់មានភាពប្រសើរឡើងវិញខ្លះហើយ ហើយកំពុងត្រូវបានមិត្តភក្តិរបស់គាត់ជួយមើលថែទាំផ្ទាល់ដោយប្រុងប្រយ័ត្នជាទីបំផុត បើតាមការចែករំលែករបស់ទំព័រហ្វេសប៊ុក មាន ជីវិត មានសង្ឃឹម។

តាមការចែករំលែក ពួកគាត់ដែលជាមិត្តភក្តិបាននៅបន្តមើលថែពលករខ្មែរយើងដែលមានបញ្ហាសតិអារម្មណ៍នោះ ជាប់រហូតដោយមិនហ៊ានឱ្យគាត់​នៅ​ម្នាក់​ឯង​ទេ សូម្បី​តែ​ដេក​ក៏​ដេក​យាម​ទ្វារ​រហូត​ដែល​ខ្លាច​គាត់​ដើរ​ចេញ​ទៅ​ក្រៅ។​ តាមការបញ្ជាក់ គាត់​បាន​ចងចាំ​ឡើង​វិញ​ខ្លះ​ហើយ​ គាត់​ទារ​ទៅ​ផ្ទះ​របស់​គាត់​ ហើយ​ចង់និយាយ​ទូរស័ព្ទ​ជាមួយ​ម្ដាយ​គាត់ផងដែរ។

សូមបញ្ជាក់ថា ម្សិលមិញនេះក្រោយពីមានការចែករំលែកជាបន្តបន្ទាប់ពាក់ព័ន្ធនឹងបញ្ហារបស់ពលករខ្មែរយើងខាងលើនេះ ដែលមានបញ្ហាសតិអារម្មណ៍ផង និងបានបាត់ឯកសារអត្តសញ្ញាណសំខាន់ៗផ្ទាល់ខ្លួនផងនោះ គាត់ត្រូវបានក្រុមការងារស្ថានទូត ជាពិសេសអនុព័ន្ធទទួលបន្ទុកការងារនៃស្ថានទូតសម្របសម្រួលទាក់ទងទៅថៅកែ និងមិត្តភក្តិ ដើម្បីបញ្ជូនគាត់ទៅមន្ទីរពេទ្យ ទទួលថ្នាំ និងថែរក្សាសុខភាពនៅផ្ទះខ្លួនឯងសិន ទំរាំស្ថានការណ៍ល្អប្រសើរ ទើបក្រុមការងារស្ថានទូតសម្របសម្រួលលិខិតឯកសារបើកផ្លូវ សម្រាប់បងប្រុសពលករនេះអាចត្រឡប់មកស្រុកវិញបាន។

សកម្មភាពនេះជាគំរូល្អដល់អ្នកដទៃ​ គឺដាច់ខាតមិនត្រូវបោះបង់ជនរួមជាតិខ្លួនឯងចោលនៅលើទឹកដីគេនោះទេ​ ដូចទៅនឹងពាក្យចាស់ពោលថា នៅផ្ទះម្តាយទីទៃ​ នៅព្រៃម្តាយតែមួយ។

Leave a Reply

Your email address will not be published. Required fields are marked *