នាយករដ្ឋមន្ត្រីកូរ៉េ៖ ម្ចាស់អាជីវកម្ម អ្នករកស៊ីណាដែលរកឃើញថាល្មើសនឹងវិធានការគម្លាតសង្គមកន្លងមក ប្រឈមទៅនឹងការកាត់មិនឱ្យទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលនោះទេ

កូរ៉េខាងត្បូង៖ អ្នកដែលបំពានល្មើសនឹងវិធានការគម្លាតសង្គមនៅក្នុងប្រទេសកូរ៉េកន្លងមក នឹងមិនអាចមានសិទ្ធិទទួលយកនូវប្រាក់ឧបត្ថម្ភជុំទី៤ ដែលជាសំណងសម្រាប់បណ្តាអាជីវកម្មដែលខាតបង់ដោយសារកូវីដនោះទេ នេះបើតាមការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង រាយការណ៍ក្នងុសារព័ត៌មាន Yonhap News។

ការបញ្ជាក់បែបនេះគឺស្របទៅនឹងអ្វីដែលថ្នាក់ដឹកនាំ និងអជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងតែងតែលើកកន្លងមកថា ប្រសិនបើម្ចាស់អាជីវកម្ម ឬអ្នករកស៊ី ឬបុគ្គលណាមួយដែលល្មើសនឹងវិធានការគម្លាតសង្គម ដែលអាចបង្កជាហានិភ័យដល់សុខសុវត្ថិភាពសុខភាពសាធារណៈ អជ្ញាធរនឹងចាត់វិធានការឆ្លើយតបតឹងរ៉ឹងបំផុត។ អ្នកដែលល្មើសទាំងនេះនឹងត្រូវកាត់ចោលភ្លាមពីបញ្ជីឈ្មោះអ្នកដែលនឹងទទួលបានសំណង និងប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាលភ្លាមប្រសិនបើរកឃើញ បើតាមការបញ្ជាក់ច្បាស់ៗរបស់នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង។

សូមបញ្ជាក់ថាកញ្ចប់ទឹកប្រាក់សម្រាប់ឧបត្ថម្ភដល់បណ្តាអាជីវកម្មដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដនេះ ជាកញ្ចប់ទឹកប្រាក់ទី៤ហើយនៅពេលដែលសំរេចបាន ក្រោយពីរដ្ឋាភិបាលកូរ៉េបានដាក់ចេញនូវកញ្ចប់ទឹកប្រាក់ឧបត្ថម្ភដល់បណ្តាអាជីវកម្មខាតបង់ដោយសារការអនុវត្តវិធានការគម្លាតសង្គមឆ្លើយតបនឹងកូវីដនេះ ៣ដងរួចមកហើយកាលពីឆ្នាំ២០២០កន្លងទៅ។

បើតាមការរាយការណ៍ កញ្ចប់ទឹកប្រាក់នេះកំពុងស្ថិតក្នុងការចរចា និងពិនិត្យដោយរដ្ឋាភិបាល និងសមាជិកគណបក្សកាន់អំណាចទៅលើទំហំនៃទឹកប្រាក់ដែលនឹងត្រូវយកមកប្រើ ដែលគេរំពឹងថានឹងអាចមានទំហំលើសដល់១៥ទ្រីលានវ៉ុន (ប្រមាណ១៣.៥ប៊ីលានដុល្លារ) ឯណោះ។

 

Leave a Reply

Your email address will not be published. Required fields are marked *