ប៉ូលីសកូរ៉េត្រៀមខ្លួនរួចរាល់ទទួល និងការពារវ៉ាក់សាំងកូវីដ មកដល់ក្នុងសប្តាហ៍នេះ ហើយនឹងចាត់វិធានការចំពោះព័ត៌មានមិនពិតនានាលើសុវត្ថិភាពវ៉ាក់សាំងផងដែរ

កូរ៉េខាងត្បូង៖ ស្នងការប៉ូលីសកូរ៉េខាងត្បូងបញ្ជាក់ថានឹងត្រៀមកម្លាំងគ្រប់ជ្រុងជ្រោយដើម្បីត្រៀមទទួលវ៉ាក់សាំងកូវីដដែលនឹងមកដល់ក្នុងសប្តាហ៍នេះ ធានាឱ្យដំណើរការចាក់វ៉ាក់សាំងសម្រាប់ប្រជាជនកូរ៉េអាចដំណើរការទៅបានដោយរលូនគ្មានបញ្ហាសន្តិសុខនានាកើតឡើង នេះតាមការរាយការណ៍ក្នុងសារព័ត៌មាន Yonhap News។

តាមផែនការគ្រោងទុករបស់រដ្ឋាភិបាលកូរ៉េ អជ្ញាធរកូរ៉េនឹងចាប់ផ្តើមផ្តល់វ៉ាក់សាំងកូវីដដំបូងគេបង្អស់ជូនដល់បេក្ខភាពអាទិភាពនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះហើយ ដែលជាវ៉ាក់សាំងរបស់ក្រុមហ៊ុនអង់គ្លេស AstraZeneca និងវ៉ាក់សាំង Pfizer របស់អាម៉េរិក ដែលនឹងអាចផ្តល់ជូននៅថ្ងៃបន្ទាប់ដូចគ្នាដែរ។

ស្នងការប៉ូលីសកូរ៉េខាងត្បូង លោក គីម​ ឆាងយ៉ុង (Kim Chang-yong) បានបញ្ជាក់ថាក្នុងបេសកកម្មថែរក្សាសន្តិសុខ និងសុវត្ថិភាពនៃកម្មវិធីចាក់វា៉ក់សាំងដ៏សំខាន់នេះ ប៉ូលីសបានត្រៀមនូវកងកម្លាំងរបស់ខ្លួនពេញលក្ខណៈ ក្នុងការការពារដំណើរការទទួលវ៉ាក់សាំង ដឹកជញ្ជូន និងចែកចាយវ៉ាក់សាំងដល់មណ្ឌលសម្រាប់ចាក់វា៉ក់សាំងតែម្តង ហើយធានាថានឹងមិនឱ្យមានបញ្ហាឆ្គាំឆ្គងណាមួយកើតឡើងនោះឡើយ។

ក្នុងប្រតិបត្តិការដ៏សំខាន់នេះ កងកម្លាំងប៉ូលីសពិសេសមួយក្រុម នឹងឡានប៉ូលីសនឹងត្រូវធ្វើដំណើរអមការពាររថយន្តដឹកជញ្ជូនវ៉ាក់សាំងពីព្រលានយន្តហោះអ៊ីនឆន់ ដល់ទីតាំងចែកចាយវ៉ាក់សាំងរួម ហើយក្រុមកងកម្លាំងប៉ូលីសក្រុមផ្សេងទៀតនឹងត្រូវប្រចាំការការពារយ៉ាងតឹងរ៉ឹងនៅនឹងមណ្ឌលផ្ទុកវ៉ាក់សាំងរួមនោះ និងកន្លែងទទួលផ្តល់វ៉ាក់សាំងនីមួយៗផងដែរ។

ក្នុងនោះដែរ ស្នងការប៉ូលីសក៏បានលើកឡើងពីការដាក់ចេញសកម្មភាពដើមី្បបង្រ្កាបព័ត៌មានបោកប្រាស់ មិនពិតមួយចំនួន ដែលកំពុងត្រូវបានចែកចាយបន្តពាក់ព័ន្ធទៅនឹងសុវត្ថិភាពរបស់វ៉ាក់សាំង ក្នុងចេតនាបំភាន់មតិសាធារណជនក្នុងវេលាដ៏ចាំបាច់នេះ ដែលប្រជាពលរដ្ឋត្រូវចាំបាច់ទទួលវ៉ាក់សាំង។

សូមបញ្ជាក់ថា តាមរយៈការបញ្ជាក់វា៉ក់សាំង AstraZeneca របស់អង់គ្លេសដែលនឹងត្រូវចាប់ផ្តើមចាក់ជូនប្រជាពលរដ្ឋអាទិភាពពីថ្ងៃទី២៦ ខែកុម្ភៈនោះ ត្រូវបានផលិតនៅក្នុងរោងចក្រឱសថ SK Bioscience Co នៅក្នុងទីក្រុងអានដុង (Andong) ខណៈដែលវា៉ក់សាំង Pfizer នឹងត្រូវដឹកមកដល់ដំបូងនៅថ្ងៃទី២៦ កុម្ភៈ មុននឹងអាចផ្តល់ជូនប្រជាជនបាននៅថ្ងៃបន្ទាប់គឺថ្ងៃទី២៧ កុម្ភៈ។

Leave a Reply

Your email address will not be published. Required fields are marked *