ពលករខ្មែរម្នាក់មានបញ្ហាសតិអារម្មណ៍ធ្ងន់ធ្ងរ ពេលនេះត្រូវបានក្រុមការងារស្ថានទូត ទំនាក់ទំនងទៅថៅកែ និងមិត្តភក្តិដើម្បីជួយ និងសម្របសម្រួលហើយ

កូរ៉េខាងត្បូង៖ ចំពោះករណីមួយដែលមានការចែករំលែកបន្តបន្ទាប់លើទំព័រហ្វេសប៊ុក អំពីពលករខ្មែរយើងម្នាក់ដែលគាត់ហាក់មានបញ្ហាសតិអារម្មណ៍ ហើយបានបាត់ឯកសារសំខាន់ៗប្រចាំខ្លួនយ៉ាងគួរឱ្យអាណិតទៀតនោះ ពេលនេះត្រូវបានក្រុមការងារស្ថានទូតកម្ពុជានៅកូរ៉េ ខ្វាត់ខ្វែងធ្វើការទំនាក់ទំនងដើម្បីដោះស្រាយជូនហើយ។

ក្រុមការងារស្ថានទូត ជាពិសេសគឺក្រុមអនុព័ន្ធទទួលបន្ទុកការងារដែលជាអាណាព្យាបាលលើពលករខ្មែរយើងនៅកូរ៉េបានបញ្ជាក់ថាក្រុមការងារបានធ្វើការទាក់ទងទៅកាន់ថៅកែ និងអ្នកធ្វើការជាមួយពលករខាងលើនេះរួចហើយ ដែលជាដំណោះស្រាយ ក្រុមការងារបានសម្របសម្រួលឱ្យនាំគាត់ទៅពេទ្យ និងយកថ្នាំមកលេបនៅផ្ទះដែលកំពុងស្នាក់នៅក្នុងប្រទេសកូរ៉េ ហើយស្នើឱ្យអ្នកធ្វើការជាមួយកំពុងមើលថែគាត់សិន។ ក្នុងនោះដែរ ក្រុមការងារក៏បានផ្ដល់ដំណឹងទៅដល់ក្រុមការងារពាក់ព័ន្ធនៅខ្មែរ ដើម្បីអាចជួយទាក់ទងទៅគ្រួសាររបស់ពលករខាងលើដែរ ដើម្បីអាចជូន និងទទួលដំណឹង និងដើម្បីអាចទាក់ទងមកពលករខាងលើតាមរយៈអ្នកធ្វើការជាមួយវិញ។

ក្រុមការងារស្ថានទូតបានបញ្ជាក់ទៀតថា បានសហការប្រាប់អ្នកដែលកំពុងមើលថែគាត់ និងថៅកែរបស់គាត់ថា បើសិនជាគាត់រាងនឹងនរបន្តិច ក្រុមការងារនឹងអាចសម្របសម្រួលធ្វើលិខិតបើកផ្លូវជូនគាត់ត្រលប់ទៅខ្មែរវិញ។

Leave a Reply

Your email address will not be published. Required fields are marked *