កូរ៉េខាងត្បូង៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុកូរ៉េខាងត្បូង បានណែនាំមន្ត្រីក្រោមឱវាទខ្លួនឱ្យរៀបចំត្រៀមនូវគម្រោងថវិកាបន្ថែមមួយកញ្ចប់ថ្មីទៀតនៅសប្តាហ៍ក្រោយ ដើម្បីត្រៀមឆ្លើយតបទៅនឹងការខាតបង់របស់បណ្តាអាជីវកម្មរកស៊ីនៅក្នុងប្រទេស ដោយសារតែបញ្ហាកូវីដកន្លងមកនេះ នេះបើតាមការរាយការណ៍ក្នុងសារព័ត៌មាន Yonhap News។
កញ្ចប់ទឹកប្រាក់សម្រាប់ឧបត្ថម្ភដល់បណ្តាអាជីវកម្មដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដនេះ ជាកញ្ចប់ទឹកប្រាក់ទី៤ហើយនៅពេលដែលសំរេចបាន ក្រោយពីរដ្ឋាភិបាលកូរ៉េបានដាក់ចេញនូវកញ្ចប់ទឹកប្រាក់ឧបត្ថម្ភដល់បណ្តាអាជីវកម្មខាតបង់ដោយសារការអនុវត្តវិធានការគម្លាតសង្គមឆ្លើយតបនឹងកូវីដនេះ ៣ដងរួចមកហើយកាលពីឆ្នាំ២០២០កន្លងទៅ។
បើតាមការរាយការណ៍ កញ្ចប់ទឹកប្រាក់នេះកំពុងស្ថិតក្នុងការចរចា និងពិនិត្យដោយរដ្ឋាភិបាល និងសមាជិកគណបក្សកាន់អំណាចទៅលើទំហំនៃទឹកប្រាក់ដែលនឹងត្រូវយកមកប្រើ ដែលគេរំពឹងថានឹងអាចមានទំហំលើសដល់១៥ទ្រីលានវ៉ុន (ប្រមាណ១៣.៥ប៊ីលានដុល្លារ) ឯណោះ។

ចាប់តាំងពីឆ្នាំ២០២០មក រដ្ឋាភិបាលកូរ៉េបានដាក់ចេញកញ្ចប់ទឹកប្រាក់ឧបត្ថម្ភការខាតបង់នេះដល់ទៅ៣ដងរួចមកហើយ ដែលមានសរុបទំហំដល់៣១.៤ទ្រីលានវ៉ុនឯណោះ។ សម្រាប់កញ្ចប់ទឹកប្រាក់ថ្មីនេះ រដ្ឋាភិបាលកំពុងព្យាបាលពិនិត្យលើប្រភេទនៃអ្នកដែលត្រូវទទួលការឧបត្ថម្ភ ធានាយ៉ាងណាមិនឱ្យមានការខ្វះចន្លោះប្រហោងចំពោះអ្នកដែលមានតម្រូវការពិតប្រាកដពីការឧបត្ថម្ភនេះនោះទេ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទនេះ ករណីឆ្លងកូវីដថ្មីនៅបន្តមានត្រឹមជាង៣០០ករណី ជាតួលេខមួយទាបជាងគេក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈដែលកាលបរិច្ឆេទនៃការចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ដំបូងនៅក្នុងប្រទេសកូរ៉េ ក៏នឹងមកដល់ក្នុងសប្តាហ៍នេះ គឺនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះហើយ។