កូរ៉េខាងត្បូង នឹងចាប់ផ្តើមផ្តល់វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer មកដល់ជើងដំបូងគេជិត ​១២ម៉ឺនដូស នៅថ្ងៃទី២៧ កុម្ភៈខាងមុខនេះ

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូង ប្រកាសនឹងចាប់ផ្តើមផ្តល់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer ចំនួនជិត ១២ម៉ឺនដូសសម្រាប់បេក្ខភាពអាទិភាពដំបូងគេនៅថ្ងៃសៅរ៍សប្តាហ៍នេះហើយ គឺផ្តល់ជូនភ្លាមក្រោយវ៉ាក់សាំងនេះមកដល់កូរ៉េខាងត្បូងជើងដំបូងភ្លាម រាយការណ៍ដោយសារព័ត៌មាន Yonhap News។

តាមការរាយការណ៍បញ្ជាក់ក្នុងកិច្ចប្រជុំអន្តរក្រសួងមួយ លោកនាយករដ្ឋមន្ត្រីកូរ៉េបានលើកថាវ៉ាក់សាំងកូវីដ-១៩របស់ក្រុមហ៊ុន Pfizer ១១៧,០០០ដូស នឹងត្រូវដឹកមកដល់ដំបូងនៅថ្ងៃទី២៦ ខែកុម្ភៈខាងមុខ ដែលនឹងត្រូវរៀបចំដើម្បីចែកជូនភា្លមដល់បេក្ខភាពអាទិភាពដំបូងគេគឺ ក្រុមគ្រូពេទ្យជួរមុខដែលព្យាបាលជំងឺកូវីដ-១៩ផ្ទាល់ នៅថ្ងៃបន្ទាប់គឺថ្ងៃទី២៧ ខែកុម្ភៈតែម្តង។

សូមបញ្ជាក់ថា កូរ៉េខាងត្បូងនឹងចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងកូវីដចាប់ពីថ្ងៃទី២៦ កុម្ភៈ ២០២១នេះទៅហើយ ដោយថ្ងៃដំបូងបង្អស់វ៉ាក់សាំងដែលដឹកមកដល់មុនគេ នឹងអាចចាក់បាននោះគឺវ៉ាក់សាំងរបស់ក្រុមហ៊ុនអង់គ្លេស AstraZeneca។ តាមការបញ្ជាក់របស់អជ្ញាធរជំនាញ ដំណាក់កាលដំបូងបង្អស់នៃការផ្តល់វ៉ាក់សាំងកូវីដរបស់ AstraZeneca នឹងផ្តល់អាទិភាពមុនគេដល់អ្នកជំងឺ បុគ្គលិកសុខាភិបាល និងអ្នកថែទាំអ្នកជំងឺដែលមានអាយុក្រោម ៦៥ឆ្នាំ ដែលបម្រើការនៅមណ្ឌលចាស់ជរា។

Leave a Reply

Your email address will not be published. Required fields are marked *