ប្រយ័ត្នប្រយែងបងប្អូនខ្មែរយើង! ភ្លើងឆេះព្រៃកំពុងបន្តឆាបឆេះ​ពេញប្រទេសកូរ៉េ ហើយមានឆេះដល់តំបន់មនុស្សរស់នៅទៀត តម្រូវឱ្យជម្លៀសមនុស្សរាប់ពាន់នាក់

កូរ៉េខាងត្បូង៖ ករណីភ្លើងឆេះព្រៃជាបន្តបន្ទាប់បានកើតឡើងសឹងទូទាំងពេញប្រទេសកូរ៉េខាងត្បូង នៅល្ងាចថ្ងៃអាទិត្យនេះ ដែលបានឆាបឆេះរាលដាលដល់ភូមិប្រជាពលរដ្ឋនៅជិតៗនោះ រហូតដល់អជ្ញាធរបានកំពុងជម្លៀសប្រជាពលរដ្ឋខ្លួនចេញពីតំបន់គ្រោះថ្នាក់នៃភ្លើងឆេះព្រៃទាំងនោះ រាយការណ៍ពីសារព័ត៌មាន Yonhap News។

ករណីភ្លើងឆេះព្រៃនេះកំពុងរាលដាលសឹងគ្រប់កន្លែងទៅហើយ ខណៈដែលសមត្ថកិច្ចពន្លត់អគ្គិភ័យនៅបន្តជួបការលំបាកខ្លាំងក្នុងការសម្រួលស្ថានការណ៍ដោយសារតែស្ថានភាពអាកាសធាតុខ្យល់បក់ខ្លាំងមិនអំណោយផល និងនាំឱ្យភ្លើងបន្តរាលដាលបាន។

តាមការរាយការណ៍ នៅតំបន់អានដុង (Andong) ប្រមាណ២៧០គីឡូមែ៉ត្រពីសេអ៊ូល មានករណីភ្លើងចាប់ផ្តើមឆាបឆេះព្រៃនៅលើភ្នំតូចមួយតាំងពីម៉ោង ៣:២០ នាទីរសៀលថ្ងៃអាទិត្យ ហើយមិនទាន់បានពន្លត់ទាំងស្រុងទេគិតត្រឹមម៉ោង ៨យប់ថ្ងៃអាទិត្យនេះ។ ក្នុងតំបន់ភ្លើងឆេះនេះ អជ្ញាធរបានដាក់ចេញបញ្ជាឱ្យប្រជាពលរដ្ឋ៤៥០នាក់ ក្នុង៣០០គ្រួសារផ្ទះធ្វើការជម្លៀសចេញពីគេហដ្ឋាន ខណៈដែលអជ្ញាធរបានប្រើប្រាស់ឧម្ភាគចក្រពន្លត់អគ្គិភ័យដល់ទៅ១៤ រថយន្តពន្លត់អគ្គិភ័យ ២០ និងអ្នកពន្លត់អគ្គិភ័យដល់ទៅ ៧៨០ នាក់ដើម្បីទៅគ្រប់គ្រងស្ថានការណ៍។

ភ្លើងកំពុងឆេះយ៉ាងសន្ធោសន្ធៅមិនទាន់ពន្លត់បាននៅឡើយនៅខេត្ត ក្យង់សាង ក្រុងអាន់តុង អ៉ីមតុងម្ញន់ ម៉ាំងឆន់លី (경북 안동시 임 동면 망천리)។ ភ្លើងបានឆេះរាលដាលដល់សណ្ឋាគារ និងអាគារលំនៅឋានអស់ជាច្រើន។
អជ្ញាធរពន្លត់ភ្លើងឆេះព្រៃបានដាក់ពង្រាយ ឡាន និងឧម្ភាគចក្រការពារកុំឲ្យភ្លើងឆេះដាលមកកាន់ទីលំនៅឋានរបស់ប្រជាជន។ សូមបង ប្អូនខ្មែររស់នៅតំបន់ក្យង់ប៊ុក អាន់តុង យ៉ែឆន់(경북 안동 예천..) បង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា។

ករណីភ្លើងឆេះព្រៃនៅតំបន់អានដុង ខេត្តឃ្យ៉ុងសាងខាងជើង
ករណីភ្លើងឆេះព្រៃនៅតំបន់អានដុង ខេត្តឃ្យ៉ុងសាងខាងជើង

យ៉ាងណាមិញ អជ្ញាធរបានរាយការណ៍មកដែរថា ដោយសារស្ថានភាពព្រៃឈើ និងស្លឹកឈើងាប់គរច្រើនពេក រួមនឹងអាកាសធាតុស្ងួត ហើយមានខ្យល់ផងនាំឱ្យការពន្លត់អគ្គិភ័យបន្តមានការលំបាក។

ចំណែកឯប៉ុន្មានម៉ោងក្រោយមកទៀត ករណីភ្លើងឆេះដោយឡែកមួយទៀតនៅក្នុងតំបន់យេឆុន ខេត្តឃ្យ៉ុងសាងខាងជើង ក៏បានចាប់ផ្តើមឆាបឆេះនៅម៉ោង៤:១០នាទីរសៀល (ម៉ោងនៅកូរ៉េ) ផងដែរ ខណៈដែលអជ្ញាធរបានធ្វើការជម្លៀសប្រជាជនចេញពីតំបន់នោះផងដែរ។ យ៉ាងណាមិញ គេមិនទាន់មានរាយការណ៍នៅករណីបាតបង់អាយុជីវិត ឬរងរបួសណាមួយនោះទេ។

ករណីឆេះព្រៃនៅតំបន់យេឆុន ខេត្តឃ្យ៉ុងសាងខាងជើង

រីឯនៅតំបន់ភ្នំយ៉ុងដុង (Yeongdong) ខេត្តឈុងឈុនខាងជើងវិញ ក៏មានករណីភ្លើងឆេះមួយទៀតបានឆេះឡើងនៅប្រហែលម៉ោង ៣:៣០នាទីរសៀលផងដែរ ប៉ុន្តែត្រូវបានពន្លត់វិញក្រោយមកក្នុងប្រតិបត្តិការចូលរួមដោយឧម្ភាគចក្រពន្លត់អគ្គិភ័យចំនួន ៦ គ្រឿង រថយន្តពន្លត់អគ្គិភ័យ ២០គ្រឿង និងអ្នកពន្លត់ដល់ជាង៩០នាក់ផងដែរ។

ករណីមួយទៀតឆាបឆេះនៅតំបន់ហាដុង (Hadong) ក្នុងខេត្តឃ្យ៉ុងសាងខាងត្បូង ប្រមាណជាង៤៧០គីឡូមែ៉ត្រពីសេអ៊ូល ក៏មានភ្លើងចាប់ផ្តើមឆាបឆេះតាំងពីម៉ោង ២:៤០ នាទីរសៀលនៅលើកំពូលភ្នំមួយដែលតម្រូវឱ្យមានការជម្លៀសពលរដ្ឋដែលរស់នៅក្នុងតំបន់នោះចេញផងដែរ។

ក្នុងនោះដែរ កាលពីព្រលឹមព្រឹកថ្ងៃអាទិត្យនោះ ក៏មានករណីភ្លើងឆេះព្រៃមួយទៀតនៅក្នុងតំបន់ជុងសុន ក្នុងខេត្តហ្គាងវ៉ុន ប្រមាណ២១០គីឡូម៉ែត្រពីក្រុងសេអ៊ូល ដែលបានឆេះលើផ្ទៃដីជាង១២ហិចតា និងត្រូវចំណាយពេលដល់ទៅ១៨ម៉ោងឯណោះ ទំរាំអាចពន្លត់បាន។

ករណីភ្លើងឆេះព្រៃមួយទៀតនៅក្នុងតំបន់ជុងសុន ក្នុងខេត្តហ្គាងវ៉ុន

Leave a Reply

Your email address will not be published. Required fields are marked *