“តើជនបរទេសរស់នៅកូរ៉េ អាចទៅទទួលវ៉ាក់សាំងកូវីដនៅឯណាបាន?” សំនួរ-ចម្លើយសំខាន់ៗ ពន្យល់អំពីកម្មវិធីចាក់វ៉ាក់សាំងកូវីដរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង

កូរ៉េខាងត្បូង៖ តាមការប្រកាសរបស់រដ្ឋាភិបាលកូរ៉េ កម្មវិធីផ្តល់វ៉ាក់សាំងកូវីដនៅកូរ៉េនឹងចាប់ផ្តើមនៅថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ ដែលបងប្អូនខ្មែរយើងប្រាកដជាចង់ដឹងអំពីព័ត៌មានលម្អិតនៃកម្មវិធីផ្តល់វ៉ាក់សាំងនៅក្នុងប្រទេសកូរ៉េនេះ។

អត្ថបទខាងក្រោមនេះ ដែលប្រែសម្រួលពីសារព័ត៌មាន Korea Times នឹងជួយស្រាយនូវចម្ងល់បងប្អូនពាក់ព័ន្ធនឹងការផ្តល់វ៉ាក់សាំងកូវីដនៅក្នុងប្រទេសកូរ៉េ៖

សំនួរទី ១. តើអ្នកណានឹងទទួលបានការផ្តល់វ៉ាក់សាំងកូវីដមុនគេ?

-> តាមផែនការរដ្ឋាភិបាលកូរ៉េ នៅត្រឹមខែកញ្ញាខាងមុខ នឹងគ្រោងចាក់វ៉ាក់សាំងជូនប្រជាជនកូរ៉េឱ្យបានដល់៧០% ឬប្រមាណជាង ៣៦លាននាក់ ដើម្បីអាចបង្កើតបានជាប្រព័ន្ធភាពស៊ាំសម្រាប់ប្រជាជនខ្លួនមួយភាគធំ (Herd Community) ដើម្បីបន្ថយហានិភ័យនៃការចម្លងមេរោគជាទូទៅ។ ផែនការដំណាក់កាលនៃការចាក់វ៉ាក់សាំងនឹងចែកចេញជា ៤ ដំណាក់កាលធំៗ ដែលនឹងផ្តោតលើក្រុមអាទិភាពសំខាន់ៗតាមលំដាប់លំដោយ មានដូចជា៖

ត្រីមាសទី១ (ខែមករា – មីនា)៖ នៅថ្ងៃទី២៦ ខែកុម្ភៈដែលជាដំណាក់កាលដំបូងបង្អស់នៃការផ្តល់វ៉ាក់សាំងកូវីដរបស់ AstraZeneca នឹងផ្តល់អាទិភាពមុនគេដល់អ្នកជំងឺ បុគ្គលិកសុខាភិបាល និងអ្នកថែទាំអ្នកជំងឺដែលមានអាយុក្រោម ៦៥ឆ្នាំ ដែលបម្រើការនៅមណ្ឌលចាស់ជរា ប្រមាណជាង ២៧២,០០០ នាក់។ សូមបញ្ជាក់ថា អ្នកដែលមានវ័យចាស់លើសពី៦៥ឆ្នាំ ត្រូវពន្យារពេលផ្តល់វ៉ាក់សាំងទៅត្រីមាសទី២វិញ ក្រោយពីវ៉ាក់សាំង AstraZeneca មិនទាន់មានទិន្នន័យគ្រប់គ្រាន់ សម្រាប់បញ្ជាក់ពីសុវត្ថិភាពសម្រាប់ក្រុមអាយុពី៦៥ឆ្នាំឡើងទៅ។

ចាប់ពីថ្ងៃទី ៨ មីនា ទៅ បុគ្គលិកសុខាភិបាលដែលធ្វើការក្នុងមន្ទីរពេទ្យទូទៅ ប្រមាណជាង ៣៥៤,០០០ នាក់ នឹងត្រូវទទួលវ៉ាក់សាំង បន្ទាប់មកទៀតគឺបុគ្គលិកសុខាភិបាលនៅជួរមុខព្យាបាលអ្នកជំងឺកូវីដផ្ទាល់ ចំនួនជាង១២ម៉ឺននាក់ទៀតដែលនឹងទទួលវ៉ាក់សាំងនៅត្រឹមចុងខែមីនាខាងមុខ។

-ត្រីមាសទី២ (ខែមេសា – មិថុនា)៖ សម្រាប់ត្រីមាសទី២ អ្នកទទួលបានអាទិភាពមុនគេនោះគឺ មនុស្សចាស់វ័យពី៦៥ឆ្នាំឡើងទៅ រួមនឹងអ្នកជំងឺ និងមនុស្សចាស់ជរានៅមណ្ឌលចាស់ជរាប្រមាណ ៣៧០,០០០ នាក់។ អ្នកដែលទទួលបានអាទិភាពដែរនោះគឺបុគ្គលិកសុខាភិបាលដែលមិនទាន់ទទួលបានវ៉ាក់សាំងកាលពីត្រីមាសទី១កន្លងទៅ និងអ្នកដែលធ្វើការនៅតាមមណ្ឌលថែទាំជនពិការ និងអ្នកគ្មានផ្ទះសម្បែងជាដើម។

-ត្រីមាសទី៣ (ខែកក្កដា –  កញ្ញា)៖ សម្រាប់ត្រីមាសទី៣នេះ អ្នកទទួលអាទិភាពគឺប្រជាជនទូទៅអាយុពី១៨ឆ្នាំ ដល់៦៤ឆ្នាំ មនុស្សពេញវ័យធម្មតាដែលមានស្ថានភាពជំងឺប្រចាំកាយធ្ងន់ធ្ងរ អ្នកធ្វើការងារសង្គមដូចជាកងកម្លាំងយោធា ប៉ូលិស សន្តិសុខ និងអ្នកពន្លត់អគ្គិភ័យជាដើម រួមនឹងអ្នកធ្វើការក្នុងវិស័យនៅតាមសាលារៀន គ្រឹះសា្ថនអប់រំនានាជាពិសេសគ្រឹះស្ថានសម្រាប់កុមារ។

-ត្រីមាសទី៣ (ខែតុលា – ធ្នូ)៖ សម្រាប់ត្រីមានចុងក្រោយ អ្នកដែលនឹងទទួលបានវ៉ាក់សាំងគឺអ្នកដែលមិនទាន់ទទួលវ៉ាក់សាំងក្នុងរយៈពេលកន្លងមក អាចជាប្រជាជនទូទៅធម្មតា។

សូមបញ្ជាក់ថា ចំពោះកុមារក្រោមអាយុ១៨ឆ្នាំ និងស្រ្តីមានផ្ទៃពោះមិនអាចទទួលវ៉ាក់សាំងកូវីដបាននោះទេ ដោយសារមិនទាន់មានទិន្នន័យដើម្បីបញ្ជាក់ពីសុវត្ថិភាពវ៉ាក់សាំងសម្រាប់ពួកគេ។ ដូចនេះ ទាល់តែមានទិន្នន័យបន្ថែមមកគាំទ្រនាពេលក្រោយទៀត ទើបកុមារក្រោមអាយុ១៨ឆ្នាំ និងស្រ្តីមានផ្ទៃពោះអាចទទួលវ៉ាក់សាំងបានដែរ។

សំនួរទី ២. តើមានវ៉ាក់សាំងប៉ុន្មាន ដែលអាចផ្តល់ជូនប្រជាជនក្នុងប្រទេសកូរ៉េបាន?

-> តាមការបញ្ជាក់ជាបន្តបន្ទាប់របស់រដ្ឋាភិបាល មានវ៉ាក់សាំងកូវីដដល់ទៅ ១៥២លានដូសដែលកូរ៉េខាងត្បូងមានសម្រាប់ប្រជាជនក្នុងប្រទេសខ្លួន គឺសម្រាប់ប្រជាជនចំនួនដល់ ៧៩លាននាក់ឯណោះ ដែលភាគច្រើននឹងត្រូវដឹកមកដល់នាអំឡុងត្រីមាសទី២ និងត្រីមាសទី៣ខាងមុខនេះ។ វ៉ាក់សាំងសម្រាប់មនុស្សចំនួន៦៩លាននាក់ ត្រូវបានរដ្ឋាភិបាលកូរ៉េខាងត្បូងបញ្ជាទិញពីក្រុមហ៊ុនផលិតឱសថធំៗចំនួន៥ រួមមានក្រុមហ៊ុន Pfizer របស់អាម៉េរិក សម្រាប់មនុស្ស១៣លាននាក់ ក្រុមហ៊ុន Moderna របស់អាម៉េរិក សម្រាប់មនុស្ស២០លាននាក់ ក្រុមហ៊ុន Novavax របស់អាម៉េរិក សម្រាប់មនុស្ស ២០លាននាក់ ក្រុមហ៊ុន AstraZeneca របស់អង់គ្លេស សម្រាប់មនុស្ស២០លាននាក់ និង ក្រុមហ៊ុន Johnson & Johnson របស់អាម៉េរិក សម្រាប់មនុស្ស៦លាននាក់។

វ៉ាក់សាំងសម្រាប់មនុស្ស១០លាននាក់ នឹងត្រូវផ្តល់ជូនតាមរយៈកម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក។

សំនួរទី ៣. តើប្រជាជនអាចជ្រើសរើសយកវ៉ាក់សាំង សម្រាប់ចាក់បានទេ?

-> អជ្ញាធរជំនាញទទួលបន្ទុកបានបញ្ជាក់ច្បាស់ថា អ្នកទទួលវ៉ាក់សាំងមិនអាចធ្វើការជ្រើសរើសវ៉ាក់សាំងដោយខ្លួនឯងនោះទេ។

សំនួរទី ៤. តើកម្មវិធីចាក់វ៉ាក់សាំងមាននៅទីតាំងណាខ្លះ?

-> ដោយសារតម្រូវក្នុងការស្តុកទុក និងថែរក្សាវ៉ាក់សាំងមានភាពខុសគ្នា រដ្ឋាភិបាលកូរ៉េគ្រោងនឹងរៀបចំផ្តល់វ៉ាក់សាំងកូវីដពីក្រុមហ៊ុន Pfizer និង Moderna នៅតែត្រឹម២៥០ទីតាំងប៉ុណ្ណោះទូទាំងប្រទេស ដោយសារតម្រូវការស្តុកទុកវ៉ាក់សាំងក្នុងសីតុណ្ហភាពដល់ទៅជាង ៧០អង្សារក្រោមសូន្យ ដែលត្រូវតម្រូវឱ្យមានឧបករណ៍ពិសេសដោយឡែកសម្រាប់រក្សាទុកវ៉ាក់សាំង។

ក្រុមគ្រូពេទ្យហ្វឹកហាត់សម ក្នុងការរៀបចំទុកដាក់វ៉ាក់សាំង ក្នុងការហ្វឹកហាត់សមកាលពីថ្ងៃទី៣ កុម្ភៈ កន្លងទៅ

សម្រាប់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca, Novavax និង Johnson & Johnson នឹងត្រូវបានផ្តល់នៅតាមមន្ទីរពេទ្យ និងទីតាំងសុខាភិបាលឯកជនដល់ជាង ១ម៉ឺនកន្លែងទូទាំងប្រទេស ខណៈដែលអ្នកទទួលវ៉ាក់សាំងជាអ្នកជំងឺនៅតាមមណ្ឌលចាស់ជរា និងមន្ទីរពេទ្យ នឹងត្រូវអជ្ញាធរសុខាភិបាលរៀបចំទៅផ្តល់ជូនផ្ទាល់នៅទីតាំងតែម្តង។

សំនួរទី ៥. តើជនបរទេសអាចទទួលវ៉ាក់សាំងបានឬទេ? ហើយនឹងត្រូវគិតថ្លៃ ឬមិនគិតថ្លៃ?

-> បរទេសដែលបានចុះឈ្មោះក្នុងសេវាកម្មធានារ៉ាប់រងសុខភាពសាធារណៈរបស់កូរ៉េ (National Health Insurance Services) នឹងអាចទទួលបានវ៉ាក់សាំងដោយមិនគិតថ្លៃ ហើយសម្រាប់អាទិភាពនៃការទទួលវ៉ាក់សាំងសម្រាប់ជនបរទេស គឹនឹងត្រូវផ្តល់ជូនដូចគ្នាទៅអាទិភាពផ្តល់ជូនពលរដ្ឋកូរ៉េដែរ។

សម្រាប់បរទេសដែលមិនមានចុះបញ្ជី ឬរស់នៅខុសច្បាប់នឹងអាចទទួលបានវ៉ាក់សាំងផងដែរ ក្នុងករណីចាំបាច់ ដោយផ្អែកទៅលើការពិនិត្យមើលលើហានិភ័យទៅលើសុខភាពសាធារណៈជារួម។ ព័ត៌មានលម្អិតនឹងអាចមាននាពេលក្រោយទៀត។

សំនួរទី ៦. តើអាចទៅចុះឈ្មោះទទួលវ៉ាក់សាំងនៅកន្លែងណា?

-> សម្រាប់អ្នកដែលទទួលបានអាទិភាពក្នុងការផ្តល់វ៉ាក់សាំង នឹងត្រូវជូនដំណឹងដោយអជ្ញាធរសុខាភិបាលផ្ទាល់មុននឹងដល់វេនអាទិភាពរបស់ខ្លួន។ បើតាមការគ្រោងទុក អជ្ញាធរនឹងមានរៀបចំនូវការចុះឈ្មោះអនឡាញតាមរយៈគេហទំព័រ ncv.kdca.go.kr ឬតាមរយៈលេខទូរស័ព្ទ 1339។

គ្រូពេទ្យជំនាញកូរ៉េ ទទួលការហ្វឹកហាត់ក្នុងការផ្តល់វ៉ាក់សាំងកាលពីថ្ងៃទី១៧ កុម្ភៈ រូបភាពដោយ Korea Times

 

Leave a Reply

Your email address will not be published. Required fields are marked *