ក្រោយផ្ទុះកូវីដឆ្លងតាមបណ្តារោងចក្របន្តបន្ទាប់ រដ្ឋាភិបាលកូរ៉េនឹងចុះតាមរោងចក្រធំៗរាប់ពាន់ទីតាំង ពិនិត្យការរៀបចំទីតាំងការងារ ដើម្បីការពារហានិភ័យចម្លងកូវីដ

កូរ៉េខាងត្បូង៖ នៅថ្ងៃសុក្រនេះ អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងប្រកាសថានឹងចាប់ផ្តើមធ្វើការចុះពិនិត្យទីតាំងរោងចក្រនានាដែលមានពលករបរទេសធ្វើការច្រើន ក៏ដូចជាក្រុមហ៊ុននានាដែលមានបុគ្គលិកធ្វើការច្រើន ដែលងាយនឹងរងហានិភ័យនៃការចម្លងជាសហគមន៍ជំងឺកូវីដ ដែលជាវិធានការថ្មីចុងក្រោយរដ្ឋាភិបាលកូរ៉េដាក់ចេញ ក្រោយក្នុងសប្តាហ៍នេះមានករណីផ្ទុះជាសហគមន៍បន្តបន្ទាប់នៃករណីកូវីដតាមរោងចក្រ និងមន្ទីរពេទ្យ រាយការណ៍ក្នុងសារព័ត៌មាន Yonhap News។

បើតាមការបញ្ជាក់រ​បស់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លង យ៉ាងហោចណាស់ទីតាំងរោងចក្រ ទីតាំងការដ្ឋាន និងកន្លែងការងារឧស្សាហកម្មខ្នាតធំ ជាងមួយពាន់កន្លែងទូទំាងប្រទេស នឹងត្រូវចុះពិនិត្យផ្ទាល់ពីលក្ខខណ្ឌការងារ និងលក្ខខណ្ឌអនាម័យឆ្លើយតបទៅនឹងការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលនឹងចាប់ផ្តើមពីថ្ងៃចន្ទសប្តាហ៍ក្រោយ ដល់ថ្ងៃទី២ ខែមីនា ខាងមុខ។

កន្លែងទាំងនោះនឹងត្រូវពិនិត្យមើលថាតើបានអនុវត្តទៅតាមវិធានការណែនាំដែលរដ្ឋាភិបាលបានកំណត់កន្លងមកទាក់ទងនឹងការទប់ស្កាត់ជំងឺកូវីដ-១៩ដែរឬទេ ដូចជាការតម្រូវឱ្យពាក់ម៉ាស់ ប្រព័ន្ធគ្រប់គ្រងខ្យល់ក្នុងអាគារ និងដំណើរការទូទៅនានាដទៃទៀតក្នុងកន្លែងការងារ ដែលអាចជាហានិភ័យនៃការចម្លងជំងឺកូវីដ-១៩។ ក្នុងករណីប្រសិនបើអជ្ញាធររកឃើញថាមានករណីណាដែលបានបំពាន ឬមិនអនុវត្តទៅតាមវិធានការណែនាំដែលបានដាក់ចេញទេនោះ អជ្ញាធរសុខាភិបាលនឹងមានវិធានការផាកពិន័យផងដែរ។

វិធានការប្រហាក់ប្រហែលមួយទៀត គឺតម្រូវឱ្យកន្លែងការងារចំនួន ១,៩៤៥ ទីតាំង រួមទាំងកន្លែងការងារខ្នាតតូច និងមធ្យម និងរោងចក្រកែច្នៃសាច់នៅក្នុងតំបន់ឧស្សាហកម្មនៃទីក្រុងសេអ៊ូល និងប្រជុំជនធំៗជុំវិញ ធ្វើការពិនិត្យដោយស្ម័គ្រចិត្តខ្លួនឯងទៅលើបុគ្គលិកបរទេសរបស់ខ្លួនចំនួនជាង ១៦,០០០ នាក់ នូវរោគសញ្ញាសង្ស័យផ្សេងៗដែលអាចពាក់ព័ន្ធនឹងជំងឺកូវីដផងដែរ ព្រមទាំងផែនការធ្វើចត្តាឡីស័កនៅតាមទីតាំងស្នាក់នៅរបស់បុគ្គលិករបស់ខ្លួនផងដែរ។

វិធានការនេះដាក់ចេញក្រោយពីមានការផ្ទុះជាបន្តបន្ទាប់នូវករណីឆ្លងជាសហគមន៍ចេញពីទីតាំងរោងចក្រ និងកន្លែងការងារ ហើយដែលក្នុងនោះដែរករណីផ្ទុះជាសហគមន៍នៅរោងចក្រផលិតផ្លាស់ស្ទិកតំបន់ណាមយ៉ាងជូ ដែលមានករណីឆ្លងបន្តបន្ទាប់ដល់១៦០នាក់ហើយនោះ មានពលករបរទេសចំនួន២៤នាក់ រកឃើញថាវិជ្ជមាន ដែលមានទាំងពលករខ្មែរយើងក្នុងនោះផងដែរ។

សូមបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េក៏បានចេញវិធានការសម្រួលឱ្យពលករបរទេស ឬអ្នកដែលស្នាក់នៅខុសច្បាប់អាចមកធ្វើការតេស្តរកកូរ៉ូណាដោយមិនគិតថ្លៃ ហើយមិនទាមទារនូវឯកសារអត្តសញ្ញាណណាមួយ ដែលតម្រូវឱ្យអ្នកខុសច្បាប់ដែលមកពិនិត្យ ឬព្យាបាលកូវីដត្រូវអាចប្រឈមនឹងការបណ្តេញចេញពីប្រទេសកូរ៉េនោះទេ។

Leave a Reply

Your email address will not be published. Required fields are marked *