កូរ៉េខាងត្បូង៖ ករណីឆ្លងកូវីដថ្មីនៅព្រឹកថ្ងៃសុក្រនេះបានធ្លាក់ចុះមកវិញបន្តិច នៅក្រោយ៦០០ករណីជាងប៉ុណ្ណោះ ខណៈដែលអជ្ញាធរសុខាភិបាលបានបន្តដាក់វិធានការតឹងរ៉ឹងចំពោះករណីឆ្លងបន្តជាសហគមន៍ និងកន្លែងធ្វើការវិញ ក្រោយការផ្ទុះជាបន្តបន្ទាប់ក្នុងសប្តាហ៍នេះ រាយការណ៍ដោយសារព័ត៌មាន Yonhap News។
នៅថ្ងៃសុក្រនេះ តួលេខឆ្លងថ្មីមានត្រឹម ៥៦១ករណី ដែលក្នុងនោះ ៥៥៣ករណីជាករណីឆ្លងក្នុងស្រុក ខណៈចំនួនឆ្លងសរុបកើនដល់៨៦១២៨ករណី តាមតួលេខផ្តល់ដោយមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េ។
តួលេខនេះបានថយចុះពីតួលេខនៃករណីឆ្លងថ្មីម្សិលមិញ ដែលមានដល់ទៅលើស៦០០ជាង ជាតួលេខខ្ពស់ក្រោយពីពិធីបុណ្យចូលឆ្នាំ ឈប់សម្រាកត្រូវបានបញ្ចប់។ យ៉ាងណាមិញ ជាមួយនឹងករណីកើនឡើងនេះ ស្របពេលដែលអាចដោយសារចំនួននៃការធ្វើតេស្តកើនឡើង គេក៏ឃើញមានការបន្តផ្ទុះជាសហគមន៍បន្តបន្ទាប់ចេញពីកន្លែងធ្វើការ ដូចជារោងចក្រឡចំហុយមួយដែលមនាអ្នកឆ្លងដល់ជាង ១៦០នាក់ និងបន្តកើន រោងចក្រផលិតផ្លាស់ស្ទិកនីតំបន់ណាមយ៉ាងជូ ដែលមានពលករខ្មែរយើងផង ដែលបច្ចុប្បន្នអ្នករកឃើញវិជ្ជមានឆ្លងមានដល់១៣០នាក់ ខណៈកំពុងបន្តតាមដានអ្នកពាក់ព័ន្ធដទៃទៀត និងករណីមួយទៀតចេញពីមន្ទីរពេទ្យដ៏ធំរបស់កូរ៉េ មន្ទីរពេទ្យសង់ឆ៊ុនយ៉ាង (Soonchunhyang University Hospital) ដែលមានករណីពាក់ព័ន្ធរកឃើញវិជ្ជមានក្នុងចំណោមគ្រូពេទ្យ អ្នកជំងឺ និងបុគ្គលិកមន្ទីរពេទ្យដល់១៧១ករណីហើយដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្នរដ្ឋាភិបាលបានអនុវត្តវិធានការគម្លាតសង្គមមកនៅកម្រិត២វិញសម្រាប់ក្រុងសេអ៊ូល និងប្រជុំជនព័ទ្ធជុំវិញមានខេត្តឃ្យ៉ុងគី និងក្រុងអ៊ីនឆន់ ខណៈតំបន់ដទៃទៀតទូទៀតប្រទេសនៅត្រឹមកម្រិត១.៥វិញ ក្រោយពីបានបន្ថយអំឡុងក្រោយពេលចូលឆ្នាំចិនមក។ ក្នុងនោះរដ្ឋាភិបាលក៏បានដាក់ចេញវិធានការអនុញ្ញាតឱ្យហាង ភោជនីយដ្ឋាន ក្លឹបកម្សាន្ត បាររាត្រីនានាអាចបើកដំណើរការបានដល់ម៉ោង១០យប់ផងដែរ។
ជាវិធានការបន្ទាប់ រដ្ឋាភិបាលកូរ៉េនឹងចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងជូនប្រជាជនខ្លួនលើកដំបូងនៅថ្ងៃទី២៦ ខែកុម្ភៈខាងមុខនេះ ដោយផ្តោតអាទិភាពលើក្រុមគ្រូពេទ្យជំនាញជួរមុខ និងចាស់ជរាមុន។