ករណីផ្ទុះកូវីដនៅរោងចក្រតំបន់ណាំយ៉ាងជូ ស្ថានទូតបញ្ជាក់ថា ពលករខ្មែរដែលឆ្លង ត្រូវបានអជ្ញាធរកូរ៉េរៀបចំធ្វើចត្តាឡីស័ក និងផ្តល់ការថែទាំដោយយកចិត្តទុកដាក់

កូរ៉េខាងត្បូង៖ ករណីផ្ទុះឆ្លងជំងឺកូវីដ១៩ នៅក្នុងរោងចក្រផលិតគ្រឿងជ័រ ឈ្មោះ Daedong Plastic នៅតំបន់ណាំយ៉ាងជូ ចម្ងាយប្រហែលជាង ២០គីឡូពីទីក្រុងសេអ៊ូល កាលពីល្ងាចថ្ងៃទី ១៧ កុម្ភៈ ២០២១ នេះកំពុងបន្តតាមដានពិនិត្យពីសំណាក់ក្រុមការងារស្ថានទូតកម្ពុជានៅសេអ៊ូលចំពោះស្ថានភាពបងប្អូនពលករខ្មែរយើងនៅទីនោះ។

តាមការបញ្ជាក់របស់ក្រុមការងារ រោងចក្រខាងលើនេះមានពលករបរទេសចំនួនប្រមាណ ១១០នាក់ជាង ដែលក្នុងនោះពលករខ្មែរចំនួន២០នាក់ដែរកំពុងបម្រើការងារនៅទីនោះដែរ។

លោកឯកអគ្គរាជទូត និងក្រុមការងារអនុព័ន្ធការងារបានជួបតាមទូរស័ព្ទជាមួយប្អូនប្រុស វុទ្ធី ដែលជាតំណាងអោយពលករខ្មែរនៅទីនោះ ដើម្បីសាកសួរព័ត៌មានលម្អិតបន្ថែមទៀត។ តាមការសាកសួរ បងប្អូនពលករភាគច្រើន បានអះអាងថាខ្លួនពិតជាបានឆ្លងជម្ងឺកូវីដ-១៩នេះ ហើយបច្ចុប្បន្នពួកគាត់ខ្លះត្រូវបានអាជ្ញាធរកូរ៉េបញ្ជូនឱ្យទៅធ្វើចត្តាឡីស័កដាច់ដោយឡែកផ្សេងៗពីគ្នាសិន ក្រោមការរៀបចំកន្លែងដោយអជ្ញាធរកូរ៉េ និងអ្នកខ្លះទៀតដែលមិនមានអាការៈធ្ងន់ធ្ងរទេ គឺត្រូវនៅដាច់ដោយឡែកនៅបន្ទប់រោងចក្រតែម្តង។

ជាមួយគ្នានេះ បងប្អូនក៏បានអះអាងថាអជ្ញាធរកូរ៉េ បានផ្ដល់អាហារបំប៉នដែលមានវីតាមីនច្រើន មានឧបករណ៍ត្រួតពិនិត្យសុខភាពក្នុងបន្ទប់ផ្ទាល់ ដើម្បីឱ្យពួកគាត់អាចរាយការណ៍បានទៅដល់អាជ្ញាធរសុខភាពគេជារៀងរាល់ថ្ងៃផងដែរ។

ក្នុងនោះដែរ ក្រសួងសុខាភិបាលកូរ៉េនឹងផ្ញើររបាយការណ៍លម្អិត ជាមួយនឹងចំនួនពលករខ្មែរឆ្លងជាក់លាក់ទៅដល់ក្រសួងសុខាភិបាលនៅកម្ពុជាផងដែរ។

នៅរសៀលម៉ោង៥ល្ងាចនេះ ក្រុមការងាររបស់ស្ថានទូតកម្ពុជា នឹងធ្វើការទាក់ទងតាមវីដេអូ សួរសុខទុក្ខជាមួយពួកគាត់ដែលកំពុងធ្វើចត្តាឡីស័ក ក៏ដូចជាសួរអំពីតម្រូវការរបស់ពួកគាត់បន្ថែមក្នុងអំឡុងពេលកំពុងព្យាបាលនេះ។
ស្ថានទូតនឹងបន្តតាមដាន និងធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពរបស់បងប្អូនពលករទាំង២០នាក់នេះជូនជាបន្តបន្ទាប់។

ឯកអគ្គរាជទូត និងក្រុមអនុព៍ន្ធទទួលបន្ទុកការងារ ជួបជាមួយបណ្តាពលករខ្មែរក្នុងករណីកូវីដនេះ តាមរយៈប្រព៍ន្ធវីដេអូ

ម្ហូបអាហារដែលផ្តល់ជូនដោយអជ្ញាធរសុខាភិបាលកូរ៉េ

Leave a Reply

Your email address will not be published. Required fields are marked *