សិស្សមត្តេយ្យម្នាក់ ឆ្លងកូវីដ-១៩ អាចឆ្លងពីគ្រូឯកជន ស្របដល់ពេលត្រូវបើកសាលាមតេ្តយ្យ និងបឋមសិក្សាឡើងវិញ

សេអ៊ូល៖ សិស្សថ្នាក់មតេ្តយ្យមួយរូបនៅសេអ៊ូលត្រូវបានរកឃើញថាវិជ្ជមានកូវីដ-១៩ តាមការលើកឡើងរបស់ការិយាល័យអប់រំទីក្រុងសេអ៊ូលនាព្រឹកនេះ។

កុមារអាយុ ៦ ឆ្នាំដែលរកឃើញវិជ្ជមាននេះ ត្រូវបានសង្ស័យថាឆ្លងពីគ្រូបង្រៀនសិល្បៈមួយរូបនៅសាលាឯកជនមួយ ក្នុងតំបន់ Gangseo ខាងត្បូងទន្លេហាន ដែលបានរកឃើញថាវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃអាទិត្យ។ សាលាឯកជនដែលរកឃើញថាមានករណីឆ្លងនេះ មានសិស្សសរុប ៩១ នាក់ និងគ្រូបីនាក់​ ដែលអ្នកទាំងអស់កំពុងត្រូវបានពិនិត្យសំណាករកមេរោគកូរ៉ូណាផងដែរ។

អជ្ញាធរតម្រូវឱ្យអាគារទាំងមូល ដែលរួមមានស្ថាប័នដទៃទៀតផង បិទទ្វារបណ្តោះអាសន្ន ដើម្បីធ្វើការសម្លាប់មេរោគ។ ក្នុងនោះដែរ សាលាមតេ្តយ្យរបស់កុមារដែលរកឃើញនោះ រួមនឹងសាលាមតេ្តយ្យ ១០ ផ្សេងទៀតនៅក្បែរនោះ រួមនឹងសាលាបឋមសិក្សា ៥ ទៀត ក៏ត្រូវបានបិទទ្វារជាបណ្តោះអាសន្ន ដើម្បីជាវិធានការបង្ការផងដែរ។

សូមបញ្ជាក់ថា តាមផែនការគ្រោងរបស់រដ្ឋាភិបាលកូរ៉េ សាលារៀនកម្រិតក្រោម មានថ្នាក់មត្តេយ្យ ថ្នាក់បឋមសិក្សា ថ្នាក់អនុវិទ្យាល័យជាដើម នឹងត្រូវចាប់ផ្តើមដំណើរការវិញចាប់ពីថ្ងៃពុធនេះហើយ ខណៈថ្នាក់វិទ្យាល័យចាប់ផ្តើមតាំងពីសប្តាហ៍មុន។

Leave a Reply

Your email address will not be published. Required fields are marked *