ទំព័រហ្វេសប៊ុក Ah Song Ha បង្ហោះសារបោកប្រាស់ពាក់ព័ន្ធវ៉ាក់សាំង ចេតនាកេងចំណេញនយោបាយដោយគ្មានគុណធម៌ ត្រូវមតិសាធារណជនរិះគន់ព្រោងព្រាត

កូរ៉េខាងត្បូង៖ នាវេលាយប់ថ្ងៃពុធនេះ ទំព័រហ្វេសប៊ុក Ah Song Ha ដែលត្រូវគេស្គាល់ថាជាពលករខុសច្បាប់ និងជាសកម្មជនប្រឆាំងដ៏សកម្មមួយរូបនៅក្នុង​ប្រទេសកូរ៉េខាងត្បូងនោះ បានបង្ហោះសារញុះញង់ ប្រកបដោយចរឹកលក្ខណៈកេងចំណេញនយោបាយ បង្កាត់បង្ខូច និងជាន់ឈ្លីមើលងាយកិត្តិយសរបស់អ្នកគ្រូម្នាក់ ដែលសកម្មជនប្រឆាំងរូបនេះបានលើកឡើងដោយចេតនាពុតត្បុតថា “ទទួលមរណភាពដោយសារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ” ខណៈដែលការពិតគឺអ្នកគ្រូរូបនេះ ទទួលមរណភាពដោយសារជំងឺប្រចាំកាយ មិនពាក់ព័ន្ធអ្វីសោះនឹងជំងឺកូវីដ និងវ៉ាក់សាំងបង្ការកូវីដនោះ។

តាមរយៈសារបង្ហោះមួយនេះ ត្រូវបានទទួលការបញ្ចេញមតិរិះគន់ ខឹងសម្បារយ៉ាងខ្លាំងពីមតិមហាជនទូទៅ មិនថាតែនៅប្រទេសកូរ៉េខាងត្បូងនោះទេ តែមានអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើនទៀតនៅកម្ពុជាបានបញ្ចេញសារខឹងសម្បារនឹងសកម្មភាពដ៏គួរឱ្យខ្ពើមរអើមមួយនេះរបស់ Ah Song Ha។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកជំនាញធ្វើការផ្ទាល់លើបញ្ហាកូវីដនេះ បានប្រកាសច្រានចោលទាំងស្រុង នូវការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងប្រឌិតទាំងស្រុងនេះ។ លោកជំទាវបានបញ្ជាក់ថា រហូតមកទល់ថ្ងៃនេះ ពុំទាន់មានគ្រូបង្រៀនណាម្នាក់ បានចាក់វ៉ាក់សាំងនៅឡើយទេ ដូច្នេះស្នើអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

ក្នុងនោះដែរ គេឃើញមានប្រតិបកម្មរបស់ផេកហ្វេសប៊ុក គ្រូបង្រៀន-Teacher ដែលបានបញ្ជាក់ថា អ្នកគ្រូ ឆន ណារី បានទទួលមរណភាពកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ដោយជំងឺរលាកស្រោមខួរ។ ក្រុមគ្រួសារជនរងគ្រោះផ្ទាល់ក៏បានចូលទៅបញ្ចេញមតិក្នុងទំព័រហ្វេសប៊ុក Ah Song Ha ដោយបានបញ្ជាក់បដិសេធច្បាស់ៗ និងបង្ហាញនូវលិខិតពេទ្យបញ្ជាក់មរណភាពរបស់អ្នកគ្រូផងដែរ។

សូមបញ្ជាក់ថា បុគ្គល Ah Song Ha នេះជាសកម្មជនប្រឆាំងមួយរូបដែលកន្លងមកតែងតែប្រើប្រាស់នូវមធ្យោបាយខិលខូចគ្រប់ប្រភេទ ធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងដោយមានចេតនានយោបាយជាក់លាក់ប្រកបដោយភាពស្មោគគ្រោកក្នុងការបង្វែរ និងបន្លំមតិ និងការយល់ដឹងរបស់សាធារណជនទូទៅអំពីបញ្ហាសង្គមនានា ដែលមានភាពមិនពិត រួមទាំងការចោទប្រកាន់ជាបន្តបន្ទាប់លើរដ្ឋាភិបាល និងថ្នាក់ដឹកនាំស្ថានទូតកម្ពុជានៅសេអ៊ូលផងដែរ។ ជាក់ស្តែងថ្មីៗនេះ ក្នុងករណីដែលពលករខ្មែរបាត់បង់ជីវិតនៅកូរ៉េ បុគ្គល Ah Song Ha នេះក៏បានចែករំលែកសារចោទប្រកាន់ដល់ស្ថានទូតខ្មែរនៅកូរ៉េថាកឹបលុយសំណងធានារ៉ាប់រងសម្រាប់ជនរងគ្រោះ ទាំងដែលស្ថានទូត និងអ្នកសម្របសម្រួលនានាដែលមិនមាននិន្នាការនយោបាយសោះនោះ បានបកស្រាយម្តងហើយម្តងទៀត អំពីនីតិវិធីនៃការផ្តល់ប្រាក់សំណងតាមកុងធនាគារពីភាគីកូរ៉េ ដល់គ្រួសារសពផ្ទាល់ហើយនោះ។

ចេតនាបម្រើនយោបាយស្មោគគ្រោកមិនចេះខ្មាស់អៀន និងគ្មានគុណធម៌នេះប្រាកដណាស់ត្រូវបានមើលឃើញយ៉ាងច្បាស់ជាបន្តបន្ទាប់ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរយើង ហើយត្រូវបានទទួលការរិះគន់ជាបន្តបន្ទាប់ផងដែរ។

នៅក្នុងករណីមួយនេះ អជ្ញាធរមានសមត្ថកិច្ចបានបញ្ជាក់យ៉ាងច្បាស់ថា បុគ្គល Ah Song Ha រួមនឹងបក្សពួកខ្លួនដែលបង្ហោះចែករំលែកនូវព័ត៌មានមិនពិតនេះ នឹងត្រូវទទួលវិធានការតាមផ្លូវច្បាប់ជាធរមាន។

សូមបងប្អូនខ្មែរយើងនៅកូរ៉េ ព្យាយាមពិនិត្យមើលនូវប្រភពព័ត៌មាននានាដែលចែកចាយក្នុងទំព័រហ្វេសប៊ុក ដើម្បីចៀសវាងនូវការទទួលយកព័ត៌មានមិនពិត គ្មានមូលដ្ឋានច្បាស់លាស់ ឧទាហរណ៍ជាក់ស្តែងដូចជាអ្វីដែលពួក Ah Song Ha នេះផុសជាដើម។

Leave a Reply

Your email address will not be published. Required fields are marked *