កូរ៉េខាងត្បូង៖ ប៉ូលីសកូរ៉េខាងត្បូងបាននាំខ្លួនប្តីប្រពន្ធមួយគូ ជាឃាតករសម្លាប់ក្មួយខ្លួនឯង ឡើងតុលាការដោយដាក់បទចោទប្រកាន់ពីអំពើឃាតកម្ម និងការប្រើហឹង្សាលើកុមារ បើតាមការប្រកាសរបស់តុលាការនៅថ្ងៃពុធម្សិលមិញនេះ ផ្សាយក្នុងសារព័ត៌មាន Yonhap News។
ករណីនេះកើតឡើងក្នុងខេត្តឃ្យ៉ុងគី ដែលប្តីប្រពន្ធទាំងគូនេះត្រូវឃាត់ខ្លួន ក្រោយក្មួយរបស់ខ្លួនអាយុ១០ឆ្នាំ ត្រូវបានរាយការណ៍ដោយប្តីប្រពន្ធនេះថាបានលង់ទឹកស្លាប់ក្នុងអាងងូតទឹកក្នុងផ្ទះខ្លួន ប៉ុន្តែក្រោយពីការសួរចម្លើយជាបន្តបន្ទាប់ពីសមត្ថកិច្ច ប្តីប្រពន្ធនេះក៏បានឆ្លើយសារភាពទាំងស្រុងថាខ្លួនបានសង្កត់ក្បាលរប់សក្មួយស្រីខ្លួនឯងអាយុ១០ឆ្នាំក្នុងអាងទឹកអស់ជាង១០នាទី រហូតដល់ដាច់ខ្យល់ស្លា ប់យ៉ាងអណោចអធ័មដូចនេះ។
កុមារីនេះបានមកនៅជាមួយគ្រួសារប្តីប្រពន្ធដែលទាំងពីរនាក់មានអាយុខ្ទង់៣០ឆ្នាំនេះ តាំងពីខែវិច្ឆិកាកន្លងមក ហើយត្រូវជាកូនបង្កើតរបស់ប្អូនស្រីប្រពន្ធដែលជាឃាតករនេះ។
តាមចម្លើយសារភាព ប្តីប្រពន្ធនេះបានវាយធ្វើបាបកូនស្រីនេះកន្លងមកជាប្រចាំដែរ ហើយនៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ថ្ងៃដែលកើតហេតុ កុមារីនេះត្រូវបានប្តីប្រពន្ធនេះវាយនឹងដងអំបោស និងវត្ថុដទៃទៀតនៅក្នុងផ្ទះខ្លួនដោយប្តីប្រពន្ធនេះលើកឡើងថា ដោយសារកុមារីនេះមានចរឹក “រឹងទទឹង”។ ក្រោយមកក្នុងថ្ងៃនោះ ប្តីប្រពន្ធនេះបានចាប់ដៃជើងកុមារីនេះ ហើយសង្កត់ក្បាលចូលក្នុងអាងទឹកអស់ជាង១០នាទី រហូតដល់ឈប់ដកដង្ហើម ទើបយកទៅមន្ទីរពេទ្យហើយអះអាងថាបានលង់ទឹកស្លាប់ដោយខ្លួនឯង។
តាមការស៊ើបអង្កេតបានឱ្យដឹងថា ប្តីប្រពន្ធនេះចាប់ផ្តើមធ្វើបាប វាយដំ យ៉ាងហោចណាស់ជាង២០ដង និងធ្លាប់សង្កត់ចូលទឹកបែបនេះយ៉ាងហោចណាស់ម្តងដែរ តាំងពីខែធ្នូកន្លងមក ពោលគឺក្រោយមកនៅជាមួយបានមួយខែប៉ុណ្ណោះ។
ក្នុងនោះដែរ ប៉ូលីសក៏កំពុងធ្វើការស៊ើបអង្កេត និងអាចធ្វើការចោទប្រកាន់ដោយឡែកមួយទៀតលើម្តាយបង្កើតរបស់កុមារីរងគ្រោះ ពីបទមិនអើពើនឹងសុខទុក្ខរបស់កូន បណ្តោយដល់មានហេតុការណ៍នេះកើតឡើង ក្នុងករណីដែលម្តាយនេះបានដឹងនូវហេតុការណ៍ហឹង្សាដែលកើតឡើងកន្លងមកលើកូនខ្លួនឬយ៉ាងណា។
សូមបញ្ជាក់ថា ករណីហឹង្សាលើកុមារនេះជាករណីថ្មីមួយទៀតហើយ ក្រោយពីប៉ុន្មានខែមុននេះមានករណីម្តាយចិញ្ចឹមម្នាក់នៅក្នុងទីក្រុងសេអ៊ូល បានវាយធ្វើបាបកូនតូចអាយុ១៦ខែរហូតដល់ស្លាប់។
