បុរសម្នាក់ត្រូវទាហានកូរ៉េខាងត្បូងចាប់បាន ក្រោយលួចហែលទឹកឆ្លងព្រំដែនដ៏គ្រោះថ្នាក់ពីកូរ៉េខាងជើង រហូតដល់មកដល់កូរ៉េខាងត្បូងបានសម្រេច

កូរ៉េខាងត្បូង៖ បុរសកូរ៉េខាងជើងម្នាក់ត្រូវបានរកឃើញ និងចាប់បាន ក្នុងករណីលួចឆ្លងដែនពីកូរ៉េខាងជើង ចូលមកក្នុងប្រទេសកូរ៉េខាងត្បូង ដោយហែលកាត់តាមសមុទ្រជាមួយនឹងឈុតហែលទឹកមួយឈុតពេញ នេះបើតាមការរាយការណ៍របស់អជ្ញាធរកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ។

បុរសម្នាក់នេះត្រូវបានអជ្ញាធរបញ្ជាក់ថា បានលួចចូលមកក្នុងតំបន់ហាមឃាត់ព្រំដែនប្រទេសកូរ៉េទាំងពីរ ក្នុងគោលដៅមកប្រទេសកូរ៉េខាងត្បូង តាំងពីថ្ងៃអង្គារម្សិលមិញមកម្ល៉េះ ហើយក្រោយមកត្រូវបានក្រុមទាហានកូរ៉េខាងត្បូងចេញប្រតិបត្តិការតាមរក និងឃាត់ខ្លួនក្រោយរុករកក្នុងតំបន់ហាមឃាត់អស់ជាង៣ម៉ោង។

បើតាមអង្គភាពសេនាធិការចំរុះរួមរបស់កូរ៉េខាងត្បូង (JCS) បុរសម្នាក់នេះទំនងជាបានហែលឆ្លងកាត់តាមព្រំដែនសមុទ្ររបស់កូរ៉េទាំងពីរ ហើយឡើងមកគោកត្រង់ចំណុចយាមមួយកន្លែងនៅក្នុងទឹកដីកូរ៉េខាងត្បូង និងបានលូនចូលតាមបំពង់លូធំមួយ ដើម្បីគេចឱ្យផុតពីរបងព្រំដែនដែលមានកម្ពស់យ៉ាងខ្ពស់នៅតាមបណ្តោយឆ្នេរ និងមានការយាមកាមតឹងរ៉ឹងនោះ។ សកម្មភាពរបស់បុរសដែលបានលួចចូលមកទឹកដីកូរ៉េខាងត្បូងនេះ ត្រូវបានឧបករណ៍តាមដានយោធារបស់កូរ៉េខាងត្បូង ចាប់បានសកម្មភាពជាច្រើនដង តាំងពីគាត់បានឡើងមកដល់លើគោក ប៉ុន្តែកងទ័ពឆ្មាំយាមព្រំដែនកូរ៉េខាងត្បូង មិនបានចេញសកម្មភាពដើម្បីទប់ស្កាត់ នេះបើតាមការលើកឡើងរបស់អង្គភាពសេនាធិការចំរុះរួមរបស់កូរ៉េខាងត្បូង (JCS)។

តាមការបញ្ជាក់របស់អង្គភាពសេនាធិការចំរុះរួមរបស់កូរ៉េខាងត្បូង (JCS) សកម្មភាពលួចឆ្លងដែននេះជាសកម្មភាពបំពានធ្ងន់ធ្ងរ ហើយក្រុមការងារស៊ើបអង្កេតកំពុងបន្តពិនិត្យលើករណីនេះ មុននឹងអាចដាក់ចេញនូវបទបញ្ជាដទៃទៀតជាបន្តបន្ទាប់សម្រាប់ករណីនេះ។ បើតាមការរាយការណ៍មក បុរសរូបនេះមានអាយុប្រហែល២០ឆ្នាំ ជាជនស៊ីវិលធម្មតា ហើយបានបង្ហាញពីគោលបំណងរត់គេចពីកូរ៉េខាងជើង ដើម្បីចូលមករស់នៅក្នុងប្រទេសកូរ៉េខាងជើង។ យ៉ាងណាមិញ ក្រុមការងារស៊ើបអង្កេតជំនាញនៅបន្តពិនិត្យមើល ជាពិសេសទៅលើគោលបំណង និងអត្តសញ្ញាណរបស់បុរសនេះ ដើម្បីអាចធានាថានេះមិនមានចេតនានយោបាយណាមួយបង្កប់ពីក្រោយ។

កាលពីពេលថ្មីៗក្នុងខែវិច្ឆិកាកន្លងមក ក៏មានករណីមួយផ្សេងទៀតដែលជនជាតិកូរ៉េខាងជើង បានលួចចូលមកទឹកដីកូរ៉េខាងត្បូងផងដែរ ដែលនាំឱ្យមានមតិសាធារណជនរិះគន់លើចន្លោះប្រហោងនៃបញ្ហាសន្តិសុខយាមកាម នៅតាមព្រំដែន ដែលអាចឱ្យជនស៊ីវិលអាចលួចចូលឆ្លងព្រំដែនបានដូចនេះ។

សូមបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមឧបទ្វីបកូរ៉េនៅឆ្នាំ១៩៥០ ដល់១៩៥៣ មក ព្រំដែននៃប្រទេសទាំងពីរបានក្លាយជាតំបន់យាមកាមដោយយោធាតឹងរ៉ឹងបំផុត ជាពិសេសនៅក្នុងតំបន់ដែលគ្មានកងទ័ព DMZ រវាងប្រទេសទាំងពីរ។

Leave a Reply

Your email address will not be published. Required fields are marked *