កូរ៉េខាងត្បូង៖ រោងចក្រផលិតឡចំហាយមួយនៅភាគកណ្តាលប្រទេសកូរ៉េខាងត្បូង បានក្លាយជាចំណុចក្តៅនៃការឆ្លងសហគមន៍កូវីដ-១៩ថ្មី ក្រោយរកឃើញករណីឆ្លងពាក់ព័ន្ធជាបន្តបន្ទាប់រហូតដល់១០០ករណី ត្រឹមថ្ងៃអង្គារម្សិលមិញនេះ រាយការណ៍ដោយអជ្ញាធរសុខាភិបាលកូរ៉េ ក្នុងសារព័ត៌មាន Yonhap News។
រោងចក្រផលិតឡចំហាយនេះឈ្មោះថា Kiturami Boiler’s plant ស្ថិតនៅក្នុងទីក្រុងអាសាន ខេត្តឈុងឈុនខាងត្បូង ដែលមានការរាយការណ៍ថាមានករណីឆ្លងក្នុងចំណោមបុគ្គលិកចំនួន ៨០នាក់ និង២០នាក់ផ្សេងទៀតជាក្រុមគ្រួសាររបស់បុគ្គលិកដែលបានឆ្លងក្នុងករណីសហគមន៍ពីរោងចក្រនេះ ចាប់តាំងពីថ្ងៃសៅរ៍មក។
រោងចក្រនេះមានកម្មករចំនួន ៦៤១នាក់ ដែលអ្នកឆ្លងភាគច្រើនស្ថិតក្នុងអាគារតែមួយរួមគ្នា ដែលអ្នកជំនាញលើកឡើងថាការឆ្លងអាចបណ្តាលមកពីម៉ាស៊ីនកម្តៅក្នុងអាគារ ដែលនាំមេរោគឆ្លងពីម្នាក់ទៅម្នាក់តៗគ្នាបែបនេះ។ ក្រោយពីពិនិត្យ អជ្ញាធរបានបញ្ជាក់ថាប្រព័ន្ធគ្រប់គ្រងចរន្តខ្យល់ក្នុងអាគារនេះមានភាពខ្វះចន្លោះច្រើន ដែលអាចជាមូលហេតុចម្បងនៃការផ្ទុះឆ្លងជាសហគមន៍នេះ។
បើតាមការបញ្ជាក់របស់អជ្ញាធរសុខាភិបាល គេរកឃើញមេរោគកូរ៉ូណានេះនៅសឹងគ្រប់ទីកន្លែងក្នុងអាគារដែលមានការឆ្លងនេះ ដូចជានៅក្នុងម៉ាស៊ីនកម្តៅ សាឡុងក្នុងបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់ ម៉ាស៊ីនទិញភេសជ្ជៈ និងតុប្រជុំជាដើម។ ក្នុងករណីនេះ រោងចក្រទាំងមូលបានផ្អាក់ដំណើរបណ្តោះអាសន្នសិន ហើយកម្មករ និងបុគ្គលិកទាំងអស់ រួមទាំងក្រុមគ្រួសារផង កំពុងត្រូវធ្វើតេស្តដើម្បីរកមើលអ្នកដែលអាចឆ្លងបន្តបន្ទាប់ទៀតផងដែរ ដែលគេរំពឹងថាអាចនឹងកើនឡើងបន្ថែមទៀតក្នុងប៉ុន្មានថ្ងៃខាងមុខ។
អជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា នឹងរៀបចំឱ្យមានការចុះត្រួតពិនិត្យតាមទីតាំងរោងចក្រនានាដែលមានកម្មករលើសពី១០០នាក់ឡើង ដើម្បីព្យាយាមទប់ស្កាត់ករណីផ្ទុះជាចង្កោមដូចនេះនាពេលខាងមុខទៀត។