កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េនឹងអនុញ្ញាតអោយជនបរទេសខុសច្បាប់អាចធ្វើការចុះបញ្ជីកូនដែលកើតនៅលើទឹកដីកូរ៉េ ដើម្បីទទួលសិទ្ធិ និងផលប្រយោជន៍របស់កុមារ នេះបើតាមការពិភាក្សារបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កូរ៉េ (박범계) ជាមួយអ្នកជំនាញកាលពីថ្ងៃចន្ទសប្តាហ៍នេះ ដើម្បីបង្កើតច្បាប់ទ្រទ្រង់ដោយមិនគិតពីស្ថានភាពស្របច្បាប់របស់ឪពុកម្តាយនោះទេ។
តាមរយៈច្បាប់បច្ចុប្បន្ន ឪពុកម្តាយខុសច្បាប់មិនអាចចុះបញ្ជីកូនបាននោះទេ ប្រសិនបើរស់នៅមិនស្របច្បាប់។
នៅក្នុងស្ថានភាពខ្លះទៀត កុមារមិនអាចចុះបញ្ជីបានដោយសារឪពុកម្តាយស្នាក់នៅហួសសុពលភាព ឬបាត់បង់សិទ្ធរស់នៅស្របច្បាប់ ឬករណីស្រ្តីបរទេសរៀបការប្តីកូរ៉េហើយបានលែងលះប្តី ឬរស់នៅខុសច្បាប់មានកូនដោយមិនបានរៀបការ។
បើតាមតួលេខ ចំនួនកុមារដែលមិនបានចុះបញ្ជីដោយសារមូលហេតុផ្សេងៗនៅក្នុងប្រទេសកូរ៉េខាងត្បូង មានចំនួនដល់ជាង២ម៉ឺននាក់។
ក្នុងករណីដែលកុមារមិនបានចុះបញ្ជី ពួកគេនឹងមិនមានសិទ្ធិទទួលបានអត្ថប្រយោជន៍សង្គមសាធារណៈ រួមទាំងការធានារ៉ាប់រងសុខភាពនិងការអប់រំ។ ក្នុងករណីខ្លះកង្វះស្ថានភាពផ្លូវច្បាប់ធ្វើឱ្យកុមារប្រឈមនឹងការរំលោភបំពាន និងការជួញដូរមនុស្សទៀតផង។
ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងជំនាញបាននឹងកំពុងពិភាក្សាអំពីបញ្ហានេះជាមួយក្រុមប្រឹក្សាពិសេសចាប់តាំងពីឆ្នាំ២០១៨ ហើយបានសំរេចបង្កើតច្បាប់ពិសេស។
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ (박범계) បាននិយាយនៅក្នុងកិច្ចប្រជុំនោះថា “ក្មេងៗទាំងនេះ ដូចគេបានដាក់នៅក្នុងកន្លែងភពងងឹតផ្នែកសិទ្ធិមនុស្ស”។ យើងសង្ឃឹមថាប្រព័ន្ធថ្មីនេះនឹងជួយការពារកុមារពីឧក្រិដ្ឋកម្មដូចជាការរំលោភបំពានការទទួលយកដោយខុសច្បាប់និងការជួញដូរមនុស្ស និងអាចជួយរដ្ឋាភិបាលប្រមូលទិន្នន័យសម្រាប់ការអនុវត្តគោលនយោបាយដូចជាការចាក់វ៉ាក់សាំង និងផ្តល់ការអប់រំ។
ខ្លឹមសារប្រែសម្រួលដោយ៖ Meng costa