ថ្ងៃដំបូងបើកដំណើរការឡើងវិញ ក្រោយបិទទ្វារអស់ជាងប៉ុន្មានខែមកដោយសារកូវីដ ក្លឹបកម្សាន្ត បាររាត្រី នៅតំបន់ល្បីៗនៅសេអ៊ូលបន្តមានសភាពស្ងាត់ជ្រងំ

កូរ៉េខាងត្បូង៖ ក្លឹបកម្សាន្ត ​បារជាច្រើននៅក្នុងតំបន់ល្បីៗនៅក្នុងទីក្រុងសេអ៊ូលនៅតែមិនទាន់មានភ្ញៀវមកលេងកំសាន្តច្រើនកកកុញ នៅយប់ថ្ងៃចន្ទម្សិលមិញនេះ ក្រោយពីរដ្ឋាភិបាលកូរ៉េបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញជាថ្មី ក្រោយពីបានបិទទ្វារអស់ជាង៣ខែកន្លងមក ដោយសារតែបញ្ហាកូវីដ។

នៅយប់ថ្ងៃចន្ទម្សិលមិញនេះជាយប់ដំបូងនៃការបើកអនុញ្ញាតដំណើរការអាជីវកម្ម ក្លឹបកម្សាន្ត ​បាររាត្រី ដែលអាចបើកដំណើរការបានរហូតដល់ម៉ោង១០យប់ ក្រោយពីត្រូវបានបិទទ្វារកន្លងមកអសរយៈពេលជាច្រើនខែអនុវត្តទៅតាមវិធានការគម្លាតសង្គមដ៏តឹងតែងរបស់រដ្ឋាភិបាល។

យ៉ាងណាមិញ គេសង្កេតឃើញថាសកម្មភាពនៅក្នុងថ្ងៃដំបូងនៃការបើកឡើងវិញនេះ ហាក់មានភាពស្ងប់ស្ងាត់មិនដូចទៅនឹងអ្វីជាការរំពឹងទុករបស់ម្ចាស់អាជីវកម្មនីមួយៗ ដែលរំពឹងនឹងមានភ្ញៀវមកច្រើន។ នៅតំបន់ហ្គាងណាំ (Gangnam) ដែលជាតំបន់ក្លឹបកម្សាន្តដ៏មានប្រជាប្រិយនោះ មានសភាពស្ងប់ស្ងាត់ដោយមិនមានភ្ញៀវមកច្រើនដូចធម្មតានោះទេ ដោយហាងខ្លះមានភ្ញៀវត្រឹម២ ទៅ៣នាក់ប៉ុណ្ណោះ រីឯហាងខ្លះទៀតសឹងតែគ្មានភ្ញៀវទាល់តែសោះ ហើយម្ចាស់ហាងមួយចំនូនបានបង្ហាញការបារម្ភអំពីលទ្ធភាពនៃការបន្តប្រតិបត្តិការអាជីវកម្មខ្លួនបន្តទៀតបានឬអត់ ជាក់ស្តែងដូចជាលុយថ្លៃជួលទីតាំងជាដើម និងចំណាយដទៃទៀត ក្នុងស្ថានការណ៍លំបាកបែបនេះ។

តំបន់ហ្គាងណាម មានសភាពស្ងប់ស្ងាត់នៅថ្ងៃទី១៥ កុម្ភៈ ២០២១នេះ ទោះបីជាក្លឹបកម្សាន្តចាប់បើកឡើងវិញ

នៅតំបន់ហុងដេ (Hongdae) វិញ ស្ថានភាពអាជីវកម្មនានាមានភាពស្ងាត់ជ្រងំដូចគ្នាដែរ ដោយបារ និងក្លឹបកម្សាន្តនានាសឹងគ្មានមនុស្សចូល ហើយនៅតាមដងផ្លូវក៏មិនមានមនុស្សដើរផងដែរ។

ទិដ្ឋភាពផ្លូវនៅក្នុងតំបន់ហុងដេ មានសភាពស្ងប់ស្ងាត់

ចំណែកនៅតំបន់អ៊ីតេវ៉ុន (Itaewon) វិញ ដែលភាគច្រើនពេញនិយមសម្រាប់ជនបរទេស មានត្រឹមតែហាងមួយចំនួនតូចប៉ុណ្ណោះ មានមនុស្សចូលពេញ ខណៈដែលហាងមួយចំនួនច្រើនទៀតក៏មានសភាពស្ងប់ស្ងាត់ផងដែរ។ អ្នកធ្វើការម្នាក់នៅក្នុងបារនៅតំបន់អ៊ីតេវ៉ុន បាននិយាយថាចាប់តាំងពីមានការផ្ទុះករណីសហគមន៍ពីតំបន់អ៊ីតេវ៉ុននេះកាលពីខែឧសភាកន្លងទៅមក តំបន់នេះមានការលំបាកក្នុងការរកស៊ីច្រើន។ យ៉ាងណាមិញ ក៏មានមតិមួយចំនួនលើកឡើងថា សភាពស្ងប់ស្ងាត់ខ្លាំងនេះ ក្រៅពីបញ្ហាបារម្ភពីជំងឺកូវីដ ក៏អាចដោយសារបញ្ហានៃអាកាសធាតុចុះត្រជាក់ខ្លាំងក្នុងអំឡុងពេលនេះផងដែរ។

ផ្លូវមួយនៅក្នុងតំបន់អ៊ីតេវ៉ុន យប់ថ្ងៃទិ១៥ ខែកុម្ភៈ ២០២១ សឹងតែគ្មានមនុស្សទាល់តែសោះ

 

Leave a Reply

Your email address will not be published. Required fields are marked *