រដ្ឋាភិបាលកូរ៉េខាងត្បូង បញ្ជាទិញវ៉ាក់សាំងកូវីដ សម្រាប់មនុស្ស ២៣លាននាក់បន្ថែមទៀត ក្រោយបានបញ្ជាទិញកន្លងមកសម្រាប់ ៥៦លាននាក់រួចទៅហើយ

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសលើការបញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ បន្ថែមសម្រាប់ប្រជាជនខ្លួនដល់ទៅ២៣លាននាក់ទៀត ដោយបារម្ភអំពីហានិភ័យនៃកង្វះខាតវ៉ាក់សាំងផ្តល់ជូនប្រជាជនចាស់ជរារបស់ខ្លួន រាយការណ៍ក្នុងសារព័ត៌មាន Yonhap News។

តាមរយៈការប្រកាសនេះ មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូងបានបញ្ជាក់ថាកូរ៉េខាងត្បូងបានចុះហត្ថលេខាបញ្ជាទិញរួចរាល់ហើយនូវវ៉ាក់សាំងកូវីដ-១៩ បន្ថែមសម្រាប់ផ្តល់ជូនប្រជាជនដល់ ២៣លាននាក់ ក្នុងនោះវ៉ាក់សាំងសម្រាប់ ២០លាននាក់បញ្ជាទិញពីក្រុមហ៊ុន Novavax និងវ៉ាក់សាំងសម្រាប់ប្រជាជន ៣លាននាក់ បញ្ជាទិញពីក្រុមហ៊ុន Pfizer របស់សហរដ្ឋអាម៉េរិក។

ក្នុងនោះដែរ វ៉ាក់សាំងដែលបញ្ជាទិញថ្មីនេះរបស់ក្រុមហ៊ុន Novavax រំពឹងថានឹងអាចដឹកមកដល់ក្នុងឆមាសទី២ខាងមុខ ខណៈដែលវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer នឹងអាចដឹកមកដល់កូរ៉េខាងត្បូងចុងខែមីនាខាងមុខនេះ។ ជាមួយនឹងវ៉ាក់សាំងបន្ថែមសម្រាប់ផ្តល់ជូនប្រជាជន ២៣លាននាក់នេះទៀត រួមនឹងវ៉ាក់សាំងកូវីដដែលកូរ៉េខាងត្បូងបានបញ្ជាទិញកន្លងមកសម្រាប់មនុស្ស ៥៦លាននាក់ទៀតនោះ ពេលនេះប្រទេសកូរ៉េខាងត្បូងមានសមត្ថភាពផ្តល់វ៉ាក់សាំងកូវីដ-១៩ សម្រាប់មនុស្សដល់ទៅ៧៩លាននាក់ ខណៈដែលប្រជាជនសរុបរបស់ខ្លួនមានត្រឹម ៥២លាននាក់ប៉ុណ្ណោះ។

គួរបញ្ជាក់ថា កម្មវិធីផ្តល់វ៉ាក់សាំងកូវីដ-១៩ ដំបូងគេបង្អស់ក្នុងប្រទេសកូរ៉េខាងត្បូងនឹងចាប់ផ្តើមនៅថ្ងៃទី២៦ ខែកុម្ភៈ ២០២១ខាងមុខនេះហើយ ដែលជាវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ប្រទេសអង់គ្លេស ដោយផ្តល់អាទិភាពមុនគេសម្រាប់មន្ត្រីសុខាភិបាលជួរមុខ និងជនចាស់ជរា។

សូមបញ្ជាក់ថា នៅថ្ងៃអង្គារនេះក្រោយពិធីបុណ្យចូលឆ្នាំនៅប្រទេសកូរ៉េខាងត្បូង ករណីឆ្លងកូវីដ-១៩ថ្មីបានកើនឡើងលើស៤០០ករណី គឺមានដល់៤៥៧ករណី ដែលក្នុងនោះ៤២៩ករណីជាករណីឆ្លងក្នុងស្រុក។ តួលេខនៃករណីឆ្លងសរុបកើនដល់ ៨៤,៣២៥ករណីហើយ។

Leave a Reply

Your email address will not be published. Required fields are marked *