កូរ៉េខាងត្បូង៖ សត្វឆ្មាចិញ្ចឹមមួយក្បាលនៅក្នុងទីក្រុងសេអ៊ូល ត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានមេរោគកូរ៉ូណា ជាករណីវិជ្ជមានកូរ៉ូណាដំបូងបង្អស់សម្រាប់សត្វចិញ្ចឹមក្នុងទីក្រុងសេអ៊ូល បើតាមការបញ្ជាក់របស់សាលាក្រុងសេអ៊ូល និងរាយការណ៍ក្នុងសារព័ត៌មាន Yonhap News។
សត្វឆ្មាដែលរកឃើញវិជ្ជមានជំងឺកូវីដនេះ ជាឆ្មាញី មានអាយុប្រហែលពី៤ ទៅ៥ឆ្នាំ ហើយត្រូវបានចាប់ធ្វើតេស្តរកមេរោគកូរ៉ូណាកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ ហើយលទ្ធផលចេញនៅថ្ងៃបន្ទាប់នោះរកឃើញថាសត្វឆ្មានេះពិតជាវិជ្ជមានមេរោគកូរ៉ូណាពិតមែន។
សត្វឆ្មានេះត្រូវបានម្ចាស់សង្ស័យដយោសារមានអាការៈដូចជាក្អួតចង្អោរ និងពិបាកដកដង្ហើមនៅមុនពេលធ្វើតេស្ត ហើយក្រោយពីលទ្ធផលធ្វើតេស្តចេញមក សត្វឆ្មានេះត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលថែរក្សាសត្វដើម្បីធ្វើចត្តាឡីស័ក ការពារហានិភ័យនៃការចម្លងបន្តទៅសត្វដទៃ ឬទៅមនុស្សដទៃ ដោយសារម្ចាស់របស់វាត្រូវបានរកឃើញវិជ្ជមានមុនសត្វនេះទៅទៀត ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដែរ។

អជ្ញាធរសុខាភិបាលលើកឡើងថា គេត្រូវដាក់សត្វឆ្មានេះធ្វើចត្តាឡីស័កដាច់ដោយឡែក បើទោះជាគេមិនទាន់រកឃើញករណីដែលមេរោគកូរ៉ូណានេះអាចឆ្លងបន្តពីសត្វមកមនុស្សក៏ដោយ។ សត្វឆ្មានេះនឹងត្រូវអនុញ្ញាតឱ្យមកនៅក្រៅធម្មតាវិញ ក្រោយធ្វើចត្តាឡីស័កពេញលេញ និងធ្វើតេស្តរកមិនឃើញមេរោគកូរ៉ូណាទៀត។
សូមបញ្ជាក់ថា ក្នុងអំឡុងពេលពីសប្តាហ៍មុន អជ្ញាធរសុខាភិបាលបានចេញសេចក្តីប្រកាសថានឹងចាប់ផ្តើមទទួលធ្វើតេស្តកូវីដលើសត្វចិញ្ចឹមណាដែលមានអាការៈសង្ស័យ ហើយមកដល់បច្ចុប្បន្ននេះគេបានធ្វើតេស្តលើសត្វចិញ្ចឹមចំនួន ៤ក្បាលហើយ គឺសត្វឆ្កែ៣ក្បាល និងសត្វឆ្មា១ក្បាល។
កន្លងមក ករណីដំបូងគេនៃការរកឃើញមេរោគកូរ៉ូណាពីសត្វ គឺត្រូវបានរកឃើញទៅលើសត្វឆ្មាមួយក្បាលនៅក្រុងជីនជូ (Jinju) កាលពីខែមុននេះ។
