កូរ៉េខាងត្បូង៖ ក្នុងកិច្ចប្រជុំជាមួយបណ្តាថ្នាក់ដឹកនាំនៅវិមានប្រធានាធិបតីកូរ៉េនាព្រឹកនេះ លោកប្រធានាធិបតី មូន ជេអ៊ីនបានលើកឡើងថារដ្ឋាភិបាលកូរ៉េនឹងដាក់ចេញនូវគោលនយោបាយវិធានការគម្លាតសង្គមថ្មីសម្រាប់អនុវត្ត ចាប់ពីដើមខែក្រោយនេះទៅ ក្រោយពេលដែលកូរ៉េខាងត្បូងនឹងបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងនៅចុងខែកុម្ភៈនេះ។
តាមការថ្លែងឡើងរបស់លោកប្រធានាធិបតី មូន វិធានការគម្លាតសង្គមដែលនឹងដាក់ឱ្យអនុវត្តថ្មីនេះ នឹងព្យាយាមកាត់បន្ថយការអនុវត្តជាកាតព្វកិច្ច ហើយនឹងផ្តោតមកជាការអនុវត្តតាមបែបស្ម័គ្រចិត្តច្រើនជាងមុន ដោយនឹងផ្តោតលើវិធានការគ្រប់គ្រង និងទប់ស្កាត់ការឆ្លងជំងឺកូវីដ តាមរយៈការផ្តល់ស្វយ័តភាព និងបង្កើតជាទំនួលខុសត្រូវលក្ខណៈបុគ្គលវិញ ជាជាងការបង្ខំឱ្យទាំងអស់គ្នាអនុវត្តវិធានការរួមជាកាតព្វកិច្ចដូចបច្ចុប្បន្ននេះ។
លោកប្រធានាធិបតីបញ្ជាក់ថា វិធានការគម្លាតសង្គមអនុវត្តកន្លងមកថ្វីត្បិតតែអាចទប់ស្កាត់នូវហានិភ័យបានជាលទ្ធផលគាប់ប្រសើរមែន តែគឺបានជះផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងសង្គមខ្លាំងណាស់ដល់ម្ចាស់អាជីវកម្មនានាសឹងតែទូទាំងប្រទេស ជាពិសេសគឺម្ចាស់អាជីវកម្មខ្នាតតូច និងអ្នកលក់ដូចតិចតួចនានា។ ជាក់ស្តែងកន្លងមក មានម្ចាស់អាជីវកម្មជាច្រើនបានតវ៉ាជាមួយរដ្ឋាភិបាលទាមទារឱ្យមានសំណងប៉ះប៉ូវការខាតបង់ជាច្រើនបណ្តាលមកពីវិធានការគម្លាតសង្គមដ៏តឹងរ៉ឹងអនុវត្តប៉ុន្មានខែចុងក្រោយនេះ។
វិធានការគម្លាតសង្គមដើម្បីទប់ស្កាត់មេរោគកូរ៉ូណាថ្មីនេះត្រូវតែមានលក្ខណៈបន្ស៉ាំ និងអាចទ្រទ្រង់ទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនបាន តែដើម្បីអនុវត្តវិធានការថ្មីឱ្យមានប្រសិទ្ធភាពស្មារតីទំនួលខុសត្រូវរបស់បុគ្គលត្រូវតែមានលក្ខណៈច្បាស់លាស់ជាងមុន ហើយការពិន័យចំពោះការល្មើសបំពាននិងវិធានការថ្មី ក៏នឹងត្រូវពង្រឹងឱ្យបានខ្លាំង និងធ្ងន់ធ្ងរជាងមុនផងដែរ។
ក្នុងន័យនេះ វិធានការគម្លាតសង្គមបច្ចុប្បន្នដែលមានប្រាំកម្រិតនេះ អាចនឹងត្រូវកែសម្រួលជាថ្មី ដែលព័ត៌មានបន្ថែមលម្អិតនឹងអាចផ្តល់ជូននាពេលក្រោយ។
សូមបញ្ជាក់ថា គិតដល់បច្ចុប្បន្ន កូរ៉េខាងត្បូងហាក់រាងធូរស្បើយច្រើនពីរលកទីបីនៃជំងឺកូវីដ ដោយករណីឆ្លងប្រចាំថ្ងៃមានត្រឹមជាង ៣០០ ទៅ៤០០ករណីប៉ុណ្ណោះ។ លើសពីនោះទៀត ការត្រៀមចាក់វា៉ក់សាំងពីថ្ងៃទី២៦ ខែមីនា ខាងមុខនេះទៅ របស់ក្រុមហ៊ុន AstraZeneca ដែលនឹងដឹកមកដល់មុនគេនោះ ក៏នឹងជាយន្តការសំខាន់មួយទៀតដើម្បីជួយទប់ស្កាត់ហានិភ័យនៃជំងឺកូវីដនាពេលខាងមុខផងដែរ។