ប៉ូលីសកូរ៉េខាងត្បូង ឆ្មក់ចូលឆែកឆេរទីស្នាក់ការនៃវិហារសាសនាគ្រឹស្ត សង្ស័យថាល្មើសនឹងបម្រាមវិធានការគម្លាតសង្គម នាំឱ្យផ្ទុះករណីសហគមន៍កន្លងមក

កូរ៉េខាងត្បូង៖ ប៉ូលីសកូរ៉េខាងត្បូងនៅថ្ងៃចន្ទនេះ ធ្វើការឆ្មក់ឆែកឆេរទីស្នាក់ការនៃវិហារសាសនាគ្រឹស្តមួយកន្លែង ដោយសង្ស័យថាបានល្មើសទៅនឹងបម្រាមវិធានការកូវីដ-១៩កន្លងមក ដែលបាននាំឱ្យមានការផ្ទុះនូវការឆ្លងជំងឺកូវីដជាសហគមន៍នាពេលថ្មីៗនេះ រាយការណ៍ក្នុងសារព័ត៌មាន Yonhap News។

ក្នុងប្រតិបត្តិការឆ្មក់ចូលឆែកឆេរទីតាំងទីស្នាក់ការវិហារសាសនាគ្រឹស្ត IM នៅតំបន់ដេជុន (Daejon) នេះ ប៉ូលីសបានរឹបអូសយក Hard Drive និងឯកសារសំខាន់ៗនានាដទៃទៀតពីទីស្នាក់ការកណ្តាលនៃវិហារសាសនានេះ ដើម្បីពិនិត្យមើលថាតើមានការអនុវត្តណានាពេលកន្លងមកដែលប៉ះពាល់ខុសឆ្គងទៅលើបម្រាមវិធានការកូវីដ-១៩ ដែលនាំឱ្យមានការឆ្លងកូវីដជាសហគមន៍កន្លងមកនោះដែរឬយ៉ាងណា។

វិហារ និងសាលាបង្រៀនសាសនាគ្រឹស្ត IM នេះ ត្រូវបានអជ្ញាធរស្តីបន្ទោសចំពោះករណីឆ្លងកូវីដជាសហគមន៍កន្លងមក ដែលមានករណីពាក់ព័ន្ធចេញពីប្រភពនេះដល់ជាង ៤០០ករណីពីទីតាំងសាខានានារបស់វិហារសាសនានេះទូទាំងប្រទេសកូរ៉េ។ អជ្ញាធរសុខាភិបាលបានចោទប្រកាន់វិហារសាសនានេះថាបានល្មើសនឹងបម្រាមនានារបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ជាសហគមន៍នេះ។

តាមការរៀបរាប់របស់អជ្ញាធរ ទីតាំងវិហារ និងសាលានេះកន្លងមកបានបើកដំណើរការការរៀបចំពិធីសាសនានានាដោយមានការជួបជុំគ្នាផ្ទាល់ ខណៈដែលរដ្ឋាភិបាលបានកម្រិតមិនឱ្យមានការជួបជុំសាសនា ដោយត្រូវធ្វើកម្មវិធីតាមប្រព័ន្ធអនឡាញប៉ុណ្ណោះ និងអាចឱ្យមានការចូលរួមផ្ទាល់ត្រឹមតែ២០%ប៉ុណ្ណោះ។ ក្នុងនោះដែរ ប៉ូលីសកូរ៉េបានលើកឡើងថាក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចនឹងស្វែងរកនូវភស្តុតាងពាក់ព័ន្ធនានាទៀត ដើម្បីរកឱ្យឃើញពីបទល្មើសដទៃទៀតដែលអាចវិហារសាសនានេះបានល្មើសកន្លងមកផងដែរ។

ក្នុងនោះដែរ ប្រធាននៃទីតាំងព្រះវិហារសាសនានេះ នឹងត្រូវកោះហៅមកសាកសួរបន្ថែមទៀតផងដែរ។ សូមបញ្ជាក់ថា វិហារ និងសាលាបង្រៀនសាសនាគ្រឹស្ត IM មានដល់ទៅ២៣ទីតាំងដំណើរការទូទាំងប្រទេសកូរ៉េ។

 

Leave a Reply

Your email address will not be published. Required fields are marked *