កូរ៉េខាងត្បូង៖ កាលពីរសៀលថ្ងៃអាទិត្យម្សិលមិញនេះ រដ្ឋាភិបាលកូរ៉េបានប្រកាសបន្ថយការអនុវត្តវិធានការគម្លាតសង្គមបន្ថែមមួយកម្រិតទៀត ជាពិសេសលើការសម្របសម្រួលការប្រកបអាជីវកម្មនានា ក្រោយសភាពការណ៍នៃជំងឺកូវីដហាក់បន្តធូរស្បើយច្រើនក្នុងពេលបច្ចុប្បន្ននេះ រាយការណ៍ក្នុងសារព័ត៌មាន Yonhap News។
តាមរយៈវិធានការបន្ធូរបន្ថយថ្មីនេះ នឹងអនុញ្ញាតឱ្យភោជនីយដ្ឋាន ហាងកាហ្វេ និងទីតាំងហាត់ប្រាណនានានៅក្នុងទីក្រុងសេអ៊ូល និងតំបន់ជុំវិញដូចជាខេត្តឃ្យ៉ុងគី អាចបន្តបើកដំណើរការបានដល់ម៉ោង១០យប់វិញ ច្រើនជាងមុនមួយម៉ោង ដែលតម្រូវឱ្យបិទការទទួលភ្ញៀវផ្ទាល់ត្រឹមម៉ោង៩យប់ប៉ុណ្ណោះ។ ក្នុងនោះដែរ ទីតាំងបាររាត្រី ក្លឹបកម្សាន្ត ទីតាំងហាងខារ៉ាអូខេ និងទីតាំងកម្សាន្តនានាទៀតនឹងអាចបើកដំណើរការវិញរហូតដល់ម៉ោង ១០យប់ដូចគ្នា ដែលអាចបើដំណើរការបានជាលើកដំបូងវិញចាប់តាំងពីខែវិច្ឆិកា ២០២០កន្លងមក។
ក្នុងនោះដែរ កាលពីថ្ងៃសៅរ៍កន្លងទៅ រដ្ឋាភិបាលក៏បានប្រកាសបន្ថយវិធានការគម្លាតសង្គមមកនៅកម្រិត២វិញ សម្រាប់ទីក្រុងសេអ៊ូល និងខេត្តឃ្យ៉ុងគី និងទីក្រុងអ៊ីនឆន់ ខណៈដែលតំបន់ផ្សេងៗទៀតទូទាំងប្រទេសត្រូវបានបន្ថយវិធានការគម្លាតសង្គមមកនៅកម្រិត១.៥វិញ ដែលការបន្ធូរបន្ថយនេះនឹងត្រូវចាប់ផ្តើមអនុវត្តពីថ្ងៃចន្ទព្រឹកនេះ រយៈពេល២សប្តាហ៍ រហូតដល់មានការជូនដំណឹងថ្មីទៀត។
យ៉ាងណាក៏ដោយ រដ្ឋាភិបាលនៅបន្តដាក់ការរឹតបន្តឹងលើការហាមមិនឱ្យមានការជួបជុំឯកជនណាមួយលើសពីគ្នា៤នាក់ឡើងទៅដដែល។ រដ្ឋាភិបាលបន្តលើកឡើងជំរុញឱ្យម្ចាស់អាជីវកម្មនីមួយៗបន្តអនុវត្តឱ្យខ្ជាប់ខ្ជួននូវវិធានការអនាម័យ និងសុខាភិបាលចាំបាច់នានាក្នុងការប្រតិបត្តិរកស៊ីរបស់ខ្លួនប្រចាំថ្ងៃ ក្នុងគោលបំណងអាចឱ្យអ្នករកស៊ីអាចមានលទ្ធភាពរកស៊ី លក់ដូរបានវិញ តែក៏ត្រូវចូលរួមទប់ស្កាត់ជំងឺកូវីដផងដែរ។
សូមបញ្ជាក់ថា វិធានការថ្មីនេះ ត្រូវបានដាក់ចេញក្រោយពីពិធីបុណ្យចូលឆ្នាំត្រូវបានបញ្ចប់ ដែលរដ្ឋាភិបាលបានបង្ហាញនូវក្តីបារម្ភខ្លាំងចំពោះហានិភ័យនៃជំងឺកូវីដដែលអាចកើតមានឡើងក្នុងអំឡុងពេលថ្ងៃឈប់សម្រាកដ៏សំខាន់នេះកាលពីចុងសប្តាហ៍ផងដែរ។
នៅព្រឹកថ្ងៃចន្ទនេះ ករណីឆ្លងកូវីដ-១៩ ថ្មីមាន៣៤៤ករណី ដែលក្នុងនោះមាន៣២៣ករណីជាករណីឆ្លងក្នុងស្រុក ខណៈដែលសឹងតែពាក់កណ្តាលនៃករណីឆ្លងក្នុងស្រុកមានប្រភពចេញពីតំបន់សេអ៊ូល។ ក្នុងនោះដែរ រដ្ឋាភិបាលកូរ៉េនឹងចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca របស់អង់គ្លេសដំបូងគេនៅថ្ងៃទី២៦ ខែកុម្ភៈ ខាងមុខនេះផងដែរ៕