ក្រុមហ៊ុន Korean Air ដាក់ចេញកញ្ចប់ហោះហើរថ្មីសម័យកូវីដ ក្រវែលលើអាកាសមួយជុំ ហើយត្រឡប់មកវិញ ដោយមិនមានចុះចតនៅគោលដៅណាមួយឡើយ

កូរ៉េខាងត្បូង៖ ក្រុមហ៊ុនអាកាសចរ Korean Air ផ្តល់កញ្ចប់សេវាកម្មថ្មីដោយធ្វើការហោះហើរ “ដោយគ្មានទិសដៅ” ក្នុងខណៈពេលនៃវិបត្តិជំងឺកូរ៉ូណានេះ បើតាមការរាយការណ៍បញ្ជាក់របស់ក្រសួងដឹកជញ្ជូនកូរ៉េខាងត្បូង ក្នុងសារព័ត៌មាន Yonhap News។

កញ្ចប់សេវាកម្មថ្មីរបស់ក្រុមហ៊ុន Korean Air នេះ គ្រោងនឹងប្រើប្រាស់យន្តហោះប្រភេទ A380 ហោះហើរពីក្រុងអ៊ីនឆន់ ទៅកាន់ម្តុំសមុទ្រភាគខាងកើត បន្ទាប់មកទៅប៊ូសាន និងកោះជេជូ និងបន្តហោះតាមឆ្នេរសមុទ្រកូរ៉េបន្តទៀត មុននឹងហោះត្រឡប់មកព្រលានយន្តហោះអ៊ីនឆន់វិញ។ ការហោះហើរនេះមួយជុំគ្រោងនឹងមានរយៈពេលប្រមាណ ២ម៉ោង និង២០នាទី និងមានតម្លៃប្រមាណពី ២១ម៉ឺនវ៉ុនជាង ដល់៧០ម៉ឺនវ៉ុន (ប្រមាណពី ២០០ដុល្លារ ដល់៦៣០ដុល្លារ) អាស្រ័យតាមប្រភេទកៅអីដែលភ្ញៀវជ្រើសរើស។

អ្វីដែលធ្វើឱ្យកញ្ចប់សេវាកម្មនេះប្លែកជាងសេវាកម្មធម្មតាដទៃទៀតនោះគឺ ការហោះហើរនេះមិនមានទីតាំងចុះចតនោះទេ គឺហោះនៅលើអាកាស ហើយត្រឡប់មកព្រលានយន្តហោះដើមវិញ។

កញ្ចប់សេវាកម្មនេះនឹងហោះហើរនៅថ្ងៃទី២៧ ខែកុម្ភៈនេះ តែក្រុមហ៊ុន Korean Air មិនបានបញ្ជាក់ថាកញ្ចប់សេវាកម្មនេះនឹងបន្តនៅក្នុងអំឡុងខែមីនា ឬពេលណាទៀតនោះទេ។

សូមបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរដទៃទៀតនៅកូរ៉េដូចជាក្រុមហ៊ុន Asiana Airline និង Jeju Air ក៏បានដាក់លក់នូវកញ្ចប់សេវាកម្មដូចនេះផងដែរកាលពីចុងឆ្នាំកន្លងទៅក្នុងអំឡុងពេលនៃការផ្ទុះកូវីដខ្លាំងផងដែរ ដើម្បីជួយសម្រួលឱ្យប្រតិបត្តិការហោះហើរអាចនៅដំណើរការទៅបាន។

Leave a Reply

Your email address will not be published. Required fields are marked *