កូរ៉េខាងត្បូង៖ មានករណីពលករខ្មែរយើងម្នាក់ បានល្មើសច្បាប់ចរាចរណ៍ដោយបើកបររថយន្តក្នុងស្ថានភាពស្រវឹង ហើយបន្ទាប់ពីត្រូវបានប៉ូលីសកូរ៉េតាមឃាត់ខ្លួន ក៏បានព្យាយាមរត់គេចខ្លួន រហូតដល់ហ៊ានលោតចុះពីលើស្ពានបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ នេះបើតាមជូនព័ត៌មានក្នុងទំព័រហ្វេសប៊ុករបស់ស្ថានទូតកម្ពុជានៅសេអ៊ូល នៅល្ងាចថ្ងៃសុក្រម្សិលមិញនេះ។
តាមរយៈការបង្ហោះនេះ ស្ថានទូតបានបញ្ជាក់ថា ពលករខ្មែរខាងលើនេះឈ្មោះ គ ឃ ណ (មិនបញ្ចេញអត្តសញ្ញាណពេញនោះទេ) ដែលពលកររូបនេះក្នុងពេលវេលាកើតហេតុបានបើកបររថយន្តក្នុងស្ថានភាពស្រវឹង ហើយក៏ត្រូវប៉ូលីសកូរ៉េឃាត់ខ្លួនបាន។ ក្រោយមកទៀត ពលកររូបនេះបានព្យាយាមរត់គេច ហើយក៏ត្រូវប៉ូលីសដេញតាម រហូតដល់នាំឱ្យពលករនេះហ៊នាលោតចុះពីលើស្ពាន នាំឱ្យទទួលរងគ្រោះថ្នាក់ធ្ងន់ធ្ងរ។ គ្រោះថ្នាក់ដ៏មិននឹកស្មាននេះ កើតឡើងតាំងពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ មកម្លេះ នៅក្នុងតំបន់ជីនជូ។
ក្នុងករណីមួយនេះ ស្ថានទូតកម្ពុជា ជាពិសេសគឺក្រុមអនុព័ន្ធការងារប្រចាំស្ថានទូតបានបន្តជួយសម្របសម្រួលជួយដោះស្រាយបញ្ហាជូនពលកររូបនេះ រហូតដល់អាចត្រលប់មកប្រទេសកម្ពុជាវិញដោយសុវត្ថិភាព កាលពីថ្ងៃម្សិលម៉ិញនេះផងដែរ។
តាមការបញ្ជាក់ ក្រុមគ្រួសារជនរងគ្រោះ និងជនរងគ្រោះផ្ទាល់បានថ្លែងអំណរគុណដល់ក្រុមការងារ និងស្ថានទូតកម្ពុជានៅប្រទេសកូរ៉េ ដែលបានជួយសម្របសម្រួលជាច្រើនជាមួយភាគីមន្ទីពេទ្យក្យុងសាង ដោយមិនយកថ្លៃព្យាបាលដែលអស់រហូតជាង ១០ម៉ឺនដុល្លារ ហើយព្រមទាំងបានស្វែងរកកន្លែងស្នាក់នៅ ពេលជនរងគ្រោះជួបបញ្ហាទោះបីគាត់ជាពលករខុសច្បាប់ក៏ដោយ។
ស្ថានទូតបញ្ជាក់ថានឹងធ្វើលិខិតសរសើរ និងលិខិតថ្លែងអំណរគុណដល់មន្ទីពេទ្យខាងលើ និងស្ថាប័នពាក់ព័ន្ធដែលបានជួយសម្រួលក្នុងការងារនេះ។
ឆ្លៀតក្នុងឱកាសនោះដែរ ស្ថានទូតក៏បានអំពាវនាវដល់ពលករ ក៏ដូចជាពលរដ្ឋខ្មែរគ្រប់រូប សូមកុំល្មើសបម្រាម ឬច្បាប់ណាមួយរបស់អាជ្ញាធរកូរ៉ ដើម្បីសុខុមាលភាពរបស់បងប្អូនអំឡុងពេលប្រកបការងារ និងស្នាក់នៅក្នុងប្រទេសកូរ៉េ។