កូរ៉េខាងត្បូង៖ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខាងមុខនេះ រដ្ឋាភិបាលកូរ៉េដាក់បម្រាមមិនឱ្យមានការជួបជុំសែនព្រេងជូនដូនតានៅតាមទីកន្លែងបញ្ចុះសពនោះទេ ដើម្បីបង្ការហានិភ័យនៃការឆ្លងកូវីដជាសហគមន៍ក្នុងអំឡុងពេលបុណ្យចូលឆ្នាំកូរ៉េនេះ បើតាមការប្រកាសរបស់ក្រសួងអតីតយុទ្ធជនកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បត្តិ៍នេះ។
ពិធីបុណ្យចូលឆ្នាំកូរ៉េ Seollal (Lunar New Year) ដែលប្រារព្ធដំណាលគ្នាជាមួយនឹងពិធីបុណ្យចូលឆ្នាំចិនដែរនោះ ជាពិធីបុណ្យប្រពៃណីធំមួយក្នុងពិធីបុណ្យជាតិធំៗរបស់កូរ៉េ ដែលក្នុងឱកាសនោះ គ្រួសារកូរ៉េខាងត្បូងតែងជួបជុំ និងសែនជូនដូនតារបស់ខ្លួននៅកន្លែងបញ្ចុះផ្នូររបស់ដូនតាផ្ទាល់។ យ៉ាងណាមិញ ក្នុងឆ្នាំនេះជាមួយនឹងហានិភ័យនៃជំងឺកូវីដនៅតែបន្តកើតមាន ការទៅសែនព្រេនជូនដូនតានឹងត្រូវហាមឃាត់ ពីថ្ងៃព្រហស្បត្តិ៍នេះទៅដល់ថ្ងៃអាទិត្យ។
ក្នុងរយៈពេលបម្រាម៤ថ្ងៃនេះ ទីតាំងបញ្ចុះផ្នូររបស់រដ្ឋ ១១ទីតាំង ទូទាំងប្រទេសកូរ៉េ រួមទាំងទីតាំងបញ្ចុះផ្នូរនៅសេអ៊ូល និងដេជុនផងនោះ នឹងត្រូវផ្អាកមិនទទួលអ្នកមកទស្សនា និងសែនព្រេននោះទេ លើកលែងតែអ្នកដែលមានដូនតាលាចាកលោក ហើយថ្ងៃរំលឹកខួបចំអំឡុងពេលចូលឆ្នាំនេះ ទើបអាចទៅសែនព្រេនផ្សេងៗបាន។
ក្នុងនោះដែរ ក្រសួងជំនាញក៏បានរៀបចំអាចឱ្យប្រជាជនទូទៅធ្វើការសែនដូនតាបានរយៈប្រព័ន្ធអនឡាញផងដែរ ក្នុងឱកាសចូលឆ្នាំនេះ។
សូមបញ្ជាក់ថា នៅថ្ងៃព្រហស្បត្តិ៍នេះ ករណីកូវីដឆ្លងថ្មីហាក់កើនឡើងច្រើនជាងគេក្នុងអំឡុងពេល ១៥ ថ្ងៃចុងក្រោយនេះ ដោយមានករណីឆ្លងថ្មីដល់ទៅ 504 ករណី ឯណោះ។
គិតត្រឹមបច្ចុប្បន្ននេះ វិធានការគម្លាតសង្គមត្រូវដាក់ឱ្យអនុវត្តក្នុងទីក្រុងសេអ៊ូល ខេត្តឃ្យ៉ុងគី និងក្រុងអ៊ីនឆន់តឹងរ៉ឹងជាងគេនៅកម្រិត២.៥ ដែលមានការបន្តហាមឃាត់អាជីវកម្មនានាឱ្យដំណើរការត្រឹមម៉ោង ៩យប់ ខណៈដែលតំបន់ដទៃទៀតទូទាំងប្រទេសដែលហាក់មានភាពធូរស្រាលជាងច្រើន ត្រូវអនុវត្តវិធានការគម្លាតសង្គមកម្រិត២ ដែលបន្ធូរបន្ថយម៉ោងដំណើរការអាជីវកម្មដល់ម៉ោង ១០យប់វិញ។ ក្នុងនោះដែរ រដ្ឋាភិបាលបន្តហាមឃាត់ការជួបជុំនានាមានមនុស្សមិនលើសពី៤នាក់ផងដែរ អនុវត្តរហូតដល់ថ្ងៃអាទិត្យសប្តាហ៍នេះ ទើបដាក់ចេញនូវវិធានការបន្ថែមទៀត។