អជ្ញាធរកូរ៉េខាងត្បូង សម្រេចផ្តល់ការអនុញ្ញាតឱ្យផ្តល់វា៉ក់សាំងកូវីដរបស់ AstraZeneca សម្រាប់មនុស្សចាស់ហើយ ក្រោយមានបញ្ហាបារម្ភលើសុវត្ថិភាពវ៉ាក់សាំង

កូរ៉េខាងត្បូង៖ អជ្ញាធរជំនាញផ្នែកសុខាភិបាលកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ បានប្រកាសទទួលស្គាល់ និងចេញអជ្ញាប័ណ្ណសម្រាប់វ៉ាក់សាំងកូវីដ-១៩ AstraZeneca របស់ចក្រភពអង់គ្លេស អាចប្រើប្រាស់ផ្តល់ជូនមនុស្សពេញវ័យគ្រប់ទាំងវ័យក្មេង និងវ័យចំណាស់ហើយ រាយការណ៍ក្នុងសារព័ត៌មាន Yonhap News។

តាមរយៈការផ្តល់អជ្ញាប័ណ្ណអនុញ្ញាតនេះ មានន័យថាវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca នេះនឹងអាចប្រើប្រាស់ផ្តល់ជូនប្រជាជនកូរ៉េខាងត្បូងទៅតាមកាលកំណត់នាថ្ងៃទិ២៦ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះហើយ ដែលក្នុងនោះរាប់បញ្ចូលទាំងមនុស្សវ័យចំណាស់ អាយុពី៦៥ឆ្នាំឡើងទៅផងដែរ ក្នុងលក្ខខណ្ឌដែលក្រុមហ៊ុននេះត្រូវផ្តល់នូវទិន្នន័យធ្វើតេស្តដំណាក់កាលទីបីរបស់ខ្លួនលើមនុស្សពេញវ័យអាយុលើសពី១៨ឆ្នាំ ឱ្យបានគ្រប់គ្រាន់មកកាន់រដ្ឋាភិបាលកូរ៉េ។

កន្លងមកមានការលើកឡើងពីក្រុមអ្នកជំនាញ ជាពិសេសពីបណ្តាអជ្ញាធរសុខាភិបាលប្រទេសមួយចំនួននៅអឺរ៉ុបលើប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca នេះ ទៅលើមនុស្សវ័យចំណាស់លើសពី៦៥ឆ្នាំឡើងទៅ ដោយសារតែកង្វះខាតទិន្នន័យដែលបង្ហាញពីប្រសិទ្ធភាពនៃវា៉ក់សាំងលើមនុស្សពេញវ័យក្រុមអាយុចំណាស់។

ក្នុងនោះដែរ ប្រទេសមួយចំនួនដូចជាអាលឺម៉ង់ និងបារាំងបានប្រកាសហាមឃាត់មិនឱ្យប្រើប្រាស់វ៉ាក់សាំងនេះ លើមនុស្សវ័យចំណាស់ ដោយអាចផ្តល់ជូនបានតែអ្នកមានវ័យក្មេងប៉ុណ្ណោះ ដោយសារបញ្ហាកង្វះខាតទិន្នន័យធ្វើតេស្តសាកល្បងនេះឯង។ យ៉ាងណាមិញ កាលពីសប្តាហ៍មុននេះ ទីភ្នាក់ងារឱសថរបស់អឺរ៉ុបក៏បានឯកភាពគ្នាជាឯកច្ឆ័នទៅលើការលើកសំណើរឱ្យប្រើប្រាស់វ៉ាក់សាំងនេះបានលើក្រុមមនុស្សពេញវ័យគ្រប់ក្រុមអាយុផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុន AstraZeneca នឹងដឹកវ៉ាក់សាំងកូវីដជើងដំបូងមកដល់កូរ៉េខាងត្បូងនៅថ្ងៃទី២៤ ខែកុម្ភៈ ដែលក្រោយការរៀបចំចែកចាយទៅតាមទីតាំងផ្តល់វ៉ាក់សាំងនានារួចរាល់ កម្មវិធីផ្តល់វ៉ាក់សាំងកូវីដផ្លូវការដំបូងនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១តែម្តង។

វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca នេះមានលក្ខណៈងាយស្រួលក្នុងការរៀបចំស្តុកទុកជាង បើប្រៀបទៅនឹងវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna និង Pfizer របស់អាម៉េរិក ដោយវ៉ាក់សាំង AstraZeneca នេះត្រូវការរក្សាក្នុងសីតុណ្ហភាពតែ ២ ទៅ ៨អង្សារប៉ុណ្ណោះ។

Leave a Reply

Your email address will not be published. Required fields are marked *