ច្បាស់ការហើយ! អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងប្រកាស នឹងចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ដំបូងគេនៅថ្ងៃទី២៦ កុម្ភៈ ២០២១ ខាងមុខនេះ

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងប្រកាសផ្លូវការហើយ នឹងចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ជូនប្រជាពលរដ្ឋនៅថ្ងៃសុក្រទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្នុងករណីប្រសិនបើវ៉ាក់សាំង AstraZeneca របស់អង់គ្លេសដែលនឹងដឹកមកដល់កូរ៉េខាងត្បូងដំបូងគេនេះ ទទួលបានអជ្ញាប័ណ្ណក្នុងសប្តាហ៍នេះសម្រាប់ផ្តល់ជូនមនុស្សចាស់បាន តាមការបញ្ជាក់របស់អជ្ញាធរសុខាភិបាលកូរ៉េ រាយការណ៍ក្នុងសារព័ត៌មាន Yonhap News។

សេចក្តីប្រកាសនេះធ្វើឡើងដោយមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង ដែលជាស្ថាប័នចម្បងគេក្នុងការរ៉ាប់រងកម្មវិធីផ្តល់វ៉ាក់សាំងនេះ ហើយក៏ជាការប្រកាសពីកាលបរិច្ឆេទជាក់លាក់លើកដំបូងដែរអំពីការចាក់វ៉ាក់សាំងនេះ។

បើតាមការបញ្ជាក់ វា៉ក់សាំងដែលនឹងត្រូវចាក់នេះគឺវ៉ាក់សាំង AstraZeneca របស់ប្រទេសអង់គ្លេស ដែលនឹងដឹកមកដល់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី២៤ ខែកុម្ភៈខាងមុខ ហើយបន្ទាប់មកនឹងត្រូវចែកចាយទៅតាមទីតាំងផ្ទុកវ៉ាក់សាំងនៅថ្ងៃបន្ទាប់ទី២៥ ខែកុម្ភៈ មុននឹងត្រូវចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងផ្លូវការនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។

ក្នុងកម្មវិធីផ្តល់វ៉ាក់សាំងនេះ បុគ្គលិកសុខាភិបាលនៅជួរមុខ រួមនឹងមនុស្សចាស់ដែលនៅតាមមជ្ឈមណ្ឌលមើលថែចាស់ជរា នឹងជាអាទិភាពដំបូងគេក្នុងការទទួលបានវ៉ាក់សាំង។ បើតាមការបញ្ជាក់ពីផែនការនៃកម្មវិធីផ្តល់វា៉ក់សាំងនេះ អជ្ញាធរគ្រោងថាមួយភាគធំនៃប្រជាជនចំនួនជាង៥២លាននាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង នឹងអាចទទួលបានវ៉ាក់សាំងបានដល់កម្រិតមួយដែលនឹងអាចបង្កើតបានជាប្រព័ន្ធស៊ាំរបស់សហគមន៍ ត្រឹមខែវិច្ឆិកាខាងមុខនេះ។

កម្មវិធីផ្តល់វ៉ាក់សាំងនេះនឹងត្រូវចាប់ផ្តើមស្របពេលដែលរលកទី៣នៃជំងឺកូវីដក្នុងប្រទេសកូរ៉េខាងត្បូងធូរស្បើយកាន់តែខ្លាំង តែក៏មានការបន្តព្រួយបារម្ភពីហានិភ័យនៃការចម្លងមេរោគជាសហគមន៍ក្នុងឱកាសចូលឆ្នាំថ្មីខាងមុខនេះផងដេរ ដែលជាទូទៅប្រជាជនកូរ៉េទៅលេងស្រុកកំណើតជួបជុំគ្រួសារជាដើមនោះ។

គិតត្រឹមបច្ចុប្បន្ននេះ វិធានការគម្លាតសង្គមត្រូវដាក់ឱ្យអនុវត្តក្នុងទីក្រុងសេអ៊ូល ខេត្តឃ្យ៉ុងគី និងក្រុងអ៊ីនឆន់តឹងរ៉ឹងជាងគេនៅកម្រិត២.៥ ដែលមានការបន្តហាមឃាត់អាជីវកម្មនានាឱ្យដំណើរការត្រឹមម៉ោង ៩យប់ ខណៈដែលតំបន់ដទៃទៀតទូទាំងប្រទេសដែលហាក់មានភាពធូរស្រាលជាងច្រើន ត្រូវអនុវត្តវិធានការគម្លាតសង្គមកម្រិត២ ដែលបន្ធូរបន្ថយម៉ោងដំណើរការអាជីវកម្មដល់ម៉ោង ១០យប់វិញ។ ក្នុងនោះដែរ រដ្ឋាភិបាលបន្តហាមឃាត់ការជួបជុំនានាមា​នមនុស្សមិនលើសពី៤នាក់ផងដែរ អនុវត្តរហូតដល់ថ្ងៃអាទិត្យសប្តាហ៍នេះ ទើបដាក់ចេញនូវវិធានការបន្ថែមទៀត។

ចំពោះព័ត៌មានលម្អិតបន្ថែមអំពីនីតិវិធីនៃការផ្តល់វ៉ាក់សាំងមិនទាន់ត្រូវបានផ្តល់លម្អិតពីសំណាក់អជ្ញាធរនោះទេ ដែលអាចនឹងត្រូវជូនដំណឹងនាពេលឆាប់ៗខាងមុខនេះផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *