កូរ៉េខាងត្បូង៖ ករណីកូវីដ-១៩ឆ្លងថ្មីនៅក្នុងប្រទេសកូរ៉េខាងត្បូង ធ្លាក់ចុះមកនៅក្រោម៣០០ករណីហើយនៅថ្ងៃចន្ទនេះ ជាតួលេខនៃការឆ្លងថ្មីទាបបំផុតតាំងពីការផ្ទុះកូវីដ-១៩រលកទី៣ ពីអំឡុងខែវិច្ឆិកាឆ្នាំ២០២០កន្លងមក រាយការណ៍ក្នុងសារព័ត៌មាន Yonhap News។
នៅថ្ងៃចន្ទនេះ ករណីឆ្លងថ្មីមានត្រឹមតែ ២៨៩ករណីប៉ុណ្ណោះ ដែលក្នុងនោះ ២៦៤ ករណីជាករណីឆ្លងក្នុងស្រុកដែលនាំឱ្យចំនួនករណីឆ្លងសរុបកើនដល់ ៨១,១៨៥ ករណីទៅហើយ តាមតួលេខរាយការណ៍ដោយមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង។
តួលេខថ្មីនេះជាតួលេខទាបជាងគេបង្អស់រាប់គិតតាំងពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០មក។ ចាប់តាំងពីអំឡុងខែវិច្ឆិកាមក គេឃើញថាករណីឆ្លងថ្មីកូវីដ-១៩មានកើនដល់រាប់ពាន់ករណីប្រចាំថ្ងៃជាពិសេសអំឡុងពេលចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១ ខណៈដែលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ តួលេខឆ្លងនៅប្រហាក់ប្រហែលពី ៣០០ ទៅ៤០០ករណីប្រចាំថ្ងៃ ដែលក្នុងនោះមានករណីឆ្លងជាចង្កោមសហគមន៍មួយចំនួនផងដែរ។
តាមទិន្នន័យកន្លងមក ក្នុងអំឡុងនៃការផ្ទុះឆ្លងរលកទី៣នៃជំងឺកូវីដ-១៩ ចំនួននៃករណីកើនឡើងច្រើនបំផុតកើនដល់ ១,២៤១ករណី នៅថ្ងៃទី២៥ ខែធ្នូ ២០២០ កន្លងទៅ ដែលនាំឱ្យមានការដាក់អនុវត្តនូវវិធានការគម្លាតសង្គមថ្មីៗ និងកាន់តែតឹងរ៉ឹងជាបន្តបន្ទាប់រហូតមក។
គិតត្រឹមបច្ចុប្បន្ននេះ វិធានការគម្លាតសង្គមត្រូវដាក់ឱ្យអនុវត្តក្នុងទីក្រុងសេអ៊ូល ខេត្តឃ្យ៉ុងគី និងក្រុងអ៊ីនឆន់តឹងរ៉ឹងជាងគេនៅកម្រិត២.៥ ដែលមានការបន្តហាមឃាត់អាជីវកម្មនានាឱ្យដំណើរការត្រឹមម៉ោង ៩យប់ ខណៈដែលតំបន់ដទៃទៀតទូទាំងប្រទេសដែលហាក់មានភាពធូរស្រាលជាងច្រើន ត្រូវអនុវត្តវិធានការគម្លាតសង្គមកម្រិត២ ដែលបន្ធូរបន្ថយម៉ោងដំណើរការអាជីវកម្មដល់ម៉ោង ១០យប់វិញ។ ក្នុងនោះដែរ រដ្ឋាភិបាលបន្តហាមឃាត់ការជួបជុំនានាមានមនុស្សមិនលើសពី៤នាក់ផងដែរ អនុវត្តរហូតដល់ថ្ងៃអាទិត្យសប្តាហ៍នេះ ទើបដាក់ចេញនូវវិធានការបន្ថែមទៀត។
ការបន្ធូរបន្ថយនេះស្របទៅនឹងការបន្តធូរស្បើយច្រើនៃករណីជំងឺកូវីដ-១៩ ខណៈដែលមានការតវ៉ាពីសំណាក់ម្ចាស់អាជីវកម្មជាច្រើនផងដែរទៅនឹងបម្រាបតឹងរ៉ឹងនៃវិធានការគម្លាតសង្គមកន្លងមក ដែលនាំឱ្យរបររកស៊ីរបស់ខ្លួនជួបការលំបាកខ្លាំងមែនទែននោះ។
យ៉ាងណាមិញ លទ្ធផលប្រសើរនៃការធ្លាក់ចុះជំងឺកូវីដនេះ មិនធ្វើឱ្យអជ្ញាធរសុខាភិបាលភ្លេចខ្លួនចំពោះហានិភ័យក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិនខាងមុខនោះទេ ដែលជាទូទៅប្រជាជនកូរ៉េតែងជួបជុំគ្រួសារនៅស្រុកកំណើតទ្រង់ទ្រាយធំ ដែលនាំឱ្យមានការបារម្ភពីការនាំយកមេរោគទៅចម្លងជាសហគមន៍បន្តទៀតផងដែរ។