តម្លៃសាច់មាន់ ស៊ុត នៅកូរ៉េខាងត្បូង បន្តឡើងថ្លៃខ្លាំងគួរឱ្យកត់សម្គាល់ ក្រោយមាន់ និងបក្សីចិញ្ចឹមតាមកសិដ្ឋានរាប់លានក្បាលត្រូវសម្លាប់ ដើម្បីបង្ការជំងឺផ្តាសាយបក្សី

កូរ៉េខាងត្បូង៖ តម្លៃនៃផលិតផលពីសត្វមាន់ និងបក្សីនៅប្រទេសកូរ៉េខាងត្បូងបន្តឡើងថ្លៃគួរឱ្យកត់សម្គាល់ក្នុងរយៈពេលចុងក្រោយនេះ ក្រោយពីករណីនៃជំងឺផ្តាសាយបក្សីបន្តរកឃើញថាកើនឡើង និងតម្រូវឱ្យមានវិធានការសុខាភិបាលត្រូវសម្លាប់សត្វមាន់រាប់លានក្បាលដើម្បីបង្ការការចម្លងបន្តទៀត រាយការណ៍ក្នុងសារព័ត៌មាន Yonhap News។

បើតាមទិន្នន័យត្រឹមថ្ងៃអាទិត្យនេះ ករណីផ្តាសាយបក្សីដែលអជ្ញាធរបានកំណត់រកឃើញកើនដល់៨៧ករណី​ហើយ ដែលក្នុងនោះអជ្ញាធរសុខាភិបាលបានធ្វើសត្តឃាតលើសត្វបក្សីតាមកសិដ្ឋានដល់ទៅ២៦លានក្បាលហើយ ដែលស្ថិតនៅក្នុងរង្វង់ចន្លោះ៣គីឡូមែ៉ត្រពីកសិដ្ឋានដែលរកឃើញថាមានជំងឺផ្តាសាយបក្សី។

ទិន្នន័យនៃតម្លៃផលិតផលពីសត្វបក្សីរបស់ក្រសួងកសិកម្មបង្ហាញថា តម្លៃស៊ុតជាមធ្យមកើនជាង ៤៣.៨% ក្នុងសប្តាហ៍ចុងក្រោយនេះ បើប្រៀបនឹងតម្លៃធម្មតាកាលពីឆ្នាំមុន ហើយតម្លៃនៃសាច់មាន់ និងសាច់បក្សីកើនជាមធ្យម១៦.៦% និង២៦.២% ផងដែរ។

សូមបញ្ជាក់ថា បញ្ហានៃការឆ្លងនៃជំងឺផ្តាសាយបក្សីនេះត្រូវបានរកឃើញទាំងក្នុងចំណោមបក្សីចិញ្ចឹមក្នុងកសិដ្ឋាន និងបក្សីព្រៃផងដែរ។ គិតត្រឹមថ្ងៃអាទិត្យនេះ ករណីបក្សីព្រៃដែលរកឃើញមានជំងឺនេះកើនដល់១៦៣ករណីផងដែរ។

កាលពីប៉ុន្មានឆ្នាំមុន កូរ៉េខាងត្បូងក៏មាននូវការផ្ទុះនៃជំងឺផ្តាសាយបក្សីនេះដែរ ដែលក្នុងចន្លោះពីខែតុលា ឆ្នាំ២០១៦ ដល់ខែកុម្ភៈ ឆ្នាំ២០១៧ មានករណីផ្តាសាយបក្សី H5N8 នេះរកឃើញដល់ ៣៤០ករណី។

Leave a Reply

Your email address will not be published. Required fields are marked *