កូរ៉េខាងត្បូង បន្ធូរបន្ថយវិធានការគម្លាតសង្គម អនុញ្ញាតឱ្យអាជីវកម្មនានាទីតាំងនៅក្រៅតំបន់ប្រជុំជនធំៗទាំងនេះ អាចបើកដំណើរការបានដល់ម៉ោង ១០យប់ វិញ

កូរ៉េខាងត្បូង៖ ភោជនីយដ្ឋាន ហាងកាហ្វេ និងទីតាំងហាត់កីឡាដែលស្ថិតនៅទីតាំងក្រៅទីក្រុងសេអ៊ូល ខេត្តឃ្យ៉ុងគី និងក្រុងអ៊ីនឆន់ នឹងត្រូវបន្ធូរបន្ថយអនុញ្ញាតឱ្យបើកដំណើរការបានដល់ម៉ោង១០យប់វិញ ជាវិធានការថ្មីដាក់ចេញដោយរដ្ឋាភិបាលកូរ៉េ ក្នុងការបន្ធូរបន្ថយវិធានការគម្លាតសង្គម រាយការណ៍ក្នុងសារព័ត៌មាន Yonhap News។

ក្រោមវិធានការថ្មីនេះ វិធានការគម្លាតសង្គមដែលតម្រូវឱ្យភោជនីយដ្ឋាន ហាងកាហ្វេ និងទីតាំងហាត់កីឡានានាទូទាំងប្រទេសអាចបើកដំណើរការទទួលភ្ញៀវផ្ទាល់ក្នុងហាងបានត្រឹមម៉ោង៩យប់នោះ ត្រូវបន្ធូរបន្ថយដោយអាចបង្កើនម៉ោងប្រតិបត្តិការដល់ម៉ោង១០យប់វិញ សម្រាប់នៅទីតាំងនានានៅក្រៅពីក្រុងសេអ៊ូល ខេត្តឃ្យ៉ុងគី និងក្រុងអ៊ីនឆន់។ វិធានការបន្ធូរបន្ថយថ្មីនេះនឹងត្រូវអនុវត្តពីថ្ងៃចន្ទសប្តាហ៍ក្រោយនេះទៅ។

តាមការបញ្ជាក់របស់អជ្ញាធរ វិធានការថ្មីនេះនឹងអនុញ្ញាតឱ្យម្ចាស់អាជីវកម្មដល់ជាង ៥៨ម៉ឺនទីតាំងហាង អាចដំណើរការរកស៊ីរបស់ខ្លួនបានយូរជាងមុន។

យ៉ាងណាមិញ សម្រាប់ទីប្រជុំជនក្រុងសេអ៊ូល ខេត្តឃ្យ៉ុងគី និងក្រុងអ៊ីនឆន់ បម្រាមនេះនឹងនៅតែបន្តអនុវត្តដដែល ដោយអាជីវកម្មនានាអាចដំណើរការទទួលភ្ញៀវផ្ទាល់ត្រឹមម៉ោង៩យប់ ដោយសារតែស្ថានការណ៍កូវីដនៅក្នុងតំបន់ប្រជុំជននេះ ហាក់មិនទាន់ធូរស្បើយខ្លាំងធៀបទៅនឹងតំបន់ដទៃទៀតទូទាំងប្រទេស។ លោកនាយករដ្ឋមន្ត្រីកូរ៉េលើកឡើងថា បច្ចុប្បន្នតួលេខកូវីដថយចុះពិតមែន តែប្រមាណជាង៧០%នៃចំនួនករណីសរុបគឺមានប្រភពចេញពីតំបន់សេអ៊ូលដដែល។

សូមបញ្ជាក់ថាវិធានការគម្លាតសង្គមបច្ចុប្បន្ន តំបន់ប្រជុំជនសេអ៊ូល និងក្រុងធំៗជុំវិញស្ថិតនៅក្នុងគម្លាតសង្គមកម្រិត២.៥នៅឡើយ ខណៈតំបន់ដទៃទៀតទូទាំងប្រទេសស្ថិតក្នុងវិធានការគម្លាតសង្គមកម្រិត២។

ក្នុងនោះដែរ វិធានការគម្លាតសង្គមដទៃទៀតដូចជាបម្រាមហាមឱ្យមានការជួបជុំគ្នាលើសពី៥នាក់ឡើងទៅ ក៏នៅតែត្រូវបន្តអនុវត្តរហូតដល់ថ្ងៃអាទិត្យសប្តាហ៍ក្រោយ បន្ទាប់ពីចប់ពិធីបុណ្យចូលឆ្នាំចិន​ ដែលរដ្ឋាភិបាលព្យាយាមបន្ថយការជួបជុំក្នុង​ឱកាសនេះ ដែលអាចជាហានិភ័យសម្រាប់វិស័យសុខាភិបាល។

នៅថ្ងៃអាទិត្យនេះ កូរ៉េខាងត្បូងមានករណីកូវីដ-១៩ថ្មីដល់៣៧២ករណី ដែលក្នុងនោះ ៣២៦ករណីជាករណីឆ្លងក្នុងស្រុក។ ករណីសរុបនៃជំងឺកូវីដក្នុងប្រទេសកូរ៉េខាងត្បូង កើនដល់ ៨០៨៩៦ ករណីផងដែរ បើតាមទិន្នន័យរបស់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់កូរ៉េខាងត្បូង។

 

Leave a Reply

Your email address will not be published. Required fields are marked *