សពពលករខ្មែរ ដែលស្លាប់ដោយគាំងបេះដូង ត្រូវបានក្រុមការងារស្ថានទូតសម្របសម្រួលបូជា និងរៀបចំឯកសារនានា ដើម្បីអាចបញ្ជូនធាតុមកខ្មែរវិញឆាប់ៗនេះ

វ៉ន់ជូ កូរ៉េខាងត្បូង៖  កាលពីថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០២១ ម្សិលមិញនេះ ក្រុមការងារអនុពន្ធ័ការងារនៃស្ថានទូតកម្ពុជានៅកូរ៉េ បានចុះមកសម្របសម្រួលឯកសារសពនៅមន្ទីរពេទ្យយ៉ជូសេឆូង និងចូលរួមកម្មវិធីបូជាសពពលករខ្មែរយើងឈ្មោះសួន ឡៃ ដែលទទួលមរណភាពកន្លងទៅ បើតាមការបង្ហោះចែករំលែកក្នុងទំព័រហ្វេសប៊ុករបស់ស្ថានឯកអគ្គរាជទូត។

ពលករខ្មែរយើងរូបនេះ បានបាត់បង់ជីវិតកាលពីថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០២១ កន្លងទៅ ដោយសារជំងឺគាំងបេះដូង (ដេកស្លាប់)។ ក្រោមការជួយសម្របសម្រួលរបស់ក្រុមការងារអនុព័ន្ធទទួលបន្ទុកការងារនៃស្ថានទូតកម្ពុជា សពរបស់ពលកររូបនេះ ត្រូវបានបូជាធ្វើបុណ្យនៅឈាបនដ្ឋានវ៉ន់ជូហានឹលណាឡៃវ៉ន់ ដែលក្នុងនោះមានសមាសភាពចូលរួមកម្មវិធីនេះដូចជា លោកថៅកែ និងក្រុមគ្រួសារ ព្រះអង្គរិនសារូ និងបងប្អូនពលករ ពលការិនីដែលជាមិត្តរបស់សព ចំនួន២០នាក់។

តាមការបញ្ជាក់របស់ក្រុមការងារ រាល់ការចំណាយបូជាសព និងថ្លៃតំកល់សពនៅមន្ទីរពេទ្យ ថៅកែជាអ្នកចេញទាំងអស់តាមការស្នើសុំរបស់ក្រុមការងារអនុពន្ធ័ការងារ និងស្ថានទូតខ្មែរនៅកូរ៉េ ហើយចំពោះធាតុរបស់ពលករវិញ ក្រុមការងារនឹងចាត់ចែងបញ្ចូនទៅស្រុកខ្មែរនាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ។

សូមបងប្អូនខ្មែរយើងដទៃទៀតមេត្តាមើលថែ យកចិត្តទុកដាក់ចំពោះសុខភាពរបស់ខ្លួន ជាពិសេសក្នុងរដូវកាលអាកាសធាតុត្រជាក់នេះ។

Leave a Reply

Your email address will not be published. Required fields are marked *