តោះអ្នកលេង Tik Tok មកស្គាល់ពីវិធីសំខាន់ទាំង 5 នេះ ដើម្បីអាចរកចំណូលបានពីលេង Tik Tok !! កុំឱ្យគេថាលេង Tik Tok អត់ប្រយោជន៍អីសោះ

យើងធ្លាប់បានលើកឡើងម្ដងរួចមកហើយពី TikTok ដែលអាចនឹងគ្រងតំណែងជាបណ្ដាញសង្គមធំនាពេលអនាគ ដោយសារតែសន្ទុះនៃការគាំទ្រ និងការកើនឡើងនៃតម្លៃក្រុមហ៊ុនលោតឡើងខ្ពស់ត្រឹមតែរយៈពេល ២-៣ឆ្នាំ ចុងក្រោយនេះ។ យ៉ាងណាមិញ ប្រសិនបើអ្នកជាអ្នកនិយមលេង TikTok ឬធ្លាប់ឮពីកម្មវិធីនេះពីមុនមក តើអ្នកទាំងអស់គ្នាមានដឹងឬទេថា TikTok ក៏ជាកម្មវិធីដែលអាចផ្ដល់ប្រាក់ចំណូលដល់អ្នកបានដូចគ្នា។
៥ វិធីខាងក្រោមនេះ ជារបៀបរកលុយបានតាមរយៈការលេង TikTok៖

១. បង្កើតអាជីវកម្មអនឡាញ
ដូចគ្នាទៅនឹង Facebook ឬ Youtube ដែរ អ្នកអាចបង្កើតអាជីវកម្មដើម្បីលក់ផលិតផល ឬសេវាកម្មរបស់អ្នកក្នុងកម្មវិធីនេះបាន ដែលអាជីវកម្មតាមអេឡិកត្រូនិក (E-commerce) ហាក់កំពុងពេញនិយមខ្លាំងក្នុងបណ្ដាញសង្គមទីកតុក (TikTok)​​ នេះ។ អាជីវករតាមអនឡាញអាចផ្សព្វផ្សាយ លក់ម្ហូបអាហារ សម្លៀកបំពាក់ ភេសជ្ជៈ គ្រឿងសំអាងជាដើម ក្រោមស្លាកយីហោផ្ទាល់ខ្លួន ព្រមទាំងអាចកៀរគរអតិថិជនមកទិញដល់ហាងផ្ទាល់ក៏មាន បើសិនជាមានអ្នកលេងទីកតុកផ្សេងទៀត បង្ហោះវីដេអូសរសើរពីគុណភាពនៃផលិតផល ឬសេវាកម្មដែលអ្នកកំពុងជួញដូរ។

២. ធ្វើខ្លួនឱ្យក្លាយជាអ្នកមានឥទ្ធិលពលក្នុងបណ្ដាញសង្គម (Influencer)
អ្នកលេងត្រូវមានគំនិតច្នៃប្រឌិតក្នុងការផលិតមាតិកា (Good Contents) ដែលវីដេអូទាំងនោះត្រូវកំណត់គោលដៅច្បាស់ថាថា ជាប្រភេទមាតិកាដើម្បីអប់រំ កំប្លែង ឬគ្រាន់តែកម្សាន្តសប្បាយ។ នៅពេលដែលប្រជាប្រិយភាពរបស់អ្នកពង្រីកវិសាលភាពធំទៅៗ វាជាចំណុចវិជ្ជមានមួយ ដែលអ្នកអាចនឹងមានក្រុមហ៊ុន ឬអាជីវកម្មណាមួយ ត្រូវការបុគ្គលដែលមានអ្នកគាំទ្រច្រើនក្នុងបណ្ដាញសង្គម TikTok មកផ្សព្វផ្សាយពីផលិតផល ឬសេវាកម្មដែលកំពុងដំណើរការលក់ក្នុងអាជីវកម្មពួកគេ។

៣. ទាញយកអត្ថប្រយោជន៍ពីចំនួនអ្នកគាំទ្រ
ដោយសារបច្ចុប្បន្នយើងឃើញថា អ្នកលេងទីកតុក ពុំទាន់អាចរកប្រាក់ចំណូលពីការផុសវីដេអូដូច Youtube, Facebook ឬ Twitch នោះឡើយ។ ដូចនេះ ក្រៅពីផ្សព្វផ្សាយផលិតផល ពួកគេក៏អាចលើកទឹកចិត្ត បញ្ចុះបញ្ចូលហ្វេនពួកគេឲ្យទៅជួយ Subcribe youtube channel, ទំព័រ Facebook ឬ ចូលទៅ follow អាខោន Instagram ជាដើម ដ្បិតថាបណ្ដាញសង្គមទាំងនោះ អាចផ្ដល់ប្រាក់ចំណូលដល់ពួកគេក្នុងពេលបច្ចុប្បន្ន។ យ៉ាងណាមិញ ក្រុមហ៊ុន TikTok កំពុងតែរៀបគម្រោងបន្ថែមរយៈពេលវីដេអូដល់ទៅ ៣នាទីក្នុងមួយឃ្លីប ហើយក៏កំពុងត្រៀមគម្រោងកញ្ចប់ប្រាក់សម្រាប់អ្នកផលិតវីដេអូល្អៗ និងមាន follower ច្រើន ដើម្បីឱ្យពួកគេអាចបង្កើនប្រាក់ចំណូលបន្ថែមដូចគ្នាទៅនឹង Facebook Youtube ឬ Twitch ដែរ។

៤. បង្កើនប្រាក់ចំណូលតាមរយៈ Gifting
TikTok បានផ្ដល់ជូននូវមុខងារ Live Stream មួយដែលអ្នកគាំទ្រអាចទិញនូវ Gift រួចផ្ញើទៅកាន់បុគ្គលណាម្នាក់ដែលពួកគេពេញចិត្ត។ កាដូរ (Gift) ទាំងនោះនឹងក្លាយជាទៅពេជ្រក្នុងកម្មវិធី TikTok ដែលពេជ្រទាំងនេះហើយ ដែលអ្នកទទួលបានអាចប្ដូរទៅជាសាច់ប្រាក់តាមរយៈ Paypal ឬតាមរយៈការទូទាត់ប្រាក់ផ្សេងៗទៀត។ គួរបញ្ជាក់ផងដែរថា មុខងារ Live Stream មិនមែននរណាក៏អាច Live បាននោះឡើយ ដោយ TikTok បានកំណត់លក្ខខណ្ឌទាំងចំនួនវីដេអូ ចំនួនអ្នកគាំទ្រ (Followers) ក៏ដូចជាចំនួនអ្នកឱ្យបេះដូង ចែករំលែកមតិបល់ និងចំនួនអ្នកចុច Share វីដេអូរបស់អ្នក។

៥. បង្កើនប្រាក់ចំណូលក្នុងនាមជាអ្នកជំនាញ
ក្រៅពីចំណុចដែលបានរៀបរាប់ខាងលើ ប្រសិនបើអ្នកជាយល់ដឹងស៊ីជម្រៅ និងជំនាញអ្វីគ្រប់យ៉ាងលើ TikTok នោះមនុស្សជាច្រើនកំពុងត្រូវការជំនួយពីអ្នក។ អ្នកអាចក្លាយទៅជាអ្នកទីប្រឹក្សាយោបល់ដល់ម្ចាស់អាជីវកម្ម ក្រុមហ៊ុន បុគ្គលល្បីៗដែលចង់បង្កើនចំនួនអ្នកគាំទ្រកាន់តែច្រើនក្នុងបណ្ដាញសង្គមមួយនេះ។
ក្រៅពីដើរតួជាអ្នកជំនាញផ្ដល់ការប្រឹក្សាយោបល់ ប្រសិនបើអ្នកមានជំនាញបង្កើតគណនីដែលអាចមានចំនួនអ្នកគាំទ្រច្រើនបាននោះ អ្នកអាចលក់គណនីទាំងនោះទៅឱ្យម្ចាស់អាជីវកម្ម ឬក្រុមហ៊ុនណាមួយ ដោយពួកគេហ៊ានចំណាយលុយដើម្បីទិញគណនី ដែលមានអ្នកតាមដានច្រើន ដ្បិតថាម្ចាស់អាជីវកម្មខ្លះ មិនចង់ចាយពេលវេលាច្រើនក្នុងការកសាងអាខោន TikTok ពីចំណុចសូន្យនោះទេ។

ដូច្នេះ បើសិនជាអ្នកដាក់ចិត្ត ដាក់កាយលេង TikTok ចូរកុំឱ្យមានពាក្យតិះដៀលរិះគន់ថា “លេង TikTok គ្មានបានការ បានប្រយោជន៍អីសោះ”។ TikTok គឺជាប្រភពចំណូលអកម្ម គួរឲ្យនឹកស្មានមិនដល់ ដើម្បីបង្កើនប្រាក់ចំណូល បើសិនជាយើងមានភាពវ័យឆ្លាតក្នុងការប្រើប្រាស់វា។ បណ្ដាញសង្គមជាបច្ចេកវិទ្យាមុខពីរជានិច្ច បើប្រើវាត្រឹមត្រូវ បានទាំងលុយ ទាំងចំណេះ បើប្រើខុស វេទនាដល់ប្រាណទាំងបច្ចុប្បន្ន និងអនាគត៕

ខ្លឹមសារទាំងស្រុងពី៖ កាក់សេន – KAKCENT

Leave a Reply

Your email address will not be published. Required fields are marked *