ដំណឹងល្អ! កម្ពុជានឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ ចំនួន ១០ម៉ឺនដូស ពីរដ្ឋាភិបាលឥណ្ឌា ស្របតាមសំណើដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន

កម្ពុជា៖ ប្រទេសកម្ពុជានឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ ចំនួន ១០ម៉ឺនដូស ពីរដ្ឋាភិបាលឥណ្ឌា បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា នៅរសៀលថ្ងៃសៅរ៍នេះ។

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតឥណ្ឌានេះ បានឱ្យដឹងថារដ្ឋាភិបាលឥណ្ឌាបានសម្រេចផ្តល់នូវវ៉ាក់សាំងកូវីដ-១៩ ចំនួន ១០ម៉ឺនដូស ដល់ព្រះរាជាណាចក្រកម្ពុជា ជាការផ្តល់ជូនសម្រាប់ការប្រើប្រាស់បន្ទាន់។ ស្ថានទូតបានជម្រាបផងដែរ ការផ្តល់ជូននេះ គឺឆ្លើយតបជាវិជ្ជមានទៅនឹងសំណើរដ័ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនចំពោះនាយករដ្ឋមន្ត្រីឥណ្ឌា ឯកឧត្តម Shri Narendra Modi។

វ៉ាក់សាំងដែលនឹងផ្តល់ជូនដល់កម្ពុជានេះ ត្រូវបានធានានូវការផ្គត់ផ្គង់ដល់កម្ពុជាដោយស្ថាប័នវិទ្យាស្ថាន Serum Institute of India បើទោះបីជាឥណ្ឌាត្រូវផ្គត់ផ្គង់វ៉ាក់សាំងដ៏ច្រើនទៀតសម្រាប់ប្រជាជនដល់ពាន់លាននាក់របស់ខ្លួន ព្រមទាំងសំណើពីសំណាក់ប្រទេសជាមិត្តដទៃទៀតផងដែរ។

ស្ថានទូតបានបញ្ជាក់ថា ការផ្តល់ជូនវ៉ាក់សាំងដល់កម្ពុជានេះ ជាកាយវិការបង្ហាញពីសារៈសំខាន់នៃភាពជាដៃគូរបស់កម្ពុជាចំពោះឥណ្ឌា និងមិត្តភាពដ៏ជិតស្និទ្ធរបស់ប្រទេសទាំងពីរ ព្រមទាំងការផ្តល់សារៈសំខាន់ចំពោះសុខុមាលភាពនៃប្រជាជន និងប្រទេសកម្ពុជាផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *