ភ្នំពេញ៖ ក្រោយស្ងប់ស្ងាត់ ៣៧ ថ្ងៃ កម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ១ ករណីថ្មី ជាបុរសជនជាតិខ្មែរ អាយុ ២៦ឆ្នាំ ទីលំនៅនៅខេត្តកំពត ដែលបានត្រឡប់មកពីហ្វីលីពីន បន្តជើងហោះហើរពីប្រទេសកូរ៉េ។
ជើងហោះហើរចេញពីប្រទេសកូរ៉េ មកដល់កម្ពុជា កាលពីថ្ងៃទី ២០ ឧសភា ម្សិលមិញ វេលាម៉ោង ២២:០០ នាទីយប់។ នៅពេលមកដល់ភ្លាម អជ្ញាធរសុខាភិបាលបានពិនិត្យវត្ថុសំណាករបស់អ្នកធ្វើដំណើរ ៦៣ នាក់ មានជនជាតិកូរ៉េ ២៣ នាក់ ប៊ែលហ្សិក ១នាក់ តៃវ៉ាន់ ១នាក់ ហូឡង់ ១នាក់ ជប៉ុន ៣នាក់ និងខ្មែរ ៣៤នាក់ ដែលជាលទ្ធផលមានតែបុរសជនជាតិខ្មែរខាងលើម្នាក់ប៉ុណ្ណោះ វិជ្ជមានកូវីដ-១៩។
បុរសខាងលើនេះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយអ្នកដំណើរទាំង ៦២ នាក់ទៀត ដែលអវិជ្ជមាន ត្រូវបានបញ្ជូនឱ្យទៅសណ្ឋាគារមួយកន្លែងក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើចត្តាឡីស័ក និងតាមដានសុខភាពរយៈពេល ១៤ ថ្ងៃ។
ករណីថ្មីនេះ នាំឱ្យតួលេខកូវីដ-១៩ នៅកម្ពុជាកើនដល់ ១២៣ អ្នកហើយ។