កូរ៉េខាងត្បូង៖ និស្សិតស្រ្តីកម្ពុជា ៣ រូប ដែលត្រូវធ្វើដំណើរទៅបន្តការសិក្សានៅប្រទេសកូវ៉ែត តែដោយសារតែវិបត្តកូវីដ-១៩ ផ្ទុះឡើងភ្លាមៗនៅក្នុងប្រទេសកូវ៉ែត នាំឱ្យនិស្សិតទាំងបី ត្រូវខកខានមិនអាចធ្វើដំណើរទៅប្រទេសកូវ៉ែតបាន ហើយត្រូវជាប់គាំងនៅត្រឹមប្រទេសកូរ៉េខាងត្បូង ឥឡូវនេះត្រូវបានក្រុមការងារស្ថានទូតខ្មែរយើងនៅកូរ៉េខាងត្បូង ជួយសម្របសម្រួលដើម្បីអាចត្រឡប់ទៅកម្ពុជាវិញហើយ នេះតាមរយៈការចែករំលែកក្នុងទំព័រហ្វេសប៊ុករបស់និស្សិតផ្ទាល់។
និស្សិតស្រ្តីទាំង៣នាក់នេះ បានបង្ហោះសារថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ដែលបានយកចិត្តទុកដាក់ និងបានខិតខំប្រឹងប្រែងជួយសម្របសម្រួលដើម្បីឱ្យពួកខ្លួនអាចធ្វើដំណើរត្រឡប់មកកម្ពុជាវិញសិន ព្រមទាំងថ្នាក់ដឹកនាំនៅប្រទេសកម្ពុជាទាំងអស់ដែលបានជួយអន្តរាគមទៅស្ថានប័នពាក់ទាំងអស់ដើម្បីឲ្យនាងខ្ញុំទាំង៣នាក់បានត្រឡប់ទៅប្រទេសកម្ពុជាវិញផងដែរ។
និស្សិតទាំងបី មានឈ្មោះ ស្លេះ អ៊ីស្មាក់ – សភីយ៉ាន រ៉ហ្សាត – អាមុីន ណាស៊ីរ៉ោះ និងជាសិស្សនិស្សិតអាហារូបករណ៍នៃសកលវិទ្យាល័យ-កូវ៉ែត បានលើកឡើងថាខ្លួនបានធ្វើដំណើរមកដល់ប្រទេសកូរ៉េតាំងពីថ្ងៃទី ១/២/២០២១ ក្នុងគោលបំណងបន្តដំណើរទៅកាន់ប្រទេសកូវ៉ែត ដើម្បីបន្តការសិក្សារបស់ខ្លួន តែតែដោយសារភាគីរដ្ឋកូវ៉ែតមានបញ្ហាខ្លះៗទាក់ទងនឹងស្ថានភាពបច្ចុប្បន្នកំពុងឆ្លងខ្លាំងនៃវីរូសកូរូណាថ្មី ក៏បានចេញច្បាប់តឹងរឹងភ្លាមៗដោយកំណត់ចំនួនមនុស្សចូលរដ្ឋកូវ៉ែតតែ១០០០នាក់ប៉ុណ្ណោះក្នុង១ថ្ងៃ រហូតមានការជូនដំណឹងថ្មី ដែលជាហេតុនាំឱ្យខ្លួនត្រូវជាប់នៅក្នុងព្រលានយន្តហោះអ៊ីនឆន់ ប្រទេសកូរ៉េខាងត្បូងជាបណ្តោះអាសន្ន រហូតដល់មានការអន្តរាគមន៍ពីសំណាក់អជ្ញាធរកម្ពុជានេះ។