ស្ថានទូតអង់គ្លេសនៅកម្ពុជា៖ ប្រទេសកម្ពុជានឹងអាចទទួលវ៉ាក់សាំងកូវីដ-១៩ ប្រហែល ១.៣លានដូស តាមរយៈកម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក

កម្ពុជា៖ ប្រទេសកម្ពុជានឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ ប្រហែល ១.៣ លានដូសពីក្រុមហ៊ុនផលិតវ៉ាក់សាំងអង់គ្លេស AstraZeneca / Oxford តាមរយៈគម្រោងដែលគាំទ្រដោយចក្រភពអង់គ្លេស នេះបើតាមការបញ្ជាក់ផ្ទាល់របស់ទំព័រហ្វេសប៊ុកស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា នៅថ្ងៃសុក្រនេះ។

វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនផលិតវ៉ាក់សាំងអង់គ្លេស AstraZeneca / Oxford ចំនួន ១,២៩៦,០០០ ដូស នេះត្រូវបានផ្តល់ជូនដល់កម្ពុជាតាមរយៈសម្ព័ន្ធ GAVI ដែលជាសម្ព័ន្ធផលិតវ៉ាក់សាំង ហើយការផ្តល់ជូននេះនឹងធ្វើឡើងតាមក្របខណ្ឌនៃកម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក។

បើតាមឯកសារដែលបានចេញផ្សាយដោយសម្ព័ន្ធផលិតវ៉ាក់សាំង GAVI កាលបរិច្ឆេទនៃការផ្តល់ជូនសម្រាប់ប្រទេសនីមួយៗមិនទាន់អាចកំណត់បាននោះទេ ដោយប្រហែលជាអាចធ្វើឡើងអំឡុងពេលពីត្រីមាសដំបូងនៃឆ្នាំ២០២១ រហូតដល់ចុងឆ្នាំ២០២១។ ដោយសារតែចំនួនវ៉ាក់សាំងជាក់ស្តែងនៅមានកំណត់ និងកំពុងបន្តផលិតជាបន្តបន្ទាប់ ការផ្តល់ជូនដល់ប្រទេសនីមួយៗ នឹងត្រូវពិនិត្យទៅលើលក្ខខណ្ឌសំខាន់ៗដូចជា ការត្រៀមខ្លួនរួចរាល់របស់ប្រទេសសមាជិក ការចាប់ផ្តើមគម្រោងផ្តល់វ៉ាក់សាំងកូវីដដោយខ្លួនឯង លទ្ធភាពហិរញ្ញវត្ថុ កត្តាផលប៉ះពាល់ដោយសារកូវីដ និងកត្តាពាក់ព័ន្ធដទៃទៀត។

បើតាមការបញ្ជាក់របស់ស្ថានទូតចក្រភពអង់គ្លេស ចក្រភពអង់គ្លេសគឺជាអ្នកគាំទ្រឈានមុខគេរបស់កម្មវិធី COVAX ដែលធ្វើឱ្យប្រាកដថាបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់នឹងទទួលបានវ៉ាក់សាំង ហើយបានចូលរួមដឹកនាំការរៃអង្គាសប្រាក់ចំនួន ១០០០លានដុល្លារ ពីម្ចាស់ជំនួយផ្សេងទៀត ក៏ដូចជាការចំណាយចំនួន ៥៤៨ លានផោន (ប្រហែល ៧៥០ លានដុល្លារ) នៃជំនួយចក្រភពអង់គ្លេសសម្រាប់គម្រោងវ៉ាក់សាំងនេះ ។

តារាងបំណែងចែកវ៉ាក់សាំងកូវីដ ដោយកម្មវិធី COVAX

Leave a Reply

Your email address will not be published. Required fields are marked *