កូរ៉េខាងត្បូង៖ ការផ្តល់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអង់គ្លេស AstraZeneca សម្រាប់មនុស្សចាស់ដែលមានអាយុលើសពី៦៥ឆ្នាំឡើងទៅ គួរត្រូវពិនិត្យពិភាក្សាបន្ថែមទៀតសិន នេះបើតាមការលើកឡើងរបស់គណៈកម្មការក្រុមអ្នកជំនាញសុខាភិបាលនៃក្រសួងសុវត្ថិភាពចំណីអាហារ និងឱសថកូរ៉េខាងត្បូងដែលបានដាក់ចេញនូវយោបល់ជំនាញរបស់ខ្លួន រាយការណ៍ក្នុងសារព័ត៌មាន Yonhap News។
គណៈកម្មការជំនាញនេះមានសមាសភាពពីសំណាក់អ្នកជំនាញ និងមន្ត្រីជំនាញនៃក្រសួងសុវត្ថិភាពចំណីអាហារ និងឱសថ ដែលត្រូវបានបង្កើតឡើងដើម្បីពិនិត្យឡើងវិញទៅលើការប្រើប្រាស់វ៉ាក់សាំង AstraZeneca របស់អង់គ្លេសនេះ លើមនុស្សចាស់ដែលមានអាយុលើសពី៦៥ឆ្នាំឡើងទៅ។
ជាលទ្ធផលនៃការពិនិត្យ គណៈកម្មការជំនាញនេះបានផ្តល់យោបល់ថា គួរឱ្យក្រសួងផ្តល់ការអនុញ្ញាតឱ្យដំណើរការផ្តល់វ៉ាក់សាំងរបស់ក្រុមហ៊ុននេះ ក្នុងលក្ខខណ្ឌទាល់តែក្រុមហ៊ុន AstraZeneca នេះអាចផ្តល់នូវទិន្នន័យលទ្ធផលបន្ថែមលើការធ្វើតេស្តសាកល្បងសម្រាប់មនុស្សពេញវ័យលើស ១៨ ឆ្នាំ បន្ថែមទៀតសិន។ ក្នុងនោះដែរ អ្នកជំនាញបានព្រមានថាមិនគួរផ្តល់វ៉ាក់សាំងនេះសម្រាប់មនុស្សចាស់ដែលមានអាយុលើសពី៦៥ឆ្នាំនោះទេ ដោយលើកឡើងថាក្រុមហ៊ុនមិនមានទិន្នន័យច្បាស់លាស់ទៅលើប្រសិទ្ធភាពនៃវ៉ាក់សាំងសម្រាប់ក្រុមអាយុ៦៥ឆ្នាំឡើងនេះនៅឡើយ។
បញ្ហាសង្ស័យទៅលើប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន AstraZeneca នេះត្រូវបានផ្ទុះឡើងជាបញ្ហាក្តៅជុំវិញពិភពលោក ក្រោយពីគណៈកម្មការជំនាញវេជ្ជសាស្រ្តរបស់អឺរ៉ុបបានចេញអនុសាសន៍ជាឯកច្ឆ័ន្តមួយថាមិនគួរប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca សម្រាប់មនុស្សពេញវ័យលើសពីអាយុ១៨ឆ្នាំនោះទេ។
ពាក់ព័ន្ធនឹងបញ្ហានេះ ប្រទេសធំៗនៅអឺរ៉ុបមួយចំនួន រួមទាំងអាល្លឺម៉ង់ផងដែរ បានប្រកាសថាខ្លួននឹងប្រើប្រាស់វ៉ាក់សាំងនេះសម្រាប់អ្នកដែលមានអាយុក្មេងប៉ុណ្ណោះ និងហាមឃាត់មិនឱ្យប្រើប្រាស់ចំពោះមនុស្សចាស់នោះទេ ដោយសារតែកង្វះខាតទិន្នន័យបញ្ជាក់ពីប្រសិទ្ធភាពនៃវ៉ាក់សាំង។
ចំពោះប្រទេសកូរ៉េខាងត្បូង គណៈកម្មការជំនាញវាយតម្លៃនេះជាជំហានទី២ដែលនឹងផ្តល់ធាតុចូលដល់ក្រសួងសុវត្ថិភាពចំណីអាហារ និងឱសថ ដើម្បីអាចធ្វើការសម្រចចុងក្រោយលើការប្រើប្រាស់វ៉ាក់សាំងនេះ។ កាលពីថ្ងៃចន្ទសប្តាហ៍នេះ គណៈកម្មការជំនាញឯករាជ្យមួយផ្សេងទៀតបានផ្តល់យោបល់ដល់ក្រសួងថា វ៉ាក់សាំងកូវីដ AstraZeneca នេះមានសុវត្ថិភាពប្រើប្រាស់សម្រាប់ក្រុមមនុស្សគ្រប់វ័យ។
ដូចនេះ តាមរយៈធាតុចូលខុសគ្នាពីសំណាក់គណៈកម្មការវាយតម្លៃទាំងពីរនេះ ក្រសួងសុវត្ថិភាពចំណីអាហារ និងឱសថ នឹងធ្វើការសម្រេចលើការអនុញ្ញាតឱ្យវ៉ាក់សាំងនេះអាចដំណើរការបាន ឬអត់ ក្នុងកម្រិតណាមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង។
សូមបញ្ជាក់ថា ក្នុងចំណោមវ៉ាក់សាំងកូវីដដែលប្រទេសកូរ៉េខាងត្បូងបានបញ្ជាទិញ មានវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ចំនួន១០លានដូស ដែលរំពឹងនឹងដឹកមកដល់កូរ៉េខាងត្បូងក្នុងអំឡុងខែកុម្ភៈនេះផងដែរ ហើយក៏មានវ៉ាក់សាំងរបស់ AstraZeneca សម្រាប់មនុស្ស ២.២លាននាក់ទៀត ដែលនឹងត្រូវផ្តល់តាមរយៈកម្មវិធី COVAX របស់អង្គការសុខភាពពិភពលោកផងដែរ។