កម្ពុជា៖ ប្រទេសកម្ពុជាយើងនឹងចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងកូវីដលើកដំបូង ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះហើយ ជាសមិទ្ធផលផ្លែផ្កាថ្មីចុងក្រោយបង្អស់ក្នុងការប្រយុទ្ធប្រឆាំង និងការពារសុខមាលភាពប្រជាជន និងប្រទេសកម្ពូជាពីជំងឺរាតត្បាតកូវីដ-១៩ នេះបើតាមការបញ្ជាក់ផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លើទំព័រហ្វេសប៊ុករបស់សម្តេចផ្ទាល់។
ក្នុងសំណេរចែករំលែកលើទំព័រហ្វេសប៊ុករបស់ខ្លួន សម្តេចតេជោបញ្ជាក់ថា វ៉ាក់សាំងដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនតាមរយៈក្រសួងការពារជាតិចិន ត្រូវបានដឹកមកកាន់ក្រសួងការពារជាតិកម្ពុជា នឹងដឹកមកដល់ប្រទេសកម្ពុជាចំនួន៦០ម៉ឺនដូស នៅល្ងាចថ្ងៃអាទិត្យទី៧កុម្ភៈ២០២១ ដែលជាដំណាក់កាលដំបូងនៃជំនួយវ៉ាក់សាំងកូវីដចំនួនដល់១លានដូសពីប្រទេសចិន។
ជាមួយនឹងការដឹកជញ្ជូនមកដល់នូវវ៉ាក់សាំងកូវីដជុំដំបូងនេះ រដ្ឋាភិបាលកម្ពុជាបានកំណត់យកពេលវេលា ម៉ោង៨និង៣០នាទី នៅថ្ងៃទី១០កុម្ភៈ២០២១ខាងមុខ ដើម្បីនឹងចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងផ្លូវការ ដែលនឹងធ្វើឡើងនៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ក្នុងឱកាសនៃការផ្តល់វ៉ាក់សាំងដំបូងនោះ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជាន់ខ្ពស់ រួមមានសម្តេចតេជោផ្ទាល់ នឹងទទួលមុនគេ ជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងទៀត លើកលែងតែសម្តេចពិជ័យសេនា ទៀ បាញ់ ដែលគាត់បានចាក់វ៉ាក់សាំងនេះរួចហើយ។
ការចាក់វ៉ាក់សាំងនេះនឹងមានការផ្សាយផ្ទាល់និងបន្ទាប់ពីចាក់រួចខ្ញុំនឹងធ្វើសន្និសីទសារព័ត៌មាននៅមន្ទីរពេទ្យកាល់ម៉ែត្រតែម្តង។
សម្តេចតេជោបានរំលឹកផងដែរថា ថ្ងៃទី៥ ខែកុម្ភៈដែលសម្តេចកំពុងប្រកាសនូវដំណឹងដ៏ល្អនេះ គាប់ជួនជាខួបមួយឆ្នាំនៃដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់សាធារណរដ្ឋប្រជាមានិតចិន (៥ កុម្ភៈ ២០២០ -៥កុម្ភៈ ២០២១) ដែលជាទស្សនកិច្ចមានអត្ថន័យដ៍ជ្រាលជ្រៅនៃចំណងមិត្តភាព សាមគ្គីភាពក្នុងដំណាក់កាលដែលប្រទេសចិនកំពុងផ្ទុះឡើងនៃជម្ងឺកូរ៉ូណា ដែលក្រោយនេះហៅថាកូវីដ-១៩ ដែលពេលនោះសម្តេចបានប្រើពាក្យថា (ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក)។ ទាំងនេះជាកាយវិការ និងជាទឹកចិត្តស្រលាញ់រាប់អានគ្នារវាងមិត្តកម្ពុជា និងមិត្តចិន។
សម្តេចតេជោបានថ្លែងអំណរគុណដល់ ប្រធានាធិបតីចិន ស៊ី ជីនភីង នាយករដ្ឋមន្ត្រី លី កឺឈាង និងថ្នាក់ដឹកនាំចិនផ្សេងទៀតដែលបានទទួលសម្តេច និងគណៈប្រតិភូ ជាពិសេសបានជួយដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសចិនរាប់ទាំងនៅទីក្រុងវូហានផងអោយជៀសផុតពីជម្ងឺឆ្លងនិងទទួលបាននូវការសិក្សាប្រកបដោយសុវត្ថិភាពនៅក្នុងប្រទេសចិនជាមិត្ត៕