វ៉ាក់សាំងកូវីដរបស់ COVAX ជិត១២ម៉ឺនដូស នឹងមកដល់កូរ៉េ ដំបូងគេចុងខែកុម្ភៈនេះ ខណៈវ៉ាក់សាំង២.៥៩លានដូសទៀត នឹងដឹកមកដល់ត្រឹមពាក់កណ្តាលឆ្នាំនេះ

កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់វ៉ាក់សាំងកូវីដជាង ២.៧១ លានដូស ដែលកូរ៉េខាងត្បូងទទួលបានតាមរយៈកម្មវិធីផ្តល់វ៉ាក់សាំងដោយអង្គការសុខភាពពិភពលោក COVAX នឹងអាចដឹកមកដល់ប្រទេសកូរ៉េក្នុងអំឡុងពាក់កណ្តាលឆ្នាំ២០២១នេះ បើតាមការរាយការណ៍របស់អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង ក្នុងសារព័ត៌មាន Yonhap News។

អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានបញ្ជាក់នៅថ្ងៃព្រហស្បត្តិ៍នេះថា វ៉ាក់សាំងទទួលបានតាមរយៈកម្មវិធី COVAX នឹងអាចដឹកមកដល់កូរ៉េខាងត្បូងចំនួន ២.៧១លានដូសសិន ត្រឹមពាក់កណ្តាលឆ្នាំ២០២១នេះ ដែលក្នុងនោះមាន ១១៧,០០០ ដូសពីក្រុមហ៊ុនវ៉ាក់សាំង Pfizer និងចំនួន២.៥៩លានដូសទៀតពីក្រុមហ៊ុនផលិតវ៉ាក់សាំងអង់គ្លេស AstraZeneca។ វ៉ាក់សាំង២.៧១លានដូសនេះ ជាជុំដំបូងនៃវ៉ាក់សាំងដែលនឹងទទួលបានពីកម្មវិធី COVAX ខណៈដែលប្រទេសនេះ នឹងទទួលបានវ៉ាក់សាំងកូវីដសរុបពីកម្មវិធី COVAX ដល់ទៅ២០លានដូស សម្រាប់ចាក់ជូនប្រជាជនបាន ១០លាននាក់ឯណោះ។

សកម្មភាពហ្វឹកហាត់ត្រៀមសាកល្បង សម្រាប់ការរៀបចំទុកដាក់វ៉ាក់សាំង ដែលនឹងមកដល់នាពេលខាងមុខ

កន្លងមករដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសបញ្ជាទិញរួចរាល់វ៉ាក់សាំងកូវីដត្រៀមសម្រាប់ជូនដល់ប្រជាជនដល់ទៅ៥៦លាននាក់ឯណោះ ខណៈដែលប្រទេសនេះមានប្រជាជនសរុបត្រឹមតែ៥២លាននាក់ទេ។ ក្នុងចំណោមវ៉ាក់សាំងដែលបានបញ្ជាទិញសរុប មានមកពីក្រុមហ៊ុន AstraZeneca ក្រុមហ៊ុន Pfizer និងក្រុមហ៊ុន Moderna ដែលត្រូវការចាក់ចំនួន២ដូសសម្រាប់មនុស្សម្នាក់ និងក្រុមហ៊ុន Johnson & Johnson’s Janssen ដែលត្រូវការចាក់ចំនួន ១ដូស សម្រាប់មនុស្សម្នាក់។ រដ្ឋាភិបាលកូរ៉េក៏កំពុងព្យាយាមបញ្ចប់ការចរចាបញ្ជាទិញពីក្រុមហ៊ុនអាម៉េរិក Novavax ផងដែរ។

បើតាមផែនការកំណត់ រដ្ឋាភិបាលកូរ៉េខាងត្បូងគ្រោងនឹងអាចចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងនេះ ចាប់ពីខែកុម្ភៈនេះហើយ អាចពាក់កណ្តាល ឬចុងខែកុម្ភៈតែម្តង ដែលបេក្ខភាពនឹងទទួលបានវ៉ាក់សាំងដំបូងគេគឺមន្ត្រីសុខាភិបាលដែលនៅជួរមុខប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដផ្ទាល់។ វ៉ាក់សាំងជើងដំបូងបង្អស់ដែលនឹងមកដល់កូរ៉េខាងត្បូង គឺវ៉ាក់សាំងក្រុមហ៊ុន Pfizer ចំនួន ១១៧,០០០ ដូស តាមរយៈកម្មវិធី COVAX។

អ្នកជំនាញសុខាភិបាលកូរ៉េ កំពុងហ្វឹកហាត់ត្រៀមសាកល្បង សម្រាប់ការរៀបចំទុកដាក់វ៉ាក់សាំង ដែលនឹងមកដល់នាពេលខាងមុខ

 

Leave a Reply

Your email address will not be published. Required fields are marked *