អជ្ញាធរពាក់ព័ន្ធកូរ៉េ រៀបចំហ្វឹកហាត់ត្រៀមទទួលវ៉ាក់សាំងកូវីដ-១៩ តាំងពីចុះពីយន្តហោះ រហូតដឹកជញ្ជូនដល់ទីតាំងចែកចាយ ខណៈវ៉ាក់សាំងដំបូងគ្រោងនឹងដឹកដល់ចុងខែនេះ

កូរ៉េខាងត្បូង៖ កាលពីថ្ងៃពុធម្សិលមិញនេះ លោកប្រធានាធិបតីកូរ៉េខាងត្បូង បានចុះពិនិត្យផ្ទាល់លើសកម្មភាពនៃការហ្វឹកហាត់ត្រៀមសាកល្បងកម្មវិធីផ្តល់វ៉ាក់សាំងកូវីដ-១៩ ដែលអាចនឹងចាប់ផ្តើមក្នុងពេលឆាប់ៗខាងមុខ នៅពេលដែលវ៉ាក់សាំងកូវីដ-១៩ ដំបូងគេបង្អស់ដឹកមកដល់ប្រទេសកូរ៉េខាងត្បូងចុងខែកុម្ភៈ រាយការណ៍ក្នុងសារព័ត៌មាន Yonhap News។

កម្មវិធីហ្វឹកហាត់ត្រៀមសាកល្បងនេះរៀបចំឡើងរយៈពេលបីថ្ងៃមកហើយ តាំងពីថ្ងៃចន្ទដើមសប្តាហ៍មក នៅទីតាំងព្រលានយន្តហោះអន្តរជាតិអ៊ីនឆន់ផ្ទាល់ អាចជាទីតាំងដែលវ៉ាក់សាំងដំបូងពិតប្រាកដនឹងត្រូវដឹកមកដល់ប្រទេសកូរ៉េខាងត្បូង។ កម្មវិធីហ្វឹកហាត់ត្រៀមសាកល្បងនេះ មានការចូលរួមពីសំណាក់អជ្ញាធរសុខាភិបាល កងកម្លាំងពាក់ព័ន្ធនានាគ្រប់ប្រភេទដែលគ្រោងនឹងក្លាយជាប្រតិបត្តិការផ្ទាល់ក្នុងកម្មវិធីចាក់វ៉ាក់សាំងកូវីដនាពេលខាងមុខនេះ។

តាមការលើកឡើងរបស់រដ្ឋាភិបាល កម្មវិធីហ្វឹកហាត់នេះរៀបចំឡើងដើម្បីត្រៀមខ្លួនឱ្យអជ្ញាធរពាក់ព័ន្ធទាំងអស់អាចចូលរួមបំពេញតួនាទីរបស់ខ្លួនសម្រាប់កម្មវិធីផ្តល់វ៉ាក់សាំងមែនទែននាពេលខាងមុខ ឱ្យមានប្រសិទ្ធភាព និងត្រៀមឆ្លើយតបទៅនឹងបញ្ហានានាដែលអាចនឹងកើតមានឡើងក្នុងស្ថានការណ៍ជាក់ស្តែងផងដែរ។

កម្មវិធីហ្វឹកហាត់ត្រៀមសាកល្បងគឺធ្វើត្រាប់ដូចទៅនឹងសកម្មភាពពិតប្រាកដ ដោយរាប់បញ្ចូលតាំងពីការដឹកជញ្ជូនមកដល់នៅព្រលានយន្តហោះ ការរៀបដឹកជញ្ជូនចេញ និងដំណើរការចែកចាយពីកន្លែងស្តុកទុករួមនៅក្នុងទីក្រុងព្យុងតិច ខេត្តឃ្យ៉ុងគី ទៅកាន់មជ្ឈមណ្ឌលផ្តល់វ៉ាក់សាំងនីមួយៗផងដែរ ដែលគេបានយកមន្ទីរពេទ្យជាតិនៅក្នុងទីក្រុងសេអ៊ូល ដើម្បីធ្វើជាគម្រូ។

ក្នុងនោះដែរ ក្រុមអជ្ញាធរជំនាញពាក់ព័ន្ធទាំងអជ្ញាធរសុខាភិបាល និងអជ្ញាធរទទួលបន្ទុកការដឹកជញ្ជូនសុទ្ធតែបានត្រៀមនូវសេណារីយ៉ូផ្សេងៗនៃបញ្ហាដែលអាចនឹងកើនមានឡើងដោយចៃដន្យដល់ទៅ១៥សេណារីយ៉ូ ដើម្បីត្រៀមឆ្លើយតបឱ្យមានប្រសិទ្ធភាព។ ក្នុងនោះមានទាំងការត្រៀមកងកម្លាំងការពារយោធា សម្រាប់ការពារការដឹកជញ្ជូនករណីមានការវាយប្រហារពីពួកភេរវករទៀតផង។

សូមបញ្ជាក់ថា បើតាមការបញ្ជាក់របស់ក្រសួងសុវត្ថិភាពចំណីអាហារ និងឱសថកូរ៉េខាងត្បូង រដ្ឋាភិបាលកូរ៉េបានអនុញ្ញាតឱ្យមានការនាំចូលពិសេសជើងដំបូងបង្អស់នៃវ៉ាក់សាំងកូវីដពីក្រុមហ៊ុន Pfizer រហូតដល់ ១១៧,០០០ដូស តាមរយៈកម្មវិធីផ្តល់វ៉ាក់សាំងរប់សអង្គការសុខភាពពិភពលោក ដែលវ៉ាក់សាំងនេះគ្រោងនឹងដឹកមកដល់ក្នុងអំឡុងខែនេះហើយ។

Leave a Reply

Your email address will not be published. Required fields are marked *