កូរ៉េខាងត្បូង៖ បុរសកូរ៉េខាងត្បូងម្នាក់ ត្រូវបានកាត់ទោសជាប់ពន្ធនាគាររយៈពេលដល់ទៅ២ឆ្នាំនៅថ្ងៃពុធនេះ ដោយជាប់ពាក់ព័ន្ធនឹងបទល្មើសបោកប្រាស់លុយរាប់លានវ៉ុន ពាក់ព័ន្ធនឹងការរកស៊ីទិញ លក់ម៉ាស់ ក្នុងបរិបទនៃជំងឺកូវីដ-១៩ ចាប់ផ្តើមផ្ទុះឡើង រាយការណ៍ក្នុងសារព័ត៌មាន Yonhap News។
តុលាការនៅដេគូ បានចោទប្រកាន់លើជនល្មើសថាបានបន្លំបោកលុយជនរងគ្រោះជាច្រើននាក់ដល់ជាង ២០០លានវ៉ុន (ប្រមាណជិត១៨ម៉ឺនដុល្លារ) ដោយបានបោកបញ្ឆោតថានឹងយកទៅទិញម៉ាស់ ប៉ុន្តែបែរជាយកលុយរបស់ជនរងគ្រោះទៅចាយវាយផ្ទាល់ខ្លួន សងបំណុលគេទៅវិញ។
តាមការបញ្ជាក់របស់តុលាការ ករណីបោកបញ្ឆោតនេះកើតឡើងតាំងពីពេលដែលជំងឺកូវីដផ្ទុះឡើងដំបូងមកម្លេះ ដោយជនល្មើសបានទទួលប្រាក់ជាង ១០៩លានវ៉ុន ពីជនរងគ្រោះថានឹងផ្គត់ផ្គង់ម៉ាស់សន្លឹកផលិតចេញពីរោងចក្រដ៏ធំមួយក្នុងស្រុកឱ្យវិញ ទៅតាមតម្លៃនោះ តែជាក់ស្តែងជនល្មើសមិនបានប្រគល់ម៉ាស់តាមការសន្យាគ្នានោះទេ។
ក្រោយមកទៀត ជនល្មើសបានខ្ចីលុយពីជនរងគ្រោះម្នាក់ទៀតចំនួន ៨៤លានវ៉ុន ដោយបាននិយាយថានឹងយកលុយនោះទៅធ្វើការរកស៊ីនាំចេញម៉ាស់សន្លឹកទៅក្រៅប្រទេស ហើយក្រោយមកទៀតជនរងគ្រោះ២នាក់ទៀត ក៏បានចាញ់បោកអស់៥.២លានវ៉ុន និងម្នាក់ទៀតអស់ជាង៦លានវ៉ុន ដោយជនល្មើសបោកឱ្យចូលរួមវិនិយោគក្នុងការរកស៊ីលក់ម៉ាស់នោះជាមួយគ្នាដែរ។
យោងទៅតាមទម្ងន់ទោស និងប្រវត្តិឧក្រឹដ្ឋរបស់ជនល្មើសកន្លងមក តុលាការសម្រេចថាត្រូវធ្វើការផ្តន្ទទោសឱ្យធ្ងន់ធ្ងរ ដើម្បីបង្ការកុំឱ្យជនល្មើសហ៊ានប្រព្រឹត្តអំពើបោកប្រាស់នេះទៀត។