កម្ពុជា៖ នៅវេលាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េបានប្រកាសបញ្ចប់ការចរចាពាណិជ្ជកម្មសេរី ដែលជាសមិទ្ធផលសម្រេចបានថ្មីមួយទៀតរវាងប្រទេសទាំងពីរលើកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម ហើយគ្រោងនឹងអាចសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់នេះក្នុងអំឡុងឆ្នាំ២០២១ខាងមុខនេះផងដែរ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថារដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរ គឺឯកឧត្តម បា៉ន សូរស័ក្តិ និងលោកជំទាវ Yoo Myung-hee បានប្រកាសរួមគ្នាបញ្ចប់ការចរចាពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង (CKFTA) តាមរយៈប្រព័ន្ធវីដេអូ ដែលដំណើរការចរចានេះជាសមិទ្ធផលដ៏សំខាន់ផ្តួចផ្តើមដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ឯកឧត្តម មូន ជេអ៊ីន មកកាន់ប្រទេសកម្ពុជាកាលពីខែមីនា ឆ្នាំ២០១៩កន្លងមក ហើយដែលបានចាប់ផ្តើមដំណើរការសិក្សារួមគ្នាអំពីកិច្ចព្រមព្រៀងនេះកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
ដំណើរការចរចាកិច្ចព្រមព្រៀងនេះ ត្រូវបានចាប់ផ្តើមជាផ្លូវការកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ កន្លងមក។ តាមរយៈការប្រកាសរបស់ក្រសួងពាណិជ្ជកម្ម កិច្ចព្រមព្រៀង CKFTA នេះ មានគោលបំណងពង្រឹងភាពជាដៃគូសេដ្ឋកិច្ច និងពង្រីកការធ្វើសេរីភាវូបនីយកម្មពាណិជ្ជម្មទ្វេភាគីឱ្យកាន់តែទូលំទូលាយ ហើយប្រទេសទាំងពីរបង្ហាញជំនឿជាក់យ៉ាងមុតមាំថាកិច្ចព្រមព្រៀងនេះ នឹងជួយស្តាសេដ្ឋកិច្ចប្រទេសទាំងពីរឡើងវិញ ក្រោយរងផលប៉ះពាល់ពីបញ្ហាកូវីដ-១៩។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជាបានបង្ហាញក្តីសង្ឃឹមថា បន្ទាប់ពីមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េនេះឡើង នឹងធ្វើឲ្យទំហំពាណិជ្ជកម្ម រវាងប្រទេសទាំង២ នឹងកើនឡើងលើសពេលបច្ចុប្បន្ននេះ ព្រោះពេលមិនទាន់មាន FTA ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ កើនក្នុងចន្លោះ១៥ភាគរយ លើកលែងតែក្នុងឆ្នាំ២០២០នេះ ស្ថិតក្នុងបរិបទនៃជំងឺកូវីដ១៩។
តាមរយៈសេចក្តីប្រកាសព័ត៌មាន កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹងការនាំចេញ នាំចូលរវាងប្រទេសទាំងពីរ ដែលនឹងលើកកម្ពស់ការនាំចេញកម្ពុជាលើផលិតផលដូចជា ផលិតផលសម្លៀកបំពាក់និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿងបន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ និងផលិតផលកសិកម្មជាដើម។ រីឯកូរ៉េខាងត្បូងនឹងអាចនាំចេញបន្ថែមមកកម្ពុជាលើផលិតផលដូចជា យានយន្ត គ្រឿងអេឡិចត្រូនិក សម្ភារៈអគ្គិសនី ភេសជ្ជៈ ឱសថ និងផលិតផលផ្លាស្ទិក។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា បន្ទាប់ពីមាន FTA កម្ពុជានឹងនាំចេញទំនិញជាច្រើនប្រភេទ ទៅកាន់ទីផ្សារប្រទេសកូរ៉េខាងត្បូង ពិសេសការនាំចេញកសិផល, ការកែច្នៃ ដែលមានពន្ធសូន្យ (០)។ ក្នុងនោះដែរ ដំណាំសក្ដានុពលដែលនឹងត្រូវនាំចេញរួមមាន៖ ស្វាយចន្ទី, ម្រេច, កៅស៊ូជាដើម ក្នុងនោះក៏មានការនាំចេញអង្ករ, ដំឡូងមីកែច្នៃផងដែរ។ ការខិតខំប្រឹងប្រែងនេះ គឺដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជាក្លាយខ្លួន ជាប្រទេសឧស្សាហកម្ម មិនមែនត្រឹមតែលក់វត្ថុធាតុដើមនោះឡើយ។
តាមការបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាន កិច្ចព្រមព្រៀងនេះគ្រោងនឹងអាចចុះហត្ថលេខាក្នុងពាក់កណ្តាលឆ្នាំ២០២១ ខាងមុខនេះផងដែរ។
ក្នុងឱកាសនៃការប្រកាសបញ្ចប់ការចរចាពាណិជ្ជកម្មសេរីនេះ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង និងក្រុមការងារស្ថានទូតកម្ពុជាក៏បានចូលរួមជាតំណាងកម្ពុជាផ្ទាល់ ជាមួយនឹងរដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េផងដែរ។