សេអ៊ូល៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ អោយបានជ្រាបថា យោងតាមសេចក្តីប្រកាសរបស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការបន្ថែមថ្មី ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ដូចខាងក្រោម៖
1. គ្រប់អ្នកដំណើរទាំងអស់ដែលធ្វើដំណើរទៅកម្ពុជា ទាំងជនជាតិខ្មែរ និងជនបរទេសទាំងអស់ គឺតម្រូវឲ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាព (Health Certificate) បញ្ជាក់ថាគ្មានមេរោគកូវីដ១៩ ចេញដោយអាជ្ញាធរសុខាភិបាល ដែលទទួលស្គាល់ដោយរដ្ឋាភិបាលនៃប្រទេសនោះក្នុងរយៈពេល ៧២ ម៉ោង។
2. អ្នកដំណើរទាំងអស់ទាំងជនជាតិខ្មែរ និងជនបរទេសដែលធ្វើដំណើរទៅដល់កម្ពុជា គឺត្រូវបញ្ជូនទៅមណ្ឌលរង់ចាំដើម្បីធ្វើតេស្តបញ្ជាក់រកមេរោគកូវីដ១៩ និងរង់ចាំទទួលលទ្ធផល ពីមន្ទីរពិសោធន៍ប៉ាស្ទ័រ។
- ក្នុងករណីមានអ្នកដំណើរណាម្នាក់ ឬច្រើនដែលត្រូវបានរកឃើញមានវិជ្ជមានកូវីដ ១៩ រាល់អ្នកដំណើររួមជាមួយផ្សេងទៀតទាំងអស់តម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ នៅទីតាំងដែលកំណត់ដោយគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។
- ក្នុងករណីអ្នកដំណើរទាំងអស់មានលទ្ធផលបញ្ជាក់ពីមន្ទីរពិសោធន៍ថាអវិជ្ជមានកូវីដ១៩ នោះពួកគាត់ត្រូវបានអនុញ្ញាតឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅតាមផ្ទះរៀងៗខ្លួនក្រោមការត្រួតពិនិត្យពីអាជ្ញាធរមូលដ្ឋាន និងមន្រ្តីសុខាភិបាល ដោយតម្រូវអោយធ្វើតេស្តបញ្ជាក់ម្តងទៀតនៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ជ្រាប និងចូលរួមអនុវត្ត។