អបអរសាទរ! កម្ពុជា និងកូរ៉េខាងត្បូង សម្រេចបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយគ្រោងនឹងចុះហត្ថលេខាក្នុងអំឡុងឆ្នាំ២០២១នេះ

កម្ពុជា៖ ប្រទេសកម្ពុជា និងកូរ៉េខាងត្បូង បានប្រកាសបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលជាលទ្ធផលថ្មីសម្រេចបាន ហើយរំពឹងថានឹងអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់នេះនៅក្នុងអំឡុងឆ្នាំ២០២១នេះ តាមការរាយការណ៍ក្នុងគេហទំព័រក្រសួងព័ត៌មានកម្ពុជា។

កម្មវិធីផ្លូវការប្រកាសអំពីការបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៣ ខែកុម្ភៈ​ ឆ្នាំ២០២១នេះ នៅសណ្ឋាគារសូហ្វីថែល ភូគីត្រាភ្នំពេញ នេះបើតាមការលើកឡើងរបស់ក្រសួងពាណិជ្ជកម្ម ដែលជាតួអង្គចម្បងក្នុងការចរចាឈានដល់សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា កូរ៉េខាងត្បូងនេះ។

រដ្ឋមន្ត្រីពាណិជ្ជកម្មប្រទេសទាំងពីរ ក្នុងការប្រកាសបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ
រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ់េខាងត្បូង ក្នុងការប្រកាសបញ្ចប់ការចរចា FTA តាមអនឡាញ

ការប្រកាសបញ្ចប់ការចរចារនេះ សម្រេចបានក្រោយការចរចាចំនួន ៤ ជុំកន្លងមក ចាប់តាំងពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ។ ឯកឧត្តម ប៉ាន់ សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា​បានបញ្ជាក់ដោយទំនុកចិត្តថា កិច្ចព្រមព្រៀងថ្មីនេះនឹងអាចសម្រេច និងចុះហត្ថលេខាបានក្នុងអំឡុងឆ្នាំ២០២១នេះតែម្តង។

ក្រោយចុះហត្ថលេខា កិច្ចព្រមព្រៀងនេះនឹងក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទីពីររបស់កម្ពុជាដែលសម្រេចបានជាប្រវត្តិសាស្រ្ត ដែលកន្លងទៅក្នុងខែតុលា ឆ្នាំ២០២០ កម្ពុជាបានសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិនផងដែរ។

ឯកឧត្តម វង្ស៊ី វិសុទ្ធ រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច លើកឡើងថា កិច្ចព្រមព្រៀងកម្ពុជា-កូរ៉េខាងត្បូងនេះនឹងបើកច្រកទ្វារទីផ្សាដ៏សំខាន់ថ្មីទៀតសម្រាប់ផលិតផលកម្ពុជា ជាពិសេសក្នុងអំឡុងពេលដ៏លំបាកនៃបរិបទជំងឺកូវីដ-១៩នេះ។ ឯកឧត្តមរដ្ឋមន្ត្រីប្រតភូ បានលើកឡើងទៀតថា តាមរយៈកិច្ចព្រមព្រៀងថ្មីនេះ សក្តានុពលសម្រាប់ទីផ្សារកម្ពុជាមានធំធេងណាស់។


សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងកូរ៉េខាងត្បូងគិតត្រឹមខែធ្នូ ឆ្នាំ២០២០ មានដល់ ៨៨៤លានដុល្លារអាម៉េរិក ថយចុះប្រមាណជាង ១៤% ក្នុងបរិការណ៍នៃជំងឺកូវីដ បើតាមទិន្នន័យរបស់សមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ ខណៈដែលកម្ពុជានាំចេញទំនិញទំហំដល់ ៣១៧ លានដុល្លារ និងនាំចូលទំហំ ៥៦៧លានដុល្លារ។

រូបភាពនៃការចាប់ផ្តើមជាផ្លូវការនៃដំណើរការចរចា FTA កាលពីខែកក្កដា ឆ្នាំ២០២០កន្លងមក
រូបភាពនៃការចាប់ផ្តើមជាផ្លូវការនៃដំណើរការចរចា FTA កាលពីខែកក្កដា ឆ្នាំ២០២០កន្លងមក
រូបភាពនៃការចាប់ផ្តើមជាផ្លូវការនៃដំណើរការចរចា FTA កាលពីខែកក្កដា ឆ្នាំ២០២០កន្លងមក

Leave a Reply

Your email address will not be published. Required fields are marked *