ក្រុមហ៊ុនទូរស័ព្ទធំៗនៅកូរ៉េ គ្រោងផ្តល់គម្រោងវីដេអូខល មិនគិតថ្លៃក្នុងពិធីចូលឆ្នាំចិន ដើម្បីជំរុញការជួបជុំគ្រួសារតាមប្រព័ន្ធអនឡាញវិញ ការពារពីកូវីដ

កូរ៉េខាងត្បូង៖ ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទនៅកូរ៉េខាងត្បូង ទំនងអាចនឹងធ្វើការផ្តល់សេវាកម្មវីដេអូខល (videoconference) មិនគិតថ្លៃសម្រាប់ក្នុងអំឡុងពេលចូលឆ្នាំចិនខាងមុខនេះ បើតាមការបញ្ជាក់របស់ប្រភពនៅក្នុងក្រុមហ៊ុនផ្ទាល់ រាយការណ៍ក្នុងសារព័ត៌មាន Yonhap News។

តាមការរាយការណ៍ឱ្យដឹងថា ក្រសួងវិទ្យាសាស្រ្ត និងសារគមនាគមន៍កូរ៉េ ព្រមទាំងក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទធំៗចំនួនបីរបស់កូរ៉េខាងត្បូងមានក្រុមហ៊ុន SK Telecom Co.​ ក្រុមហ៊ុន KT Corp. និងក្រុមហ៊ុន LG Uplus Corp. បានកំពុងពិចារណាផ្តល់នូវកញ្ចប់សេវាកម្មប្រព័ន្ធវីដេអូខល (videoconference) នេះមិនគិតថ្លៃក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំចិន ពីថ្ងៃទី១១ ដល់១៣ កុម្ភៈខាងមុខនេះ ខណៈដែលហានិភ័យនៃការឆ្លងកូវីដ ដោយសារប្រជាជនត្រូវធ្វើដំណើរទៅជួបជុំគ្រួសារនោះនៅតែមានខ្ពស់នៅឡើយ។

ជាទូទៅ ក្នុងអំឡុងពេលនៃពិធីបុណ្យឈប់សំរាកនេះ ប្រជាជនកូរ៉េតែងតែជួបជុំគ្រួសាររបស់ខ្លួន តែសម្រាប់ឆ្នាំ២០២១នេះមានការអនុវត្តដោយឡែក ដោយសារតែប្រទេសកូរ៉េខាងត្បូងកំពុងបន្តអនុវត្តវិធានការគម្លាតសង្គម និងហាមឃាត់មិនឱ្យមានការជួបជុំឯកជនណាលើសពីគ្នា៤នាក់នោះឡើយ ដែលសម្រាប់ជាការអនុវត្តគឺហាមឃាត់មិនឱ្យមានការជួបជុំគ្រួសារក្នុងទ្រង់ទ្រាយធំសម្រាប់ពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ។

ក្នុងន័យនេះហើយ ទើបបណ្តាក្រុមហ៊ុនប្រតិបត្តិការប្រព័ន្ធទូរស័ព្ទ កំពុងពិចារណាក្នុងការផ្តល់សេវាកម្មវីដេអូខល (videoconference) មិនគិតថ្លៃ ក្នុងអំឡុងពេលពីថ្ងៃទី១១ ដល់១៤កុម្ភៈនេះ ដើម្បីជួយឱ្យក្រុមគ្រួសារអាចជួបជុំតាមប្រព័ន្ធអនឡាញ ដោយមិនចាំបាច់ជួបគ្នាផ្ទាល់ដូចរៀងរាល់ឆ្នាំ។ ក្នុងនោះដែរ ក៏មានវិធានការផ្សេងៗទៀត ដូចជាការបង្កើនកញ្ចប់សេវាកម្មទូរស័ព្ទសម្រាប់បណ្តាម្ចាស់អាជីវកម្មនានាដែលរងការប៉ះពាល់ដោយឥទ្ធិពលនៃជំងឺកូវីដផងដែរ។

រដ្ឋាភិបាលកូរ៉េក៏បានបន្តជំរុញឱ្យក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទនានាចូលរួមជាមួយរដ្ឋាភិបាលក្នុងការជួយឆ្លើយតបទៅនឹងផលប៉ះពាល់បណ្តាលពីកូវីដនេះ ដែលការសម្រួលផ្តល់សេវាកម្មថ្មីនេះ អាចជាការចូលរួមបានមួយចំណែកផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃអាទិត្យកន្លងទៅ រដ្ឋាភិបាលកូរ៉េបានដាក់ចេញវិធានការបន្តអនុវត្តវិធានការគម្លាតសង្គមដែលមានស្រាប់នានា សម្រាប់រយៈពេលពីរសប្តាហ៍ទៀត រហូតដល់ផុតអំឡុងពេលនៃបុណ្យចូលឆ្នាំចិននេះឯង។

Leave a Reply

Your email address will not be published. Required fields are marked *