ឯកអគ្គរាជទូតកម្ពុជា ជួបពិភាក្សាជាមួយតំណាងសាលាក្រុងអ៊ីនឆន់ លើការពង្រឹងទំនាក់ទំនងមេត្រីភាពឡើងវិញរវាងក្រុងភ្នំពេញ និងអ៊ីនឆន់

កូរ៉េខាងត្បូង៖ លោកឯកអគ្គរាជទូត ឡុង ឌីម៉ង់ និងក្រុមការងារស្ថានទូតបានជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក Jehak Jang ឯកអគ្គរដ្ឋទូត ទំនាក់ទំនងអន្តរជាតិ (Ambassador for International Relation) នៃសាលាក្រុងអ៊ីនឆន់ ប្រទេសកូរ៉េ កាលពីរសៀលថ្ងៃអង្គារទី០២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បើតាមការបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់លោកឯកអគ្គរាជទូតផ្ទាល់។

ជំនួបសំដែងការគួរសមនេះធ្វើឡើងដើម្បីពង្រឹង និងផ្សារភ្ជាប់ទំនាក់ទំនងទីក្រុងសម្ព័ន្ធមេត្រីភាពរវាងសាលារាជធានីភ្នំពេញ និងទីក្រុងអ៊ីនឆន់ឡើងវិញ បន្ទាប់ពីមានត្រឹមសកម្មភាពតិចតួចប៉ុណ្ណោះនាពេលកន្លងមក។ ទំនាក់ទំនងទីក្រុងសម្ព័ន្ធមេត្រីភាពសំដៅផ្តល់អាទិភាពដល់ការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល បណ្តុះបណ្តាលធនធានមនុស្ស-អប់រំ សុវត្ថិភាព និង ពាណិជ្ជកម្ម…។ល។ សម្រាប់ជាប្រយោជន៍របស់ប្រជាជននៃទីក្រុងទាំង២ បន្ទាប់ពីស្ថានភាពកូវីដ-១៩ បានល្អប្រសើរ។

ក្នុងនោះដែរ ស្ថានទូតកម្ពុជាក៏បានស្នើសុំជំនួយជារថយន្តពន្លត់អគ្គីភ័យជូនដល់សាលារាជធានីភ្នំពេញផងដែរ។

សូមជម្រាបជូនថា រាជធានីភ្នំពេញមានសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងអ៊ីនឆន់ និងក្រុងប៊ូសាន ហើយលោកឯកអគ្គរាជទូតបានបញ្ជាក់ថាទំនាក់ទំនងនេះ ក៏ជាមោទនភាពសម្រាប់រូបលោក ដែលកន្លងមកបានចូលរួមកសាង និងផ្ចុងផ្ដើមក្រុងសម្ព័ន្ធភាពទាំងនេះ កាលពីនៅបម្រើការងារជាមន្ត្រីនៅសាលារាជធានីភ្នំពេញកន្លងមក។

 

Leave a Reply

Your email address will not be published. Required fields are marked *