កម្ពុជា និងកូរ៉េខាងត្បូង ចុះអនុស្សរណៈលើការបញ្ជូនពលករទៅកូរ៉េ លើកទី៦ ហើយក្រោយកូវីដធូរស្រាល កម្ពុជានឹងជាប្រទេសអាទិភាពបញ្ជូនពលករទៅកូរ៉េ

កម្ពុជា៖ ថ្ងៃនេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការងារ និងមុខរបរ នៃសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខាបន្តអនុស្សរណយោគយល់គ្នា ស្តីពីការបញ្ជូនពលករទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េ ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ (EPS) លើកទី៦ បើតាមការបង្ហោះក្នុងគណនីហ្វេសប៊ុករបស់ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារផ្ទាល់។

រូបភាពពលករខ្មែរយើងនៅក្នុងប្រទេសកូរ៉េខាងត្បូង នាពេលកន្លងមក
រូបភាពពលករខ្មែរយើងនៅក្នុងប្រទេសកូរ៉េខាងត្បូង នាពេលកន្លងមក

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ពីសាវតានៃការបញ្ជូនពលករកម្ពុជាទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ (EPS) គឺកើតឡើងតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់ ដែលបានចុះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម Roh Moo-Hyun អតីតប្រធានាធិបតីនៃសាធាណរដ្ឋកូរ៉េ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០០៦ ដែលក្នុងនោះមានគណៈកម្មាធិការបណ្តុះបណ្តាលនិងបញ្ជូនពលករទៅបរទេស នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជា និងអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួងមុខរបរនិងការងារនៃសាធារណរដ្ឋកូរ៉េ ជាប្រតិបត្តិករ។

តាមទិន្នន័យផ្លូវការ គិតចាប់ពីឆ្នាំ២០០៧មក កម្ពុជាបានបញ្ជូនពលករសរុបចំនួន ៦៨ ២៩៤នាក់ (ស្រី ១៤ ២៥៥នាក់) ក្នុង វិស័យឧស្សាហកម្ម កសិកម្ម និងសំណង់ ដែលអាណត្តិការងារមានរយៈពេល ៤ឆ្នាំ ១០ខែ។ បច្ចុប្បន្ន ពលករកម្ពុជាដែលកំពុងបម្រើការងារនៅសាធារណរដ្ឋកូរ៉េ មានចំនួនប្រមាណ ៤៥ ៤៦២នាក់ (ស្រី ១០ ១៨៣នាក់)។

ឯកឧត្តមបានបញ្ជាក់ថា ចាប់តាំងពីចាប់ផ្តើមនៃការបញ្ជូនមក កម្ពុជាតែងតែជាប់ចំណាប់ថ្នាក់ល្អជាប្រទេសបញ្ជូន និងតាមរយៈការពិភាក្សារវាងភាគីកម្ពុជា-កូរ៉េ បន្ទាប់ពីស្ថានភាពកូវីដ-១៩នៅសាធារណរដ្ឋកូរ៉េមានភាពធូរស្រាល ដែលអាចទទួលយកកម្លាំងពលកម្មបរទេសបាន កម្ពុជារំពឹងថានឹងក្លាយជាប្រទេសអាទិភាពក្នុងការបញ្ជូន ដោយសារកម្ពុជាមានស្ថានភាពកូវីដ-១៩ល្អប្រសើរ មានជើងហោះហើរច្រើន និងអត្រាពលករកម្ពុជាខុសច្បាប់មានកំរិតទាប បើធៀបជាមួយប្រទេសបញ្ជូនផ្សេងទៀត។

Leave a Reply

Your email address will not be published. Required fields are marked *