សេអ៊ូល៖ ចាប់ពីឆ្នាំ ២០២២ ទៅ កូរ៉េខាងត្បូងនឹងដាក់ឱ្យប្រើប្រាស់នូវការអនុវត្តថ្មី ដែលជម្រុញឱ្យប្រើប្រាស់ឡើងវិញនូវកំប៉ុងផ្លាស្ទិកតាមហាងកាហ្វេ ឬភោជនីយដ្ឋានទូទៅ។
ការអនុវត្តថ្មីនេះជាយន្តការដើម្បីចូលរួមកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក និងការបំភាយកាបូនទៅក្នុងបរិយាកាស។ យន្តការថ្មីនេះនឹងតម្រូវឱ្យហាងកាហ្វេ និងភោជនីយដ្ឋានទូទៅ ដាក់តម្លៃបន្ថែម ឬអាចហៅថាប្រាក់បញ្ញើលើមុខម្ហូប ឬភេសជ្ជៈដែលមានប្រើប្រាស់កែវផ្លាស្ទិក ហើយនៅពេលដែលភ្ញៀវយកកែវផ្លាស្ទិកដែលបានប្រើប្រាស់រួចនោះ មកប្រើម្តងទៀតនៅក្នុងហាងនោះ ភ្ញៀវនោះនឹងទទួលបានប្រាក់កក់នោះវិញ។
ក្រសួងបរិស្ថានកូរ៉េរំពឹងថាគោលនយោបាយថ្មីនេះ នឹងជួយកាត់បន្ថយបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសរហូតដល់ ៦៦ ភាគរយ ដោយជម្រុញនូវការប្រើប្រាស់ឡើងវិញ និងកាត់បន្ថយកាកសំណល់ និងចំណាយលើការដុតចោលកាកសំណល់ផងដែរ។ ផលប្រយោជន៍សេដ្ឋកិច្ចដែលរំពឹងនឹងទទួលបាន អាចមានទំហំដល់ ៤៤.៥ ប៊ីលានវ៉ុន ឬ ៣៦ លានដុល្លារ ប្រចាំឆ្នាំ។
តម្លៃបន្ថែម ឬប្រាក់បញ្ញើសម្រាប់កែវផ្លាស្ទិកនេះ នឹងត្រូវកំណត់ដោយក្រសួងបរិស្ថាន ដោយផ្អែកលើតម្លៃផលិតកម្មជាក់ស្តែង។
សេចក្តីព្រាងច្បាប់នេះត្រូវបានយល់ព្រមក្នុងសម័យប្រជុំរដ្ឋសភាកូរ៉េពីថ្ងៃទី ២០ ឧសភា ២០២០ ហើយរំពឹងថានឹងអាចចូលជាធរមានក្នុងចន្លោះពី ៦ខែ ទៅ ២ឆ្នាំ។